តើ​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឬ​យ៉ាង​ណា?

ប្រទេស​កម្ពុជា ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹក​នាំ​ប្រទេស គឺ​នៅ​ក្នុង​របប​ដឹក​នាំ​សម័យ​សង្គម​រាស្ត្រ​និយម ដែល​លោក​នាយក​រដ្ឋមន្ត្រី លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ទសវត្ស​ឆ្នាំ​១៩៧០។
ដោយ ទីន ហ្សាការីយ៉ា
2013.12.25
បាតុករ សង្គ្រោះ​ជាតិ ៦១០ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​ទៅ​កាន់​បាតុករ​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

តើ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ ជា​ការ​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​តួនាទី​ពិត​មែន​ឬ​យ៉ាង​ណា?

សន្ទុះ​មហា​ជន​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះ។

ការ​ធ្វើ​បាតុកម្ម​នេះ បាន​លាន់​ឮ​សំឡេង​សុំ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ទៅ លោក ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​ពេល​ហែ​ក្បួន​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ។

«សំឡេង​ស្រែក»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​ញត្តិ​គាំទ្រ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ដែល​លោក​បាន​បដិសេធ​ចំពោះ​ក្រុម​បាតុករ​ថា លោក​មិន​លាលែង​ពី​តួនាទី​នោះ។ ហើយ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​សកម្មភាព​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ លោក ហ៊ុន សែន ដោយសារ​គណបក្ស​នេះ​បាន​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះ។

នៅ​ក្នុង​ញត្តិ​ដែល​ចុះ​ហត្ថលេខា​ចំនួន ៥៤​រូប របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ នោះ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ជា​រឿង​ខុស​ច្បាប់ និង​ជា​សកម្មភាព​គ្មាន​សីលធម៌។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ និង​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ឡើយ។

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ជា​ទង្វើ​ស្រប​ច្បាប់ ដែល​មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មែន​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទេ ពីព្រោះ​ថា ការ​ធ្វើ​រដ្ឋ​ប្រហារ​លុះត្រា​ណា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​ត​ទល់​ជាមួយ​កង​កម្លាំង​របស់​រដ្ឋាភិបាល។

«សំឡេង»

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​គណបក្ស​ប្រឆាំង​នេះ មិន​មែន​អាច​ឲ្យ​កម្ពុជា វិល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​នា​សម័យ​សង្គម​រាស្ត្រ​និយម ដែល លោក​សេនា​ប្រមុខ លន់ នល់ បាន​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ ព្រះករុណា​សម្ដេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។

សម្រាប់​ស្ថានការណ៍​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អ្នក​ច្បាប់​បាន​លើក​ឡើង​ថា មិន​មែន​ជា​សកម្មភាព​ធ្វើ​ឲ្យ​កម្ពុជា វិល​មក​រក​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​នោះ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​ជា​ចលនា​មហា​ជន​ក្នុង​ការ​ប្រើប្រាស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​ពិត​ប្រាកដ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឧទាហរណ៍​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នោះ គឺ​ការ​ធ្វើ​រដ្ឋ​ប្រហារ​កើត​ចេញ​ពី​កងទ័ព ដែល​ភាគី​ទាំង​សង​ខាង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឲ្យ​អធម្មនុញ្ញ​ភាព ពីព្រោះ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ធ្វើ​បាតុកម្ម គឺ​បាតុករ​មាន​សិទ្ធិ​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ មិន​មែន​ធ្វើ​សកម្មភាព​ដូច​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​នេះ​ទេ។

«សំឡេង»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ត្រូវ​បាន​អ្នក​វិភាគ​អះអាង​ថា កើត​ចេញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​បញ្ហា​វិបត្តិ​សង្គម​ជាច្រើន​កើត​មាន​នៅ​ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដីធ្លី ភាព​ឥត​ការងារ​ធ្វើ ប្រាក់​ខែ​របស់​កម្មករ មន្ត្រី​រាជការ​ចាយ​មិន​គ្រប់ ហើយ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ជាដើម។

នៅ​ថ្ងៃ​ទី​២៥ ធ្នូ ដែល​ជា​ថ្ងៃ​ទី​១១ នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មាន​កម្មករ​រោងចក្រ​ជាច្រើន​ម៉ឺន​នាក់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម និង​ហែ​ក្បួន​តាម​ផ្លូវ ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​ចុះ​ចេញ​ពី​តំណែង​ក្ដី។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ព្រមាន​ចំពោះ​ការ​ធ្វើ​បាតុកម្ម និង​បាត​ដៃ​ទី​បី​ក្នុង​ការ​ទប់​ទល់​ក៏ដោយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ពន្យល់​ថា ការ​ព្រមាន​របស់ លោក ហ៊ុន សែន ចំពោះ​ការ​ប្រើប្រាស់​បាត​ដៃ​ទី​បី​នេះ មិន​មែន​យក​បន្លា​ជួស​បន្លា​ទេ តែ​លោក​បារម្ភ​ថា​នឹង​មាន​ក្រុម​ណា​មួយ​មក​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ការពារ​បាតុកម្ម ហើយ​រដ្ឋាភិបាល​យក​បញ្ហា​នេះ​ជា​លេស ដើម្បី​បញ្ជា​ឲ្យ​បង្ក្រាប​ក្រុម​បាតុករ។

«សំឡេង»

មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មាន​តួនាទី​អនុវត្ត​ច្បាប់ ការពារ​ក្រុម​បាតុករ និង​ការពារ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា កង​កម្លាំង​សមត្ថកិច្ច​មិន​បង្ក្រាប​បាតុករ​ទេ ដរាប​ណា​បាតុករ​មិន​បង្ក​អសន្តិសុខ​សង្គម។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​ច្បាប់ និង​អ្នក​វិភាគ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​កើត​ឡើង នៅ​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ធ្នូ នេះ ពីព្រោះ​កម្ពុជា មាន​បទ​ពិសោធន៍​នេះ​ស្រាប់ នៅ​ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​នៅ​ក្រៅ​ប្រទេស ហើយ​សកម្មភាព​បង្ក្រាប​បាតុករ​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​មនុស្ស​របួស និង​ស្លាប់​ជាច្រើន​នាក់។

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ស្ថានភាព​នយោបាយ​តឹងតែង​បែប​នេះ មិន​មាន​ន័យ​ថា គ្មាន​ដំណោះស្រាយ​នយោបាយ​នោះ​ទេ។ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បាន​ផ្ដល់​អនុសាសន៍​ចំនួន ៤​ចំណុច រួម​មាន ទី​១ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ក្នុង​ការ​កោះ​ហៅ​អ្នក​ជំនាញ​មក​ដោះស្រាយ​ទំនាស់​វិបត្តិ​នយោបាយ និង​ផ្ដល់​អនុសាសន៍​ឲ្យ​គណបក្ស​ទាំង​ពីរ។ ទី​២ គណបក្ស​ទាំង​ពីរ​ធ្វើ​សំណើ​ទៅ​អង្គការ​សហប្រជាជាតិ ធ្វើ​ការ​សម្របសម្រួល ឬ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ទី​៣ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស វិល​ទៅ​កាន់​តុ​ចរចា​បន្ត និង​ទី​៤ អ្នក​នយោបាយ​គិត​ថា​ស្រឡាញ់​ប្រជាពលរដ្ឋ និង​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​មែន​នោះ គឺ​ត្រូវ​ធ្វើ​ប្រជា​មតិ​ប្រជាពលរដ្ឋ ហើយ​គោរព​ទៅ​តាម​មតិ​ភាគ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។