គណបក្ស​ប្រឆាំង​ទាមទារ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ចេញ​មុខ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះ​សីហនុ

0:00 / 0:00

គណបក្ស​ សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ចេញ​មុខ​ទទួល​ខុស​ត្រូវ ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​សម្លាប់ និង​រង​របួស​ជា​ច្រើន​នាក់។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​ចន្ទ ទី២៤ មិថុនា​នេះ បាន​ថ្កោលទោស ចំពោះ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ដែល​មាន​ការ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គ្រប់គ្រង ត្រួត​ពិនិត្យ និង​ការ​សាង​សង់​សំណង់​អគារ​គ្មាន​គុណភាព ព្រម​ទាំង​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់​តាម​ច្បាប់។

គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ចាត់​វិធាន​ការ​ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ ជាពិសេស អគារ​សំណង់​ទាំង​អស់​របស់​ជន​ជាតិ​ចិន ឬ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា។

មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ទាំង​ពីរ ​គឺ​លោក​ កឹម សុខា​ និង​លោក សម រង្ស៊ី​ ក៏​បាន​ថ្លែង​សារ​ចូល​រួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ និង​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​កម្ពស់ ៧ជាន់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី​ បាន​ស្ដី​បន្ទោស​ថា ហេតុការណ៍​នេះ​ គឺ​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ​ ការ​ព្រងើយ​កន្តើយ​លើ​ការ​អនុវត្ត​ច្បាប់​ មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បច្ចេកទេស និង​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​យើង​សព្វថ្ងៃ។ នេះ​គ្រាន់​តែ​ជា​សញ្ញា​មួយ​ ដែល​យើង​ទើប​តែ​មើល​ឃើញ​ទាំង​អស់​គ្នា។

លោក សម រង្ស៊ី បញ្ជាក់​ថា​ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មនុស្ស​ខិលខូច ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ ឲ្យ​តែ​មាន​លុយ ហើយ​ថា របប​ពុក​រលួយ​ដឹក​នាំ​ដោយ ហ៊ុន សែន គឺ​ជា​គ្រោះថ្នាក់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទេ​ ដោយ​សារ​តែ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។