ព្រះសង្ឃ​ខ្មែរ​ថា បើ​ចង់​ឱ្យ​ខ្មែរ​បាន​សុខ​ទាល់តែ​បក្ស​កាន់អំណាច​ឈប់​បៀតបៀន​បក្ស​ប្រឆាំង​តទៅ​ទៀត

0:00 / 0:00

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ថា បើ​ចង់​ឱ្យ​ខ្មែរ​បាន​សុខ ទាល់តែ​បក្ស​កាន់អំណាច ឈប់​បៀតបៀន​បក្ស​ប្រឆាំង ដូច​សព្វថ្ងៃ​នេះ​តទៅ​ទៀត។

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ មាន​ថេរដីកា​ថា អំពើ​របស់​គណបក្ស​កាន់​អំណាច​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​មិនមែន​ជា​មនុស្ស​របស់​បក្ស​ខ្លួន គឺជា​អំពើ​បាបកម្ម ដែល​នាំ​អន្តរាយ​ដល់​សេចក្ដី​សុខក្សេមក្សាន្ត​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «បច្ចុប្បន្ន​នេះ ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង ដែល​ធ្វើ​មិន​ឱ្យ​ខ្មែរ​បាន​សុខ ដោយសារ​បក្ស​ប្រជាជន​សុទ្ធសាធ។ បង្កើត​រឿង​អ្វី​ទាំងអស់ ជាពិសេស​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ច្បាប់​រម្លាយ​គេ តាមដាន​គេ ធ្វើបាប​គេ​តទៅទៀត កុំ​ឱ្យ​គេ​ងើបមុខ​រួច​។ អាហ្នឹង​ហើយ យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ»។

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ បន្ថែម​ថា ការ​បំផ្លាញ​សេចក្ដី​សុខ​អ្នកដទៃ​នេះ មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិនបាន​សុខ និង​ស្ងប់ចិត្ត​នោះ​ដែរ។ លោក​លើក​យក​ព្រះ​ពុទ្ធឱវាទ ត្រង់​ឃ្លា​ថា “​នត្ថិ សន្តិ បរំ សុខំ” ដែល​ព្រះពុទ្ធ​ប្រៀនប្រដៅ​មនុស្ស​ថា គ្មាន​សេចក្តី​សុខ​ឯណា ស្មើនឹង​សេចក្ដី​ស្ងប់​ឡើយ ឬ​សេចក្តី​សុខ​គ្រប់យ៉ាង កើត​មក​អំពី​សេចក្ដី​ស្ងប់។

នៅ​ក្នុង​ន័យ​នេះ ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ បន្ថែម​ថា បើ​ប្រាស​ចាស​សេចក្ដី​ស្ងប់​នេះ គឺ​សុខ​សន្តិភាព​គ្មាន​ទេ៖ «ចិត្ត​អត់​ស្ងប់​ ! បៀតបៀន​គណបក្ស​សង្គ្រោះ​ជាតិ បៀតបៀន​ប្រជារាស្ត្រ​របស់​ខ្លួន អាហ្នឹង​អត់​សុខ​ទេ។ ប្រទេស​ហ្នឹង​អត់​សុខ​ទេ​ ! ស្ងប់​មិនមែន​តែ​អត់​ចម្បាំង​ច្បាំង​គ្នា ថា​សុខ​នោះ​ទេ អត់​ទេ​។ អត់​ច្បាំង​សុខ​ម្យ៉ាង​ហើយ ប៉ុន្តែ សុខ​កុំ​ឱ្យ​បៀតបៀន​ប្រជារាស្ត្រ​ខ្លួនឯង ការងារ​ប្រចាំថ្ងៃ​សព្វថ្ងៃ គឺ​ចាប់​កំហុស​ប្រជារាស្ត្រ យក​ទៅ​ដាក់​ពន្ធនាគារ​។ អាហ្នឹង​ហើយ​ដែល​ធ្វើ​មិន​ឱ្យ​ខ្មែរ​បាន​សុខ។ គ្មាន​សង្គ្រាម​តទល់​គ្នា​ក៏ដោយ ប៉ុន្តែ​បក្ស​ប្រជាជន​រករឿង​ប្រជារាស្ត្រ​របស់​ខ្លួន បើ​ប្រជារាស្ត្រ​នោះ​មិន​គាំទ្រ​ខ្លួន មិន​គាំទ្រ​បក្ស​របស់​ខ្លួន រករឿង​ប្រជាពលរដ្ឋ​អត់​ចប់

