"ការ​សុំ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន"

ដោយ ម៉ៅ សុធានី
2020-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្សប្រឆាំង​យល់​ឃើញ​ថា ការ​ចាក​ចេញ ដើម្បី​ស្នើសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជា​សិទ្ធ​សេរីភាព​របស់​ពួកគេ ប៉ុន្តែ​ទង្វើ​នេះ មិន​​អាច​បញ្ចប់​បញ្ហា​ជាប់​គាំង​នយោបាយ​បាន​នោះ​​ទេ​។ ពួកគេ​ចាត់ទុកថា ការ​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​​ចំនួន​តូច ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​ពួកគេ​ទៅវិញ​ទេ។

ពលរដ្ឋ​ខេត្ត​តាកែវ លោក ញិល ភាព លើកឡើង​ថា ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប​ចុង​ក្រោយនេះ បណ្ដាល​ឲ្យ​ពួកគេ​បរាជ័យ​ក្នុង​អាជីព​នយោបាយ ដែល​ចង់បាន​អំណាច ដើម្បី​មហិច្ឆតា​របស់​ខ្លួន​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​គណបក្ស​ណា​ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​នោះ​ទេ៖ «ក្នុង​នាម​ប្រជាពលរដ្ឋ ទោះបី​សម័យ​នេះ យើង​ដឹង​ហើយ​នៅ​ក្នុង​សង្គម​យើង​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព មិន​ឲ្យ​ជួប​ប្រជុំ មិន​ឲ្យ​សម្ដែង​មតិ​និយាយ​អំពី​បញ្ហា​ព្រំដែន​ផ្សេងៗ​ហ្នឹង មានការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្រើប្រាស់​អី​គ្រប់​រូបភាព​ហ្នឹង ទោះបី​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​មែន ប៉ុន្តែ​នៅ​ក្នុង​បេះដូង​របស់​គេ គេ​គិត​ថា អ្នក​ដែល​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មិនមែន​​ជា​មនុស្ស​ដែល​ល្អ​ទេ​។ ហើយ​បើ​មក​បើក​ធ្វើ​គណបក្ស​នយោបាយ​ថ្មី​ហ្នឹង ក៏​គ្មាន​សំឡេង​អី​ដែល​គាំទ្រ​ទៅលើ​បុគ្គល​ទាំងអស់​ហ្នឹង​ទេ»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ដោយសារតែ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​នាក់​ដែល​រួមមាន លោក សុន ឆ័យ លោក វ៉ា សាម៉ុន និង​លោក តាវ គឹមឈន ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​ធ្វើ​នយោបាយ​ក្នុង​ចំណោម មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​១១៨​នាក់ បាន​សម្រេច​ចិត្ត​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ស្នើសុំ​លើក​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​ផ្ដល់​នីតិសម្បទា​ឡើងវិញ​។ មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា ពួកគេ​ពិតជា​ដាក់ពាក្យ​ស្នើសុំ​មែន ហើយ​ក្រសួង​កំពុង​ពិនិត្យ​មើល។

ចំណែក តំណាង​សហគមន៍ ខេត្ត​ព្រះសីហនុ លោក ទុន សុផាត ឲ្យ​ដឹង​ថា លោក​គ្មាន​ជំនឿ​ថា គណបក្ស​នយោបាយ​ផ្សេង​ទៀត អាច​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ដែល​ចាក់ស្រេះ​ជា​យូរ​មក​ហើយ​នេះ​បានទេ និង​ស្ដារ​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​បានទេ ទោះបី​អ្នក​ទាំង​បី​នាក់​នេះ ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​ក៏ដោយ៖ «ខ្ញុំ​យល់​ថា បើ​ទោះ​បី​ជា​មាន​បក្ស​ប៉ុន្មាន​ក៏ដោយ តែ​បើ​បក្ស​ទាំងអស់​នោះ​មិន​ធ្វើ​នយោបាយ​មួយ ដើម្បី​កំណើន​ឲ្យ​ចំណេញ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ទេ ទោះបីជា​សុំ​ជ្រកកោន​ប៉ុន្មាន​បក្ស​ទៀត ក៏​នៅតែ​វា​អត់​មាន​លទ្ធផល​អី​ដែល​ល្អ​សម្រាប់​ពលរដ្ឋ»

