កម្ពុជានិងអាមេរិក ចុះកិច្ចព្រមព្រៀង រួមមានការអនុវត្តគម្រោងមួយឆ្នាំ ជុំវិញកិច្ចសហប្រតិបត្តិការ កិច្ចការមនុស្សធម៌ ការអប់រំ និងការហ្វឹកហ្វឺនយោធានៃប្រទេសទាំងពីរឡើងវិញ ក្រោយពីកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេហទំព័ររបស់ក្រសួងការពារជាតិផ្សាយក្នុងពេលថ្មីៗនេះឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា បានជួបពិភាក្សា និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយោធាជាមួយភាគីយោធាសហរដ្ឋអាមេរិកតំណាងដោយលោក Scott Burnside ប្រធានផ្នែកគោលនយោបាយនៃកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃបញ្ជាការដ្ឋានប៉ាស៊ីហ្វិក-អាមេរិក។
លោក សួន សំណាង ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្ដីថា សកម្មភាពសហប្រតិបត្តិការយោធាកាលរវាងកម្ពុជានិងអាមេរិក មានជាង ១០០សកម្មភាព ក្នុងមួយឆ្នាំៗ មុនឆ្នាំ២០១៦ ប៉ុន្តែសកម្មភាពភាពទាំងនេះត្រូវបានកាត់បន្ថយនិងធ្លាក់ចុះមកនៅត្រឹមតិចជាង ១០សកម្មភាពប៉ុណ្ណោះនាពេលពេលបច្ចុប្បន្ននេះ ដោយសារតែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការមមាញឹកច្រើននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។ លោកបន្តថា ជាទូទៅកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយភាគីអាមេរិក ទោះបីជាក្នុងទំហំមួយនៅមានកម្រិតក៏ដោយ។ លោក សួន សំណាង លើកឡើងទៀតថា កិច្ចព្រមព្រៀងរយៈពេល ១ ឆ្នាំនេះ ភាគច្រើនពាក់ព័ន្ធនឹងកិច្ចការងារមនុស្សធម៌ ការផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជាមុនពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស កម្មវិធីសុខាភិបាល និងកម្មវិធីធ្វើការងាររួមគ្នាក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន ការអប់រំ និងការហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទនៅវិទ្យាស្ថានសន្តិសុខអាស៊ីប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ជាដើម។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ប្រាប់អាស៊ីសេរីថា លោកមិនមានអ្វីអត្ថាធិប្បាយទេនៅពេលនេះ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
