ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គណបក្សប្រឆាំង និងក្រុមយុវជនទាមទារឱ្យរដ្ឋាភិបាល ផ្ញើកំណត់ទូតទៅប្រទេសវៀតណាម ទាក់ទិនករណី រំលោភអធិបតេយ្យភាពកម្ពុជា ជាថ្មីទៀត។ ចំណែកក្រសួងការបរទេសកម្ពុជាអះអាងថា កម្ពុជាត្រៀមផ្ញើកំណត់ទូតទៅភាគីវៀតណាមដែរ ប៉ុន្តែរង់ចាំរបាយការណ៍ពិស្ដារ ពីអាជ្ញាធរពាក់ព័ន្ធសិន។
ការបោះតង់ចំនួន ៩ ចូលដីខ្មែរ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ពីសំណាក់ភាគីវៀតណាម គឺជាប្រធានបទក្ដៅ ដែលក្រុមយុវជន ពលរដ្ឋ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ទាមទារឱ្យរដ្ឋាភិបាល មានជំហរមុតមាំ ជំរុញឱ្យវៀតណាមរុះរើតង់ចំនួន ៩ និងត្រូវដកកងកម្លាំងយោធាប្រដាប់អាវុធ ចេញពីតំបន់នោះ ជាបន្ទាន់។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ចាត់ទុកទង្វើរបស់វៀតណាម ជាមហិច្ឆតាឈ្លានពានទឹកដីខ្មែរបន្តទៀត ហើយលោកចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ជាមូលដ្ឋាន។ តែយ៉ាងណា លោកកោតសរសើរអាជ្ញាធរខេត្តកណ្ដាល ដែលបានបញ្ជូនសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ ទាហានវៀតណាម ឆ្លងចូលដីខ្មែរ និងបានផ្តល់ដំណឹងបញ្ហានេះទាន់ពេលវេលា។ លោកស្នើឱ្យរដ្ឋាភិបាល ត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធចុះល្បាត ការពារព្រំដែនតំបន់នោះ និងត្រូវបន្ថែមល្បឿនអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន៖ «រដ្ឋាភិបាលត្រូវតែធ្វើលិខិតមួយ សុំអន្តរាគមន៍ ឬយើងប្តឹងទៅ ប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា ឱ្យជួយធ្វើអន្តរាគមន៍ទាក់ទង ទៅនឹងបញ្ហាយួន ឈ្លានពាន អធិបតេយ្យនៃកម្ពុជាយើង។ អាហ្នឹងយើងអាចរកដំណោះស្រាយ ការពារអធិបតេយ្យដែនដី របស់កម្ពុជាយើងបាន»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី៣០ មេសា។
តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ធ្លាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ មេសាថា ក្រសួងនៅរង់ចាំរបាយការណ៍ផ្លូវការពីក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីចាត់វិធានការឆ្លើយតបតាមការទូត។
កាលពីឆ្នាំ ២០១៥ ក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូតស្នើទៅប្រទេសវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវការជីកដីធ្វើគ្រឹះសង់ប៉ុស្តិ៍យោធា នៅតំបន់នោះ បន្ទាប់ពី មានតំណាងរាស្ត្របក្សប្រឆាំង ពលរដ្ឋ និងយុវជនអះអាងថា ជាការឈ្លានពានបូរណភាពទឹកដីខ្មែរ ពីសំណាក់ភាគីវៀតណាម។ ប៉ុន្តែរហូតមកទល់ពេលនេះ អាស៊ីសេរីនៅមិនទាន់ទទួលព័ត៌មានថា តើវៀតណាម នឹងឈប់សាងសង់ប៉ុស្តិ៍យោធា នៅតំបន់នោះ តាមសំណើរបស់ភាគីកម្ពុជាឬយ៉ាងណាទេ?