បន្ថែម​លើ​នេះ អនុប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក ស៊ុម សីហា បញ្ជាក់​ថា ប្រសិនបើ​អ្នក​ទាំង​បី​នាក់ ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​រណប​ទៅ​នឹង​គណបក្ស​កាន់អំណាច ឬ​ដើម្បី​អំណាច និង​ផលប្រយោជន៍​និយម ដោយ​មិន​គិត​ពី​ប្រជាពលរដ្ឋ នោះ​មិន​អាច​ឈ្នះ និង​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ​។ លោក​បន្ត​ថា ការ​ចាកចេញ​របស់​មន្ត្រី​គណបក្ស​ណា​ម្នាក់ ដើម្បី​ចូលរួម​នយោបាយ ជាមួយ​គណបក្ស​កាន់អំណាច គឺជា​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ៖ «ពួក​យើង​មិន​ព្រម​ចុះញ៉ម​នឹង​របប​ផ្ដាច់ការ​ទេ ហើយក៏​មិន​ដើរចូល​ក្នុង​អន្ទាក់​នយោបាយ​របស់​ជន​ផ្ដាច់ការ​ដែរ។ ដូច្នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​នឹង​សកម្មជន ក្រុមប្រឹក្សា​ឃុំ​ទាំង ប្រាំ​ពាន់​ប្រាំពីរ​នាក់ (៥០០៧) ហ្នឹង ឲ្យ​គាត់​ហ្នឹង ត្រូវតែ​មិន​ចុះចូល មិន​ចុះ​ញ​ម​ជាដាច់ខាត​រាល់​ការ​អូសទាញ​របស់​គណ​បក្ស​កុម្មុយនិស្ត​សព្វថ្ងៃ​ដែល​យើង​ហៅថា គណបក្ស​ផ្ដាច់ការ​កាន់អំណាច​នេះ»

ដោយឡែក យុវជន គង់ រ៉ៃយ៉ា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​បារម្ភ​ពី​សុវត្ថិភាព មើលឃើញ​ថា ការ​ចាក​ចេញ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប​នេះ គឺជា​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​នយោបាយ​របស់​ពួកគេ បើ​ទោះ​បី​ជា​ពួកគេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​ចាត់​ទុក​ការ​ចាក​ចេញ​នេះ ជា​ការ​បញ្ចប់​ជីវភាព​នយោបាយ​របស់​ពួកគេ​ទៅវិញ​ទេ​។ លោក​ចោទ​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​សំឡេង និង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ ដែល​ជា​យុទ្ធសាស្ត្រ​ដដែលៗ​របស់​គណបក្ស​កាន់អំណាច៖ «បើសិនជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ គាត់​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​វិល​ចូល​មាតុភូមិ​វិញ នោះ​ហើយ​ជា​វិធីសាស្ត្រ យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​យកឈ្នះ​នូវ​យុទ្ធសាស្ត្រ​បំបែក​សំឡេង បំបែក​កម្លាំង​របស់​គណបក្ស​ប្រជាជន​។ នៅ​ពេល​ដែល​រដ្ឋាភិបាល​កែប្រែ​ការដឹកនាំ​ប្រទេស​ពី​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ​ទៅជា​ដឹកនាំ​បែប​ផ្ដាច់ការ នោះ​ហើយ​គឺជា​ការ​នាំ​នូវ​ប្រទេសជាតិ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រទេស ហើយ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ហ្នឹង​ទុន​ខ្សោយ​ខ្លាំង​មែនទែន​។ ដូច្នេះ​ហើយ សូម​រដ្ឋាភិបាល​គិតពិចារណា​ឡើងវិញ​ចំពោះ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប ជា​រឿង​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បើក​ទូលាយ​ជូន​ឥស្សរជន នយោបាយ​របស់​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ ហាម​ឃាត់​ដោយ​តុលាការ​កំពូល​។ លោក​បន្ត​ថា គណបក្ស​ប្រជាជន គឺ​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រលប់​មក​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ដែល​នៅសល់​នោះ ប្រសិនបើ​ពួកគេ​ចង់​បង្កើត​គណបក្ស​ថ្មី​មួយ ប៉ុន្តែ​ទណ្ឌិត សម រង្ស៊ី មិន​​អាច​ចូល​មក​វិញ ឬ​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​នោះ​ទេ លុះត្រាតែ​លោក​អនុវត្ត​ទោស​ជា​មុន​សិន៖ «មិនមែន​ត្រឹមតែ​បី​បួន​នាក់​មក​ទេ​អាហ្នឹង មក​ទាំងអស់​គ្នា​ហ្នឹង មួយ​រយ​ប្រាំបី ប្រាំបួន​នាក់​ដែល​នៅសល់​មក​ទាំងអស់​ក៏បាន​ដែរ​។ មក​បង្កើត​គណបក្ស​ទៅ ឬ​រួមគ្នា​ទាំងអស់​គ្នា​មក​បង្កើត​គណបក្ស​មួយ ថា​គណបក្ស​ធំ​មួយ​ចុះ អា​ហ្នឹង​ជា​សិទ្ធ​របស់​គាត់ ជា​សិទ្ធ​នយោបាយ​របស់​គាត់ អត់​មាន​នរណា​ហាមឃាត់​ទេ​។ ទណ្ឌិត សម រង្ស៊ី នេះ​វា​មាន​សាលដីកា​ជា​ស្ថាពរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចាប់​ដាក់គុក​២​ឆ្នាំ អាហ្នឹង​បើ​គាត់​ចង់​មក អាហ្នឹង​អត់​មាន​ទាន់​ធ្វើ​នយោបាយ​ទេ ចូល​គុក​សិន​អាហ្នឹង​បានៗ ព្រោះ​សាលក្រម​របស់​តុលាការ​ដំបូង​គឺថា វា​នៅ​ជា​ធរមាន​នៅ​ឡើយ»

តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​សម្រេច​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន ១១៨​រូប ដែល​រួមមាន​លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។

រហូតមកដល់​ពេលនេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​រូប ហើយ​ដែល​បាន​សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល