អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ការទិញ​អាវុធ​ពី​ចិន​ដើម្បី​បង្ក្រាប​អ្នក​បះបោរ

0:00 / 0:00

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ថា​ការទិញ​អាវុធ​ពី​ចិន​ដើម្បី​បង្ក្រាប​អ្នកបះបោរ​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចាំបាច់​ត្រូវ​ប្រើប្រាស់​ដើម្បី​ការងារ​សន្តិភាព​។ ប៉ុន្តែ អ្នក​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ទង្វើ​គណបក្ស​កាន់អំណាច​ជា​ការ​ប្រើប្រាស់​លុយ​ជាតិ​មក​បាញ់សម្លាប់​ខ្មែរ​គ្នាឯង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា អាវុធ​ជា​ឧបករណ៍​ហិង្សា​ជា​ចាំបាច់​ដើម្បី​ទប់​ស្តាត់​និង​បង្ក្រាប​ការបះបោរ​ខុសច្បាប់​ណាមួយ​។ លោក​អះអាង​ថា មិនមែន​តែ​កម្ពុជា ប្រទេស​លើ​ពិភពលោក​ផ្សេងទៀត ក៏​ចាត់​ទុក​​អាវុធ​គឺជា​ឧបករណ៍​ចាំបាច់​ដែល​ត្រូវ​ប្រើ​បង្ក្រាប​លើ​មនុស្ស​មួយ​ចំនួន​តូច ដែល​នាំ​គ្រោះ​មហន្តរាយ​ដល់​ប្រទេសជាតិ៖ «គឺ​ថា​អាវុធ​គឺជា​ការចាំបាច់​ណាស់​ក្នុង​ការ​បង្ក្រាប មុនដំបូង​គេ​ទប់​ស្កាត​ដល់​ទប់​ស្កាត​មាន​ភាព​តឹងតែង​គេ​បង្ក្រាប​ហើយ​គេ​មិន​បណ្ដែតបណ្ដោយ​ឱ្យ​មនុស្ស​មួយ​ក្រុម​តូច​ធ្វើ​អី​ផ្ដេសផ្ដាស​ទេ»។

ការ​បង្ហាញ​សារ​របស់​អ្នកនាំពាក្យ​គណបក្ស​​កាន់អំណាច​បែប​នេះ ខណៈ មេ​ប៉ូលិស និង​មេទាហាន ប្រកាស​ប្រជុំ​ត្រៀម​កម្លាំង​តាម​ព្រំដែន​ចាំ​ចាប់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា យល់ថា សំដី​លោក សុខ ឥសាន ជា​ការ​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​ខ្មែរ​គ្នាឯង​ជា​សត្រូវ​ដែល​នេះ​ជា​ការ​អនុវត្ត​ដូច​ទៅ​នឹង​របប​ខ្មែរក្រហម​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ចង់​ឃើញ​បក្ស​កាន់អំណាច​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ និង​វិល​មក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «យើង​ទាំងអស់​គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​ដូចគ្នា​យើង​គួរតែ​ប្តូរ​ឥរិយាបថ​ព្រៃផ្សៃ​ទាំងនេះ​យក​មក​ក្នុង​ក្របខ័ណ្ឌ​ពូជសាសន៍​ដែល​យើង​អាច​និយាយ​គ្នា»។

រីឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ និយាយ​ថា ប្រទេស​កម្ពុជា​គ្មាន​អ្នកបះបោរ​ទេ មានតែ​ពលរដ្ឋ​ស្រលាញ់​ប្រជាធិបតេយ្យ​ដែល​ចង់​ឱ្យ​របប​ក្រុងភ្នំពេញ​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដូច​អន្តរជាតិ​ចង់បាន​ដែរ​នោះ។ អ្នកវិភាគ​រូប​នេះ យល់​ថា សំដី​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​បែប​នេះ គឺ​របប​ក្រុងភ្នំពេញ​បាន​កំណត់​មុខសញ្ញា​យក​ពលរដ្ឋ​មួយ​ក្រុម​ណា​រួច​ទៅ​ហើយ​ធ្វើជា​គោលដៅ ដែល​ខ្លួន​ចោទ​ប្រកាន់​ថា ជា​អ្នកបះបោរ​ក្នុង​គោលដៅ​បង្ក្រាប​ដើម្បី​រក្សា​អំណាច​ក្រុម​ខ្លួន៖ «ជា​ការ​សារភាព​ថា ខ្លួនឯង​ប្រើប្រាស់​លុយ​ខុសច្បាប់​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ទិញ​អាវុធ​ពី​ចិន​ក្នុង​គោលដៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ដើម្បី​រក្សា​ពូជពង្សវង្សត្រកូល​នៃ​គ្រួសារ​ត្រកូល​ហ៊ុន និង​គ្នា​គាត់​ប៉ុន្មាន​នាក់​ហ្នឹង»។

នៅ​ពេល​លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ក្រុម​មន្ត្រី​នៃ​របប​នេះ​តែងតែ​ប្រកាស​ជា​សាធារណៈ​ពី​ការ​បង្ក្រាប​ដោយ​ការ​បាញ់​សម្លាប់ ឬ​ចាប់​ដាក់គុក​លើ​មេដឹកនាំ​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ។

កាល​ពី​ថ្ងៃ​ទី៨ សីហា អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន អគ្គ​មេបញ្ជាការ​កងទ័ព លោក វង្ស ពិសេន អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ មេបញ្ជាការ​កងទ័ព និង​មេបញ្ជាការ​នគរបាល​តាម​ព្រំដែន​មួយ​ចំនួន​ទៀត បាន​ប្រជុំ​រួមគ្នា ត្រៀម​រៀបចំ​កងកម្លាំង ដាក់​តាម​ព្រំដែន​ដើម្បី​ចាប់​លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ដែល​អម​ដំណើរ​វិល​មក​កម្ពុជា។

ថ្លែង​ក្នុង​វិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា លោក ហ៊ុន សែន ឱ្យ​ដឹង​ថា ឆ្នាំនេះ របប​លោក​បាន​ចាយ​លុយ​ជាតិ​ជិត ៤០​លាន​ដុល្លារ បន្ថែម​ពីលើ​លុយ​ជាង ២៩០​លាន​ដុល្លារ ដែល​របប​លោក​បាន​ទិញ​អាវុធ​ពី​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។