ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ការ​ផ្ដល់​ទីតាំង​ឱ្យ​វៀតណាម​ធ្វើ​សមយុទ្ធ​យោធា​នៅ​ស្រុក​ចន្ទ្រា

ដោយ ទីន ហ្សាការីយ៉ា
2019-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។
ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។
RFA

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​ចូល​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​ចន្ទ្រា នៃ​ខេត្ត​ស្វាយរៀង ក្នុង​បំណង​ធ្វើ​សមយុទ្ធ​រៀន​ពី​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពេល​ជួប​គ្រោះ​មហន្តរាយ គឺជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ​។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ហាក់​លាក់បាំង​ព័ត៌មាន​អំពី​វត្តមាន​កងទ័ព​វៀតណាម​ក្នុង​ទឹកដី​ខ្មែរ​នេះ និង​មិនបាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​។ ចំណែក​អាជ្ញាធរ​ខេត្ត​នេះ អះអាង​ថា បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​នោះ​ទេ។

ក្រុម​ពលរដ្ឋ រស់នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង និង​មន្ត្រី​សង្គម​ស៊ីវិល បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត ចំពោះ​ករណី​ដែល​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​មក​ចូល​ធ្វើ​សមយុទ្ធ និង​បោះ​ទីតាំង នៅ​តំបន់​ស​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ឃុំ​ចំនួន ៣ គឺ​ឃុំ ចន្ទ្រា ឃុំ​ទួល​ស្ដី និង​ឃុំ​សំរោង របស់​ស្រុក​ចន្ទ្រា។

ពលរដ្ឋ​រស់នៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ថ្លែង​សុំ​លាក់​ឈ្មោះ ឱ្យដឹង​ថា ពួកគេ​មិន​ឃើញ​អាជ្ញាធរ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ម្ចាស់​ស្រុក​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ខ្លះៗ ដែរ បន្ទាប់ពី​ឃើញ កងទ័ព​វៀតណាម​ជាច្រើន​ក្រុម​ពាក់​ឯកសណ្ឋាន ជិះ​រថយន្ត​ចូល​ដី​ខ្មែរ​។ លោក​ថា កងទ័ព​វៀតណាម​ទាំងនោះ មិន​ឃើញ​មាន​កាន់​អាវុធ​ក្នុង​ដៃ​នោះ​ទេ​៖ «មិន​ឃើញ​កាំភ្លើង​ទី​អី​ទេ ឃើញ​តែ​កងទ័ព​គេ​ចេញ​ចូលៗ​ឡាន​។ គាត់​ចេះតែ​បារម្ភៗ​ហើយ​អូន តែ​មិន​ដឹង​ធ្វើ​ម៉េច​? គាត់​ចេះតែ​នាំគ្នា​ស្ងាត់​ទៅ​។ ឆ្ងល់ៗ​មិន​ដឹង​ទៅ​សួរ​ពី​ណា?»

