គណបក្សសង្គ្រោះជាតិ អះអាងសាជាថ្មីម្ដងទៀត អំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកផ្លូវឲ្យមាននូវដំណើរការកិច្ចសន្ទនាថ្នាក់ជាតិមួយ ជាមួយនឹងរបបលោក ហ៊ុន សែន ក្នុងគោលបំណងដើម្បីបញ្ចៀសនូវការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចណាមួយពីសំណាក់សហភាពអឺរ៉ុប ដែលអាចនឹងធ្វើឡើងនាខែមីនា ខាងមុខនេះ។
គណបក្សសង្គ្រោះជាតិ លើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយថ្ងៃទី២៧ កុម្ភៈ នេះថា ការបើកឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិនេះ គឺដើម្បីស្តាឡើងវិញនូវប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ និងមានតំណាងពហុភាគី ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ គណបក្សសង្គ្រោះជាតិ ស្នើឲ្យអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប រដ្ឋសមាជិក និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដទៃទៀត ចូលរួមធ្វើជាសាក្សី និងជាផ្នែកមួយនៃកិច្ចសន្ទនាថ្នាក់ជាតិនោះ ប្រសិនបើរបបលោក ហ៊ុន សែន យល់ព្រមបើកឲ្យមានកិច្ចសន្ទនានេះ។
ការអះអាងអំពីការត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាថ្នាក់ជាតិនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីក្រុមប្រឹក្សាសហភាពអឺរ៉ុប បានព្រមានថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើរបបលោក ហ៊ុន សែន នោះឡើយ ប្រសិនបើរបបនេះនៅតែរឹងទទឹងមិនព្រមស្តាស្ថានការណ៍អាក្រក់នៃការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ទៅរកភាពប្រក្រតីឡើងវិញនោះទេ។ គណបក្សសង្គ្រោះជាតិថា ការព្រមាននេះ គឺជាសញ្ញាប្រកាសអាសន្នមួយ ដែលរបបក្រុងភ្នំពេញ ត្រូវតែពិចារណា ដើម្បីងាកមករកការគោរពតាមលក្ខខណ្ឌ កិច្ចព្រមព្រៀងស្ដីពី ជំនួញពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដែលតម្រូវឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។
គណបក្សសង្គ្រោះជាតិ ស្វាគមន៍សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលជាគណៈរដ្ឋមន្ត្រីតំណាងឲ្យប្រទេសអឺរ៉ុបចំនួន ២៨ ស្ដីពីបញ្ហាកម្ពុជា ដែលសេចក្ដីសម្រេចនេះ បានរំឭកអំពីការជាប់កាតព្វកិច្ចផ្លូវច្បាប់ចំពោះគ្រប់ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
