គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ មករា នេះ បានប្រកាសបដិសេធមិនទទួលស្គាល់ចំណាត់ការរបស់តុលាការ នៃរបបក្រុងភ្នំពេញដែលកំពុងបើកសវនាការកាត់ទោស លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬត្រូវរ៉ូវគ្នាជាមួយបរទេស។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកសវនាការនេះថា ជាឆាកល្ខោននយោបាយដែលរៀបចំឡើងដោយរបបក្រុងភ្នំពេញ ជាលេសដើម្បីបិទបាំងកំហុសដែលបានរំលាយគណបក្សសង្គ្រោះជាតិកន្លងមក។
សេចក្ដីថ្លែងការណ៍គណបក្សប្រឆាំងបន្តទៀតថា គណបក្សប្រឆាំងដែលមានសំឡេងគាំទ្រជាងពាក់កណ្ដាលប្រទេសរូបនេះ ទាមទារឱ្យតុលាការនៃរបបក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងមកលើលោក កឹម សុខា ព្រមទាំងផ្ដល់សិទ្ធិសេរីភាពពេញលេញជូន លោក កឹម សុខា ដោយឥតលក្ខខណ្ឌ ហើយលោក ហ៊ុន សែន ត្រូវអនុវត្តសំណើដ៏ត្រឹមត្រូវ របស់សហភាពអឺរ៉ុប និង សហគមន៍អន្តរជាតិ ស្របតាមការអំពាវនាវរបស់ក្រុមកម្មករ-កម្មការីខ្មែរ កាលពីថ្ងទី២២ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរក្សាឱ្យបាននូវប្រព័ន្ធអនុគ្រោះ ពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។
អាស៊ីសេរីមិនអាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោកមិនធ្វើអត្ថាធិប្បាយលើសំណុំរឿងនេះទេ ដើម្បីចៀសវាងកុំឱ្យមានការចោទប្រកាន់ថា ស្ថាប័ននីតិប្រតិបត្តិ ជ្រៀតជ្រែកក្នុងស្ថាប័នតុលាការ៖ «ពីព្រោះអី សុំសុំរឿងកំពុងស្ថិតក្នុងពេលសវនាការ។ អ៊ីចឹងបើចង់ដឹងពីសំណុំរឿងសុំទាក់ទងទៅមេធាវី នៃគូភាគី អ្នកនាំពាក្យដំណាងស្ថាប័ននីតិប្រតិបត្តិមិនអាចអត្ថាធិប្បាយទៅលើហ្នឹងបានទេ។ សូមអធ្យាស្រ័យ !»។
ការប្រកាសមិនទទួលស្គាល់របស់បក្សប្រឆាំងនេះបានកើតមានឡើងស្របពេលដែលតុលាការក្រុងភ្នំពេញកំពុងបើកសវនាការជំនុំជម្រះលោក កឹម សុខា ពីបទក្បត់ជាតិឈានចូលដល់ថ្ងៃទីពីរ។ សវនាការរយៈពេលពីរថ្ងៃ កន្លងមកនេះមិនអនុញ្ញាតឱ្យអ្នកអង្កេតការជាតិ-អន្តរជាតិ និងអ្នកកាសែត បានចូលរួមទេ គឺអនុញ្ញាតតែមន្ត្រីទូតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
