មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ មិនគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជាដែលបានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកជំនាញវេជ្ជសាស្ត្រយោធាចិន៤រូប ដែលក្រសួងអះអាងជួយកម្ពុជា ប្រយុទ្ធនឹងជំងឺcovid-19។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើងថា របបលោក ហ៊ុន សែន សព្វថ្ងៃគឺយកប្រទេសចិនជាបងធំ ទោះបីជាពិភពលោកមើលឃើញពីទុច្ចរិតភាពរបស់ចិនយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែចាត់ទុកថាជារឿងត្រឹមត្រូវ។ លោក អេង ឆៃអ៊ាង ថា កម្ពុជាកំពុងតែអនុវត្តទ្រឹស្ដីអ្នកឯងជួយអញ អញជួយឯងវិញ។
ការរិះគន់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះបានកើតមានឡើងក្រោយពីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២២ ឧសភា បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកជំនាញវេជ្ជសាស្ត្រយោធាចិន ៤រូប ដែលក្រសួងចាត់ទុកជាក្រុមបានជួយទប់ស្កាត់ជំងឺកូវីដ ១៩ ដល់យោធាកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វ៉ាង វីនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក លី ជីងហ្វេង (Li Jingfeng) អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា បានចូលរួមក្នុងពិធីនោះ។
អាស៊ីសេរីមិនអាចទាក់ទងលោក ទៀ បាញ់ បានទេ កាលពីថ្ងៃទី២៣ ឧសភា។ ដោយសារតែលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែគេហទំព័រស្ថានទូតចិនបានដកស្រង់សំដីលោក ទៀ បាញ់ ថា ភាគីកម្ពុជាអំណរគុណដល់ភាគីចិនដែលបានចាត់បញ្ជូនក្រុមជំនាញយោធាវេជ្ជសាស្ត្រទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងព្រមទាំងបានផ្តល់ជំនួយជាសម្ភារៈពេទ្យដើម្បីទប់ស្កាត់ជំងឺនេះផងដែរ។
គេហទំព័រស្ថានទូតចិនដកស្រង់សំដីលោក វ៉ាង វីនធៀន (Wang Wentian) ថា ចិន និងកម្ពុជាជួយយកអាសាគ្នាទៅវិញទៅមក ពួតដៃគ្នាក្នុងកិច្ចទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយជោគវាសនារួម បង្កើតគំរូសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺកូវីដ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិ។ រដ្ឋាភិបាលកម្ពុជារងការរិះគន់កន្លងដោយសារតែមិនបានហាមឃាត់ជនជាតិចិន និងយន្តហោះចិន ធ្វើដំណើរមកកម្ពុជា បើទោះបីចិនជាប្រទេសដំបូងកើតមានជំងឺ covid-19 ហើយបង្កររីករាលដាលជុំវិញពិភពលោក ដែលបានសម្លាប់មនុស្សជាងបីសែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។