សហគមន៍​ខ្មែរ​នៅ​​ក្រុង​ឡុងប៊ិច​សហរដ្ឋ​អាមេរិក​​ធ្វើ​​ពិធី​​គោរព​​វិញ្ញាណក្ខន្ធ​​បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2019.07.12
កែម ឡី ២០១៦ ៨៥៥ លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ​ធ្វើ​​ពិធី​​គោរព​​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី គម្រប់​ខួប​បី​ឆ្នាំ នៅ​ថ្ងៃទី១៣ ខែ​កក្កដា​នេះ​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​វត្ត​ពោធិ៍ព្រឹករតនារាម ចាប់​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ២​រសៀល។

សមាជិក​ម្នាក់ នៃ​គណៈកម្មការ​បុណ្យ​នេះ គឺ​លោក ចាន់ វាសនា ប្រាប់​អាស៊ីសេរី ថា​ពិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​រម្លឹក​នឹក​គុណ ដល់​វីរភាព​លោក​បណ្ឌិត កែម ឡី ដែល​បណ្ឌិត​ហ៊ាន​និយាយ​ការពារ​ពិត ជាជាង​និយាយ​ការពារ អំពី​បញ្ហា​សង្គម​កម្ពុជា​។ ម្យ៉ាងទៀត ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក៏​ស្រេកឃ្លាន​យុត្តិធម៌​ជូន​លោក​បណ្ឌិត និង​ក្រុម​គ្រួសារ​លោក​បណ្ឌិត ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​​នេះ អស់​បី​ឆ្នាំ​ហើយ។

លោក ចាន់ វាសនា បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​វែកមុខ​រក​ឃាតក​ពិត និង អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក​បណ្ឌិត​ទេ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី មានតែ​ខំប្រឹង​ប្រែង តាម​មធ្យោបាយ​តស៊ូ​មតិ ដើម្បី​ឱ្យ​ពិភពលោក​ដឹង​ឮ និង​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌ ក្នុង​ករណី​នេះ៖ «ប្រជាពលរដ្ឋ​មាន​តែ​មតិយោបល់​ហ្នឹង​ហើយ ដែល​ជា​អនុសាសន៍ ដល់​រដ្ឋាភិបាល​ក្តី ដល់​សហគមន៍​អន្តរជាតិ​ក្ដី។ ឱ្យ​គេ​បាន​ជួយ​ជ្រោមជ្រែង ស្វែងរក​យុត្តិធម៌​ពិត ជូន​ដល់​បណ្ឌិត កែម ឡី ព្រោះ​យើង​ជា​ពលរដ្ឋ​មិន​មាន​ស្អី​ទេ មានតែ​ការ​បញ្ចេញ​មតិយោបល់​ហ្នឹងឯង ដែល​យើង​ចង់​ឱ្យ​បាន​ការ​លះបង់​ជីវិត​របស់​គាត់​ហ្នឹង មានន័យ​។ ដូច្នេះ​យើង​ធ្វើ​ហ្នឹង​ទាមទារ ដោយសារ​រដ្ឋាភិបាល​បង្កប់​នូវ​អាថ៌កំបាំង​ស៊ីជម្រៅ​យ៉ាង​ធ្ងន់ នៅ​ពីក្រោយ​ហ្នឹង គឺ​មិន​សើរើ ជូន​ដល់​ក្រុម​គ្រួសារ​ក្តី ដល់​អ្នក​ដែល​ស្រលាញ់​គាត់​ក្តី ឱ្យ​បាន​អស់ចិត្ត»

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ហាមប្រាម និង​ចាប់​ចង ដោយសារតែ​ការ​ប្រមូល​ផ្តុំ​គ្នា ប្រារព្ធ​ពិធីបុណ្យ​ខួប​រម្លឹក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ក្រុង​ភ្នំពេញ ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ពិធី​នេះ នៅ​ប្រទេស​ផ្សេងៗ នៅ​លើ​ពិភពលោក ដែល​មាន​ខ្មែរ​រស់នៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។