គណបក្សកាន់អំណាចបិទបញ្ចប់មហាសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនហើយ នៅថ្ងៃទី២២ ធ្នូនេះ ។ អ្នកវិភាគថា អ្វីដែលគណបក្សប្រជាជនកម្ពុជានឹងធ្វើក្នុងសន្និបាតនោះគឺជាការរៀបចំយុទ្ធសាស្ត្រថ្មីបង្កើតព្រឹត្តិការណ៍នានា ដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនដើម្បីកុំឱ្យខ្វល់ខ្វាយពីកំហុសរបស់បក្សនេះក្នុងការដឹកនាំប្រទេស។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកនៅទី២២ ខែធ្នូថា សន្និបាតបក្សនេះជាការចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធផលការងាររបស់សមាជិក ដែលបានបំពេញនាពេលកន្លងទៅ និងផ្សព្វផ្សាយពីស្ថានភាពនយោបាយជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជន តាមបណ្ដា ក្រសួង-ស្ថាប័ន ខេត្ត និងរាជធានី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា សន្និបាតរយៈពេល ២ថ្ងៃ នេះ មានសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ ២.០០០នាក់ចូលរួម។ លោកបន្តថា សន្និបាតនេះផ្ដោតសំខាន់លើសតិអារម្មណ៍នយោបាយ បន្តពង្រឹងកម្លាំងសាមគ្គីឱ្យគណបក្សអនុវត្តទិសដៅការ ងារបានជោគជ័យ៖ «ការធ្វើសន្និបាតនេះ ដើម្បីយល់ឲ្យជ្រួតជ្រាបនៃការឯកភាពផ្ទៃក្នុងកាន់តែរឹងមាំ ដើម្បីប្រមូលផ្តុំថាមពលដ៏ខ្លាំងក្លាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ»។
លោក សុខ ឥសាន ថា សន្និបាតនេះមិនបានលើកឡើងពីបញ្ហាកម្ពុជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ឡើយ ហើយក៏មិនបានបញ្ចូលសមាសភាពថ្មីទៅក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សនោះដែរ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ មិនបញ្ជាក់សេចក្តីលម្អិតអំពីសន្និបាតនេះឡើយ។
អ្នកវិភាគនយោបាយលោក គឹម សុខ សង្កេតឃើញថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ រងការរិះគន់ខ្លាំងពីពលរដ្ឋអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហាសង្គមជាច្រើន ព្រមទាំងបញ្ហាប្រឈមនឹងការបាត់បង EBA។ អ្នកវិភាគរូបនេះយល់ថា អ្វីដែលគណបក្សប្រជាជនកម្ពុជា កំពុងធ្វើនៅពេលនេះ គឺប្រមូលកម្លាំងគាំទ្រនយោបាយរបស់ខ្លួន និងបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីគេចវេះបញ្ហាសំខាន់ៗរបស់ជាតិ៖ «គឺការអាចប្រមូលកម្លាំងមនុស្សឈុលចុះឈុលឡើង ដើម្បីគាំទ្រនូវនយោបាយរបស់គេ ( គណបក្សប្រជាជនកម្ពុជា ) ដើម្បីបង្ក្រាបទឹកចិត្តមហាជន»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលាយប្រជាធិបតេយ្យ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។