អាកាសចរណ៍ស៊ីវិលកម្ពុជាបានព្រមានក្រុមហ៊ុនយន្តហោះចំនួន៤៧ មិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំង ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខជាប់ទោសពីបទឧក្រិដ្ឋ។
កាសែតក្នុងស្រុកបានផ្សព្វផ្សាយថា ការហាមប្រាមនេះបានធ្វើឡើងទាំងយន្តហោះឯកជនទាំងក្នុងស្រុក និងក្រៅស្រុកមិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីរបស់លោក ដែលមានឈ្មោះក្នុងដីកាចាប់ខ្លួនជាដាច់ខាត។
អាស៊ីសេរីមិនទាន់អាចទាក់ទង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបកស្រាយការហាមឃាត់នេះ បាននៅឡើយទេ កាលពីថ្ងៃទី៥ វិច្ឆិកា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរណ៍ស៊ីវិល លោក ជា អូន ប្រាប់អាស៊ីសេរីថា អាកាសចរណ៍ស៊ីវិល បានហាមប្រាមក្រុមហ៊ុនយន្តហោះរួចហើយ។ បើមានក្រុមហ៊ុនណា ឬអ្នកបើកយន្តហោះណា ដែលហ៊ានដឹកលោក សម រង្ស៊ី និងបក្ខពួកដែលមានសាលដីកា ក្រុមហ៊ុននោះ នឹងប្រឈមវិធានការច្បាប់ គឺត្រូវចោទពីបទរួមគំនិតក្បត់។ លោកព្រមានថា បើមានក្រុមហ៊ុនយន្តហោះណាល្មើស គឺមនុស្សនៅក្នុងក្រុមហ៊ុនយន្តហោះទាំងអស់ នឹងត្រូវចោទប្រកាន់។ លោកថា ការដាក់បទបញ្ជានេះ គឺជាច្បាប់ពីថ្នាក់លើ ហើយរដ្ឋលេខាធិការដ្ឋាន មានកាតព្វកិច្ចត្រូវគោរព និងអនុវត្តតាម។
បម្រាមថ្មីនេះ ធ្វើផ្ទុយទៅនឹងការសម្រេចរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០១៧ ដែលបញ្ជាឱ្យលុបចោលបម្រាម ដែលហាមមិនឱ្យយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាវិញនោះ។ មេដឹកនាំគណបក្សប្រឆាំង ហៅការព្រមានក្រុមហ៊ុនយន្តហោះនេះថា ជាការបង្ហាញភាពភ័យខ្លាចវត្តមានលោក សម រង្ស៊ី វិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
