កម្ពុជា​-​ឡាវ​រក្សា​កង​ទ័ព​មួយ​ចំនួន​នៅ​តំបន់​មាន​ជម្លោះ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ

លោក ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បញ្ជាក់​ថា កម្ពុជា និង ប្រទេស​ឡាវ នៅតែ​រក្សា​កងទ័ព​នៅ​តាម​តំបន់​មាន​ជម្លោះ​បើ​ទោះ​បី​ជា​មាន​ការ​ចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​តាម​ក្រវាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​យ៉ាង​ណា​ក៏​ដោយ៖ «កន្លែង​នោះ​នៅ​មាន​បញ្ហា​បន្តិចបន្តួច​គឺ​កម្លាំង​បួន ដក់​នាក់​អី​ឈរ​នៅ​ក្បែរ​គ្នា ដើម្បី​ជួប​ទាក់ទង​គ្នា ជជែក​គ្នា ត​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណឹង​ទេ​បាទ»។

យោធា​ខ្មែរ​និង​ឡាវ​កាលពី​ថ្ងៃ​ទី​២៩ សីហា បាន​ដក​កងទ័ព​បន្ទាប់​ពី​បាន​ព្រមព្រៀងគ្នា​ពាក់ព័ន្ធ​រឿង​ជម្លោះព្រំដែន​នៅ​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ជាប់​នឹង​ព្រំដែន​ឡាវ។

កងទ័ព​កម្ពុជា​ខាង​ភាគី​ឡាវ និង ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ សីហា កន្លង​ទៅ​បាន​ជួប​ចរចា​ម្តង​រួច​ទៅ​ហើយ​ក្រោយ​ពី​មាន​ភាព​តានតឹង​ស្ថិត​នៅ​តំបន់​ទន្លេ​ល្ពៅ ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ និង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ កាលពី​ចុង​សប្ដាហ៍​មុន ដែល​ភាគី​ទាំងពីរ​អះអាង​ថា ជា​ទឹកដី​របស់​ខ្លួន​តែ​រៀង​ៗ​ខ្លួន​។

ការ​ប្រឈម​មុខគ្នា​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​កម្ពុជា​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន​ពីរ​ឃុំ ចេញ​ពី​លំនៅឋាន ក្នុង​ករណី​មានការ​ផ្ទុះ​អាវុធ​ណាមួយ​កើតឡើង​ជា​យថាហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។