បុរស​ដដែល​អំនាវ​ឱ្យ​អាជ្ញាធរ គួរតែ​ផ្សព្វផ្សាយ​បញ្ហា​នេះ​ឱ្យ​បាន​ទូលំទូលាយ និង​ប្រាប់​ពី​បំណង​ឱ្យ​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​៖ «នៅ​ខាង​ខ្ញុំ​មាន​គ្រោះ​មហន្តរាយ​រាំងស្ងួត​អូន​អើយ វា​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​អ៊ីចឹង តែ​ដល់​កងទ័ព​បាន​ទឹក​អី​ណា​សង្គ្រោះ​? អត់​ទឹក​អា​លីង​បាន​ទឹក​អី​សង្គ្រោះ​?»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង លោក រស់ ផារិទ្ធិ ប្រាប់​អាស៊ីសេរី​ថា ក្រសួង​ការពារជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​សហការ​គ្នា អនុញ្ញាត​ឱ្យ​មាន​ទីតាំង​កងទ័ព​ធ្វើ​ពិធី​សមយុទ្ធ​រួមគ្នា ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​ទាំងពីរ ពេល​ជួប​គ្រោះ​មហន្តរាយ ដូចជា ទឹកជំនន់​ជាដើម​។ ក្រៅ​ពី​នេះ លោក​ថា អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ជ្រាប​ពី​បញ្ហា​នេះ​រួចរាល់​ហើយ​។ លោក​អះអាង សមយុទ្ធ​កងទ័ព​ប្រទេស​ទាំងពីរ មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​កម្ពុជា​នោះ​ទេ ហើយ​សមយុទ្ធ​នេះ គឺ​ធ្វើ​ឡើង​តែមួយ​ថ្ងៃ​គត់ នៅ​ក្នុង​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ខាងមុខនេះ​។ តែ​ទោះ​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ មិន​បញ្ជាក់​លម្អិត​ពី​ចំនួន​កងទ័ព វៀតណាម​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ ទៅ​ក្រសួង​ការពារជាតិ​៖ «នេះ​គេ​ធ្វើ​សមយុទ្ធ​ទេ មិនមែន​កងទ័ព​វៀតណាម មក​ដាក់ មក​ឈរ​ជើង នៅ​លើ​ទឹកដី​កម្ពុជា​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹកដី អធិបតេយ្យភាព​កម្ពុជា អាហ្នឹង​អត់​មាន​ទេ។ សូម​បញ្ជាក់​អ៊ីចឹង​ឱ្យ​ច្បាស់​។ មាន​ផែនការ​របស់​ប្រទេស​ទាំងពីរ ប៉ុន្តែ​ឥឡូវ​ហ្នឹង​គេ​ត្រៀម​។ ធម្មតា​មុន​យើង​ធ្វើ​ពិធី​អី យើង​ត្រូវ​ធ្វើ​កិច្ចការ​រៀបចំ ការងារ​ផ្សេងៗ ដើម្បី​បម្រើ​ឱ្យ​ពិធី ថ្ងៃ​ដែល​យើង​ត្រូវ​ប្រារព្ធ​ជា​ផ្លូវការ »

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូ​នី ដែល​តែង​ចុះ​អង្កេត​រឿង​ព្រំដែន យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​កំណត់ កាលបរិច្ឆេទ​ឱ្យ​ច្បាស់លាស់ និង​ផ្តល់​ដំណឹង​ឱ្យ​បាន​ទូលំទូលាយ ទាក់ទិន​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច និង​យល់​ច្រឡំ​។ លោក​សង្ស័យ​ថា រដ្ឋាភិបាល​សម្រេច​ឱ្យ​កងទ័ព​វៀតណាម បោះ​ទីតាំង​កងទ័ព​ចូល​ក្នុង​ទឹកដី​កម្ពុជា អាច​នឹង​មាន​ហេតុផល​ផ្សេង​ក្រៅពី​បញ្ហា​នេះ​។ តែ​ទោះ​យ៉ាងណា លោក​បារម្ភ​ថា ប្រសិនបើ​ការ​បោះ​ទីតាំង​កងទ័ព​យូរ អាច​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​៖ «ខ្ញុំ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ បញ្ជាក់​ពេលវេលា​ឱ្យ​ច្បាស់​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ហ្នឹង បរិច្ឆេទ​មាន​ន័យថា តើ​យើង​ធ្វើ​ពេលណា ហើយ​យើង​ឈប់​ទៅវិញ​ពេលណា​? ដើម្បី​កុំ​ឱ្យ​ទុក​កងទ័ព​វៀតណាម នៅ​តំបន់​ព្រំដែន​យូរ​ពេក វា​ទៅជា​រឿង​មួយ​ដែល​មាន​ប៉ះពាល់​អធិបតេយ្យ​ជាតិ និង​ភ័ន្តច្រឡំ​ដល់​មតិ​មហាជន​រឹតតែ​ច្រើន»

លោក មួង សូនី បន្ថែម​ថា ការ​បោះ​ទីតាំង​សមយុទ្ធ​យោធា ប្រទេស​ទាំងពីរ ក្នុង​បំណង​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ គឺជា​រឿង​មិន​សម​ទំនង​ទាល់តែសោះ ខណៈ​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្លួនឯង មិន​ចាំបាច់​ទៅ​ពឹង​ប្រទេសជិតខាង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល