យោធាខ្មែរនិងឡាវបានដកកងទ័ពបន្ទាប់ពីបានព្រមព្រៀងគ្នាពាក់ព័ន្ធរឿងជម្លោះព្រំដែននៅតំបន់មានជម្លោះនៅក្នុងខេត្តព្រះវិហារជាប់នឹងព្រំដែនឡាវ។ លទ្ធផលនេះ បានកើតឡើង ក្រោយពីទាហានការពារព្រំដែននៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំប្រទល់ថ្ងៃទី២៩ សីហានេះ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ទាំងភាគីសងខាងបានព្រមព្រៀងគ្នាថា នឹងដកកងទ័ពចេញពីតំបន់មានជម្លោះតែរៀងៗខ្លួនហើយសន្យាថា នឹងមិនមានបញ្ហាជម្លោះព្រំដែនកើតមានសាជាថ្មីទៀតទេ។
បើទោះបីជាភាគីកម្ពុជា និងប្រទេសឡាវបានព្រមព្រៀងគ្នាបញ្ចប់ជម្លោះព្រំដែនមួយអន្លើយ៉ាងណាក៏ដោយ ក៏លោក ទៀ បាញ់ បញ្ជាក់ថា នៅមានចំណុចសេសសល់បន្តិចបន្តួចដែលភាគីទាំងពីរត្រូវការពិភាក្សាគ្នាបន្តទៀត។ តែលោក ទៀ បាញ់ មិនបានបញ្ជាក់ចំណុចដែលនៅសេសសល់មានបញ្ហាអ្វីខ្លះនោះទេ៖ «និយាយហើយនិយាយទៀតចាំបាច់សួរដេញដោលស្អី។ ខ្ញុំថាកន្លែងនោះនៅតិចតួចហ្នឹង គេនៅបន្តពិភាក្សាគ្នាទេ។ គ្មានស្អីទៅដាក់អីច្រើននាំតែមូសខាំហ្នឹង វាអត់មានស្អីផង។ កន្លែងនោះនៅមានបញ្ហាបន្តិចបន្តួច គឺកម្លាំងបួនដប់នាក់ឈរនៅក្បែរៗគ្នាដើម្បីជួបទាក់ទងគ្នាជជែកគ្នាតទៅមុខទៀត តែប៉ុណ្ណឹងទេ»។
កងទ័ពកម្ពុជាខាងភាគីឡាវ និង ភាគីកម្ពុជា នៅថ្ងៃទី២៦ សីហា កន្លងទៅបានជួបចរចាម្ដងរួចទៅហើយ ក្រោយពីមានភាពតានតឹងស្ថិតនៅតំបន់ទន្លេល្ពៅ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ប្រទេសឡាវ កាលពីចុងសប្ដាហ៍មុន ដែលភាគីទាំងពីរអះអាងថា ជាទឹកដីរបស់ខ្លួនតែរៀងៗខ្លួន។
ការប្រឈមមុខគ្នានេះបានធ្វើឱ្យភាគីកម្ពុជាត្រៀមលក្ខណៈជម្លៀសប្រជាជនពីរឃុំ ចេញពីលំនៅឋាន ក្នុងករណីមានការផ្ទុះអាវុធណាមួយកើតឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។