កម្ពុជា និង​ឡាវ​គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយទៀត​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ

អាជ្ញាធរ​កម្ពុជា និង​ឡាវ គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយទៀត​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ គម្រោង​នេះ​ត្រូវ​បាន​តំណាង​ប្រទេស​ទាំងពីរ​ឯកភាព​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ និង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវៀង​ប្រទេស​ទាំងពីរ។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងមហាផ្ទៃ​លោក ផាត សុផានិត ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ក្រោយពី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ មីនា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មី ដែល​ភាគី​ទាំងពីរ​កំពុង​សិក្សា​រួមគ្នា​នេះ​អាច​នៅ​ខេត្ត​រតនគិរី ឬ​នៅ​ខេត្ត​ស្ទឹងត្រែង ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូប​នេះ​អះអាង​ទៀត​ថា កម្ពុជា​និង​ឡាវ​នៅតែ​បន្ត​ខិតខំ​បង្ក្រាប​និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ។

កម្ពុជា​និង​ឡាវ មាន​ច្រក​ទ្វារ​អន្តរជាតិ​មួយ​ដែល​បាន​បើក​ជា​ផ្លូវការ​កាលពី​ខែ​មករា​ឆ្នាំ​២០១៧ មាន​ឈ្មោះថា​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល-ណងណុកខៀន ឋិត​នៅ​ព្រំដែន​នៃ​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។

កម្ពុជា និង​ឡាវ​ធ្លាប់​មាន​ជម្លោះព្រំដែន​និង​គ្នា​នៅ​តំបន់​អូរ​តា​ង៉ាវ និង​អូរ​អាឡៃ ស្ថិត​នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កាលពី​ឆ្នាំ​២០១៧។

កម្ពុជា មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បោះ​បង្គោល​បាន​ចំនួន ១២១​បង្គោល​រួចហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។