របាយការណ៍ ក្រុមការងារ ១០០ រាត្រីបង្ហាញថា កន្លងទៅ ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជាវៀតណាម រួមមាន ខេត្តស្វាយរៀង ខេត្តកំពត ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ ជាដើម ត្រូវបានយោធាវៀតណាម ធ្វើទុក្ខបុកម្នេញ មិនឱ្យធ្វើស្រែលើដីរបស់ខ្លួន ដែនកាន់កាប់តាំងពីដូនតា និងមិនឱ្យសង់លំនៅឋានជាដើម។
ក្រុមពលរដ្ឋមួយចំនួន រស់នៅជិតព្រំដែនកម្ពុជាវៀតណាម នាខេត្តត្បូងឃ្មុំ បានត្អូញត្អែរ ចំពោះការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាម។ ពលរដ្ឋរស់នៅស្រុកពញាក្រែក និងស្រុកមេមត់ ចោទអាជ្ញាធរវៀតណាមថា បានគំរាមកំហែងមិនឱ្យអ្នកភូមិធ្វើស្រែលើដីរបស់ខ្លួន ដែលពួកគេធ្លាប់បានបង្កបង្កើនផលតាំងពីបុរាណមក។ ក្រុមពលរដ្ឋមួយចំនួន បានស្រែកយំ បង្ហាញពីទុក្ខកង្វល់ទាំងនេះ នៅចំពោះមុខក្រុមយុវជនដែលចុះទៅពិនិត្យបង្គោលព្រំដែន នៅតំបន់នោះ កាលពីពេលកន្លងទៅ ៖ «ខ្ញុំធ្វើដីនេះតាំងពីអាយុខ្ញុំ ១២ឆ្នាំ តាខ្ញុំ និងយាយខ្ញុំរស់នៅ ឥឡូវនេះគេ (វៀតណាម) យកហើយនេះ។ ពលរដ្ឋម្នាក់ទៀត ម៉ែ និងឪខ្ញុំអត់មានប្រកាសថា កូនអើយទឹកដីខ្ញុំត្រឹមនេះ ឬត្រឹមនោះ គឺអត់មានតែល្បាក់ទីមួយ គឺវាយកមួយល្បាក់ហើយ គឺវាយកមកដល់ជាំប្រាំល្វែងនេះ វាយកមកត្រឹមបុស្ស»។
ប្រធានក្រុមការងារ ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី សង្កេតឃើញថា ប្រព័ន្ធការពារព្រំដែន របស់រដ្ឋាភិបាលទន់ខ្សោយខ្លាំង ជាពិសេស អាជ្ញាធរខ្មែរ បណ្ដែតបណ្ដោយឱ្យប្រជាជនវៀតណាម មកសង់លំនៅឋាន លើទឹកដីខ្មែរ ក្បែរព្រំដែនខុសច្បាប់ ៖ «ការដែលយើង អត់មានភាពច្បាស់លាស់ ក្នុងការ ការពារព្រំដែន ហ្នឹងហើយដែលធ្វើឱ្យវៀតណាមឆ្លៀតឱកាស ទន្ទ្រានមកមុខ ទៅតាមអ្វីដែលគេអាចធ្វើទៅបាន។ រដ្ឋាភិបាលយើង ក្នុងការពារព្រំដែន នៅមានកម្រិតទាបណាស់ បើយើងប្រៀបធៀបជាមួយវៀតណាម។ វៀតណាមមានភាពច្បាស់លាស់ ក្នុងការ ការពារព្រំដែន ទាំងផ្លូវច្បាប់ វិស្សកម្ម និងផ្លូវនយោបាយ។ យើងឃើញ តំបន់មិនទាន់ឯកភាពគ្នា វៀតណាមធ្វើការគ្រប់គ្រងដោយមាន ប្រៀបមកលើកម្ពុជាដូចជា តំបន់ដាក់ដាំ ដាក់ហ៊ួដជាដើម»។
កាលពីថ្ងៃទី១៧ មករា ឆ្នាំ ១៩៩៥ ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នា ចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មានរួមមួយ ស្ដីពីរក្សាតំបន់មិនទាន់ឯកភាពគ្នា បោះបង្គោលព្រំដែន ឱ្យនៅស្ថានភាពដដែល ពោលគឺ គ្មានការអភិវឌ្ឍអ្វីទាំងអស់។ ក៏ប៉ុន្តែកាលពីឆ្នាំ ២០១៥ វៀតណាមបានសង់ប៉ុស្តិ៍យោធាមួយ នៅតំបន់នោះ រំលោភកិច្ចព្រមព្រៀងនេះ ហើយកាលពីថ្មីៗនេះ ភាគីវៀតណាម បានបោះតង់ចំនួន ៩ និងបញ្ជូនកម្លាំងយោធាប្រដាប់អាវុធ ឆ្លងចូលដីខ្មែរ ឋិតនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ខេត្តអានយ៉ាង (An Giang ) ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។