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

»។

ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវ​ណ្ណ ថា​អំពើ​បាប​ដែល​គណបក្ស​កាន់​អំណាច​កំពុង​សាង​នេះ គឺ​បង្ហាញ​បាបកម្ម​ជាក់ស្ដែង​ជា​បណ្តើរៗ​ហើយ ដោយ​មិន​ចាំជាតិ​ក្រោយ​នោះ​ឡើយ៖ «សាង​អាក្រក់​នាំ​ឱ្យ​ក្តៅ​ក្រហាយ​ខ្លួន ភ័យភិត ដេក​ផ្លាស់កន្លែង ខ្លាច​គេ​ព្យាបាទ​វិញ​ ! ទី​ពីរ សហគមន៍​អន្តរជាតិ កំពុង​ដាក់​ទណ្ឌកម្ម​ ! អាហ្នឹង​ហើយ​គឺ​បាប​ ! កំពុង​ដាក់​ទណ្ឌកម្ម​បន្តៗ​ទៅទៀត​។ ហើយ​ប្រជារាស្ត្រ​តស៊ូ​មតិ ដោយ​ប្រុងប្រយ័ត្ន​។ ហើយ​បក្ស​ប្រជាជន​អត់​ឋិតថេរ​ទេ ព្រោះ​ខ្លួន​នៅតែ​សាង​អំពើ​បាប​។ ប្រជារាស្ត្រ​មិន​អាច​គាំទ្រ​អ្នក​ដឹកនាំ ដែល​ធ្វើបាប​ខ្លួន​ទេ គេ​ចង់​ផ្លាស់ប្ដូរ​។ បើ​បក្ស​ប្រជាជន​ធ្វើ​ល្អ គេ​ចង់​ទុក តែ​បើ​ធ្វើ​អាក្រក់​ដូច្នេះ គេ​ចង់​ផ្លាស់ប្ដូរ ជា​ការ​ពិត។ មាន​នរណា​ចង់បាន​ទុក្ខ គេ​ចង់បាន​សុខ»។

ដើម្បី​បាន​សុខ​ទាំងអស់​គ្នា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ ថា មន្ត្រី​បក្ស​កាន់អំណាច ត្រូវ​រៀន​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ដោយ​ឈប់​មាន​ចិត្ត​បៀតបៀន​អ្នកដទៃ​បែប​នេះ​តទៅ​ទៀត ព្រោះ​ចិត្ត​ស្ងប់​នេះ វា​នឹង​បញ្ជា​កាយវាចា ឱ្យ​ឈប់​បៀតបៀន​គេ​ដែរ។ ព្រះតេជព្រះគុណ បន្ត​ថា ពេល​ចូលឆ្នាំ​សាកល​ប្រពៃណី​សកលលោក​នេះ ខ្មែរ​ទាំងអស់ ទាំង​អ្នក​កាន់​អំណាច ទាំង​ប្រជារាស្ត្រ​ខ្មែរ បើ​ស្ងប់​ផ្លូវចិត្ត​ប្រទេស​ហ្នឹង​បាន​សុខ​។ មិន​បៀតបៀន​គ្នា​ទៅវិញ ទៅមក ស្រលាញ់​រាប់អាន​គ្នា​ត្រឹមត្រូវ មិន​រំលោភ​លើ​សិទ្ធិ​គ្នា ជាពិសេស​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ៖ «សូម​អំពាវនាវ​ថា​ឱ្យ​ខ្មែរ​ទាំង​ប្រជារាស្ត្រ ទាំង​អ្នកកាន់អំណាច​រក្សា​សេចក្ដី​ស្ងប់ ស្ងប់​ផ្លូវចិត្ត កុំ​បៀតបៀន​ប្រជារាស្ត្រ​របស់​ខ្លួន ត្រូវ​គិត​ថា ជា​ជនរួមជាតិ រក្សា​បូរណភាព​ទឹកដី ឱ្យ​បាន​គង់វង្ស​ទើប​ការ​ជូនពរ​ឆ្នាំ​ថ្មី​បាន​សុខ​ចម្រើន។ បើ​អត់​ធ្វើ​ដូច្នេះ​ទេ ជូនពរ​ក៏​អត់​ប្រយោជន៍​អ្វី​នោះ​ដែរ ព្រោះ​បើ​មនុស្ស​មិន​បៀតបៀន​គ្នា ទោះ​មិន​ជូនពរ​ក៏បាន​សុខ​ដែរ

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤។
ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤។ (CLEC Photo)

»។

ជាមួយ​គ្នា​នេះ​ដែរ ព្រះតេជព្រះគុណ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ បន្ត​រើ​បម្រះ តទៅ​ទៀត ដើម្បី​ទាមទារ​ឱ្យ​មានការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​គណបក្ស​នេះ ជា​ជនរងគ្រោះ​ដោយ​អំពើ​បាប​របស់​គណបក្ស​កាន់​អំណាច។ ទោះជា​យ៉ាង​នេះ​ក្តី ព្រះតេជព្រះគុណ​បណ្ឌិត ហុក សាវណ្ណ អំពាវនាវ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ បន្ត​តស៊ូ​មតិ និង​តវ៉ា ដោយ​រួបរួម​គ្នា និង​ដោយ​មិន​ប្រើ​ហិង្សា ទើប​អាច​ទទួលជោគជ័យ ដោយមាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។