គណបក្ស​សង្គ្រោះ​ជាតិ អះអាង​អំពី​ការ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ក្នុង​ឆ្នាំ២០១៩

ដោយ មួង ណារ៉េត
2019-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ជួបជុំ​គ្នា​នៅ​​ប្រទេស​ថៃ ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ជួបជុំ​គ្នា​នៅ​​ប្រទេស​ថៃ ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក ជីម ផាត

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ដោយ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា រហូត​ដល់​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ពុក​រលួយ​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា ជោគជ័យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ជា​ជោគជ័យ​ក្លែង​ក្លាយ​ទៅ​វិញ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​ធ្វើ​ការងារ​ការទូត​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា អ្នក​ទោស​នយោបាយ​ទាំង​អស់ និង​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។

ការ​បង្ហាញ​សន្ទុះ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ២០១៩ និង​ផែនការ​បន្ត​សម្រាប់ ២០២០ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក៏​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​បង្ហោះ​ចែក​ចាយ​តាម​ហ្វេសប៊ុក​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែរ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រយ៍​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ដែល​មាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​នេះ​ដឹក​នាំ​កិច្ច​ប្រជុំ។

គណបក្ស​នេះ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស ពលករ​នៅ​ប្រទេស​ថៃ និង​កូរ៉េ​ខាង​ត្បូង ដែល​មាន​ឆន្ទៈ​មោះមុត​តស៊ូ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ជោគជ័យ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នេះ គឺ​ជា​ជោគជ័យ​បញ្ច្រាស​ខ្យល់ ឬ​ជា​ជោគជ័យ​ក្លែងក្លាយ​ប៉ុណ្ណោះ។ ទាក់ទង​ការ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​មនុស្ស​ជំនិត​លោក ហ៊ុន សែន លោក សុខ ឥសាន យល់​ថា ក្រុម​លោក សម រង្ស៊ី តែងតែ​អង្គុយ​រង់ចាំ​លទ្ធផល ហើយ​យក​លទ្ធផល​នោះ​មក​ធ្វើ​ជា​របស់​ខ្លួន៖ «ក្រុម​ហ្នឹង​វា​ចាំ​តែ​រើស​យក​ផល​ស្រាប់ ហើយ​យក​មក​​ផ្សា​ភ្ជាប់​នឹង​ជោគជ័យ​ខ្លួន​ឯង។ ឥឡូវ​នេះ គាត់​អត់ដឹង​​ថា​ គាត់​មើល​ងាយ​ចៅហ្វាយ​របស់​គាត់​ទេ។ រឿង​អាមេរិក​ដាក់​ទណ្ឌកម្ម​ជា​រឿង​អាមេរិក ម៉េច​គាត់​ថា ជោគជ័យ​របស់​គាត់? អ៊ីចឹង​មាន​តែ​អាមេរិក​ស្ដាប់​បង្គាប់​គាត់?!»

រីឯ​អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​ត្រូវ​បាន​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​សង្កេត​ឃើញ​ថា កិច្ចការ​ការ​ទូត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​ទៀត គឺ​ប្រធាន​គណបក្ស​នេះ ​លោក កឹម សុខា បាន​លះ​បង់​ខ្លាំង​ដោយ​ហ៊ាន​ប្រឈម​មុខ​នឹង​វិធានការ​នានា របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អ្នក​វិភាគ​រូប​នេះ​លើក​ឡើង​ទៀត​ថា អ្វី​ដែល​គណបក្ស​ត្រូវ​ធ្វើ​បន្ត​ទៀត គឺ​ការ​បង្រួបបង្រួម​គ្នា​របស់​គណបក្ស​នេះ​ដោយ​មិន​មាន​ការ​បែងចែក​ជា​ក្រុម​អ្នក​នេះ​ក្រុម​អ្នក​នោះ៖ «ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​អន្តរជាតិ​កាត់​តែ​មាន​សន្ទុះ​ក្នុង​ការ​ប្រឹងប្រែង​ឲ្យ​ចេញ​ផល​ជា​វិជ្ជមាន​ទាល់​តែ​សង្គ្រោះ​ជាតិ​រួបរួម​កម្លាំង​គ្នា​ក្នុង​ស្មារតី​ធ្វើ​ការងារ​ជាមួយ​គ្នា»

អាស៊ី​សេរី​មិន​ទាន់​អាច​ស៊ី​ការ​បញ្ជាក់​ពី​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ពី​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និង​មន្ត្រី​ផ្សេង​ទៀត ដែល​ចូលរួម​ក្នុងកិច្ចប្រជុំ​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ​នេះ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ស្ថាបនិក​ទូរទស្សន៍​ព្រះអាទិត្យ គឺ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក សម រង្ស៊ី លើក​ឡើង​ថា វិធានការ​របស់​សហគមន៍​អន្តរជាតិ ដែល​ដាក់​ទណ្ឌ​លើ​មន្ត្រី​ស្និទ្ធ របស់​លោក ហ៊ុន សែន នឹង​ធ្វើ​ឲ្យ​បែក​បាក់​ផ្ទៃ​ក្នុង​នៃ​គណបក្ស​នេះ ឬ​ហៅ​ម៉្យាង​ទៀត​ថា ពាល​ស៊ី​ពាល៖ «បន្តិច​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា​គេ​ឈ្លោះ​គ្នា​ហើយ ​ពាល​ស៊ី​ពាល​ហើយ ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ហ្នឹង គឺ​ថា ជំរុញ​ដល់​ដំណាក់​កាល​ពាល​ស៊ី​ពាល»

លោក ​សម រង្ស៊ី មាន​ជំនឿ​ថា នៅ​ដើម​ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ ដោយសារ​តែ​កម្ពុជា​រង​នូវ​សម្ពាធ​ធំៗ មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ប្រឈម​មុខ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក រួម​នឹង​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ពុក​រលួយ និង​រំលោភ​សិទ្ធិ​មនុស្ស ដែល​នៅ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល