«ការ​ងាក​ទៅ​រក​ចិន​ទាំង​នយោបាយ ​ទាំង​ពាណិជ្ជកម្ម​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទាំង​ចំណូល​សេដ្ឋកិច្ច​ និង​នយោបាយ»

លោក ទីន ហ្សាការីយ៉ា
2019-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​ លោក​ លី ឃឺឆាំង ​ក្នុង​អំឡុង​ពេល​ពិធី​ចុះ​ហត្ថលេខា​នៅ​មហាសាល​ប្រជាជន​ នាក្រុង​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៩។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​ លោក​ លី ឃឺឆាំង ​ក្នុង​អំឡុង​ពេល​ពិធី​ចុះ​ហត្ថលេខា​នៅ​មហាសាល​ប្រជាជន​ នាក្រុង​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៩។
AP

អ្នកវិភាគ​សំដែង​ការ​ព្រួយបារម្ភ​ថា​ ងាក​ទៅ​រក​ចិន​របស់​របប​ក្រុងភ្នំពេញ​ទាំង​នយោបាយ​ ទាំង​ពាណិជ្ជកម្ម​នោះ​ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទាំង​ចំណូល​សេដ្ឋកិច្ច​ ទាំង​នយោបាយ​ នឹង​បង្ក​ឱ្យ​មានអំពើ​ពុករលួយ​ ការរំលោភ​សិទ្ធិមនុស្ស​ និង​អភិបាលកិច្ច​មិនល្អ​នៅក្នុង​ការដឹកនាំ​រដ្ឋ​។

អ្នកវិភាគ​អះអាង​ថា​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ មិន​ជួយ​ដល់​កណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​ស្មើភាព​ឡើយ​ ផ្ទុយទៅវិញ​ ពលរដ្ឋខ្មែរ​នៅតែ​ខ្វះ​ការងារ​ធ្វើ​ ហើយ​ ពលរដ្ឋខ្មែរ​នៅតែ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ដដែល​។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា​ វិនិយោគ​ របស់​ចិន​នៅ​កម្ពុជា​ គ្មាន​សុចរិត​ភាព​ គ្មាន​តម្លាភាព​ គ្មាន​អភិបាលកិច្ច​ល្អ​ ដែល​បង្កើត​ឱ្យ​មាន​ អំពើពុករលួយ​ និង​រំលោភសិទ្ធិ​មនុស្ស​។

អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ មានប្រសាសន៍​ថា​ បើសិនជា​កម្ពុជា​បាត់បង់​ទីផ្សារ​អាមេរិក​ (GSP​) និង​សហភាព​អឺរ៉ុប​ (EBA​) នោះ​ កម្ពុជា​នឹង​បាត់បង់​សក្ដានុពល​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ ពីព្រោះ​ថា​ កម្ពុជា​មិន​អាច​ពឹង​លើ​ ការ​វិនិយោគទុន​ របស់​ចិន​តែមួយ​បានទេ​ ពីព្រោះ​ទំហំ​វិនិយោគ​ពាណិជ្ជកម្ម​ រវាង​ចិន​និង​ កម្ពុជា​នោះ​ គឺ​ធ្វើ​ឱ្យ​ចិន​ទទួល​បានផល​ចំណេញ​លើសលុប​ពី​កម្ពុជា​។ លោក​ ឯម​ សុវណ្ណារ៉ា​ បាន​លើក​ជាឧទាហរណ៍​ វិស័យ​វាយនភណ្ឌ​កាត់ដេរ​ គឺ​វត្ថុធាតុដើម​ទាំងអស់​នាំចូល​ពី​ប្រទេស​ចិន​ ឯកម្ពុជា​បាន​ត្រឹម​លក់​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​ (កម្ពុជា​មាន​ឱកា​សនំាំ​ទំ​នេញ​ចេញទៅ​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប​ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ ស្បែកជើង​នោះ​ គឺ​បានតែ​តា​រយៈ​ការ​លក់​កម្លាំង​ពលកម្ម​ (កម្មករ​រោងចក្រ​) និង​ពន្ធ​បន្តិចបន្តួច​ ប៉ុន្តែ​ចិន​វិញ​ បាន​ចំណូល​ពី​កម្ពុជា​លើ​វិស័យ​នេះ​ ច្រើនលើស​លុប​ ព្រោះថា​ ចិន​បាន​ចំណូល​ទាំង​វត្ថុធាតុដើម​ ដែល​នាំចូល​ពី​ចិន​ យក​មក​ផលិត​នៅ​កម្ពុជា​ មុ​ននឹងបញ្ជួន​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ ដូចជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​កាបូប​។ល។)

ទាក់ទង​និង​បញ្ហា​នេះ​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី១៩​ ខែមេសា​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ដោយ​លើកឡើង​ថា​ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​ប្រទេស​កម្ពុជា​ តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​ មិនមែន​កម្ពុជា​នោះ​ទេ​។

ស្ថានទូត​អាមេរិក​ថា​ បរិមាណ​ពាណិជ្ជកម្ម​ប្រហែល​ ៨៧​% ​;នៃ​ទំនិញ​ដោះដូរ​គ្នា​ គឺជា​ទំនិញ​នាំចូល​មក​ពី​ប្រទេស​ចិន​ ដែល​មិន​ជួយ​ដល់​ការ​បង្កើន​ការងារ​ ឬជួយ​ដល់​ឧស្សាហកម្ម​មិន​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ ជាមួយ​សហរដ្ឋអាមេរិក​ ឬសហភាព​អឺរ៉ុប​នោះ​ទេ​។

ដោយឡែក​ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ កម្ពុជា​នាំចូល​ពី​អាមេរិក​ក្នុង​បរិមាណ​តិច​ តែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​អាមេរិក​ក្នុង​បរិមាណ​ច្រើន​ គឺ​ក្នុង​តម្លៃ​សរុប​ដល់ទៅ​ជាង​ ៣ពាន់​លាន​ដុល្លារ​រអា​មេ​រិក​ ។ រី​ឯជាមួយ​ចិន​វិញ​ កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ក្នុង​តម្លៃ​សរុប​ប្រមាណ​តែ​ជាង​ ៧៥០​ លាន​ដុល្លារ​រអា​មេ​រិក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៧​។

ឆ្លើយតប​និង​បញ្ហា​នេះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុ​កខ្លួន​ ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ដាក់ផ្លែផ្កា​ឱ្យ​អាមេរិក​ថា​ ជា​អ្នក​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​។ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​លើកឡើង​ ថា​ ប្រហែល​មានតែ​នៅ​ស្រុកខ្មែរ​ទេ​ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ​ ​;(fake​ news​) ​;វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង​ វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង​។ លោក​និយាយ​ក្នុង​ន័យ​ឌឺដង​ឱ្យ​អាមេរិក​ថា​ មានតែ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុកខ្មែរ​ តែ​អាមេរិក​ភ្លេច​បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ផង​ដែរ​ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​តើមាន​ប៉ុន្មាន​? ​;លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បន្ត​ទៀត​ថា​ កម្ពុជា​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ប្រទេស​ ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​ តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ​ ព្រោះតែ​ភាព​អគតិ​របស់​ខ្លួន​ទៅវិញ​។;

ទោះបីជា​យ៉ាងនេះ​ក្ដី​ លោក​ គល់​ បញ្ញា​ ប្រធាន​អង្គ​ការ​ខុ​មហ្វ្រែល​ ពន្យល់​ថា​ ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ គ្មាន​សុចរិត​ភាព​ តម្លាភាព​ និង​លើកស្ទួយ​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ឡើយ​។ លោក​ បន្ថែម​ថា​ ចិន​តែងតែមាន​ឥទ្ធិពល​លើ​កម្ពុជា​ ទាំង​ពាណិជ្ជកម្ម​ និង​ នយោបាយ​។ លោក​បាន​លើក​ជា​ឧទហរណ៍​ជាក់ស្ដែង​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ពេល​ថ្មី​ៗនេះ​ នៅ​ក្រោយពី​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ ដឹកនាំ​រដ្ឋាភិបាល​នោះ​ គឺ​រដ្ឋាភិបាល​ថ្មី​ធ្វើ​កំណែទម្រង់​ពិនិត្យ​ឡើងវិញ​នូវ​រាល់​វិនិយោគ​ និង​ជំនួយ​របស់​ចិន​ លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អតីត​នាយក​រដ្ឋមន្រ្តី​ លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ (Najib​ Razack​) ក្នុង​រដ្ឋ​ដ្ឋ​បាល​គ្រប់គ្រង​របស់​លោ​កប្រព្រិត្ត​នូវ​អំពើពុករលួយ​ធ្ងន់ធ្ងរ​នោះ​ (ក្រោយពី​មាន​រដ្ឋាភិបាល​ថ្មី​ ប្រជាពលរដ្ឋ​ម៉ា​ឡេ​គេ​មិនសុខចិត្ត​ទៅលើ​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង២០ពាន់​លាន​ដុល្លារ​រមិន​មាន​តម្លាភាព​និង​មិន​ត្រូវ​នោះ​ រដ្ឋាភិបាល​ថ្មី​ផ្អាក​គម្រោង​នោះ​ តែ​អ្វី​ដែល​ចាប់អារម្មណ៍​ចិន​មក​ចរចា​ជាមួយ​រដ្ឋាភិបាល​ថ្មី​ ទម្លាក់​គម្រោង​នៅសល់​តែ១១ពាន់​លាន​ដុល្លារ​រវិ​ញ មានន័យថា​បំបាត់​អំពើពុករលួយ​ ហើយ​នៅពេល​មាន​រដ្ឋាភិបាល​អនុវត្ត​តាម​ដំណើ​ការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ ប្រជាធិបតេយ្យ​រឹងមាំ​ធ្វើ​ឱ្យ​ចិន​បាត់បង់​ផលប្រយោជន៍​)

ចិន​មិន​ត្រឹមតែ​មាន​មហិ​ច្ឆិ​តា​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ​ ចិន​មាន​មហិច្ឆតា​ ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ ភូមិ​សាស្រ្ត​នយោបាយ​ និង​វប្បធម៌​របស់​ខ្លួន​ នៅ​ជំ​វិញ​ពិភពលោក​ តាមរយៈ​ គំនិត​ផ្ដួចផ្ដើម​ គម្រោង​ខ្សែក្រវាត់​មួយ​ វិថី​មួយ​ ឬហៅ​ថា​ “ វិថី​សូត្រ​ថ្មី​”  ​;ដែល​នឹង​ចំណាយ​លុយ១០០ពាន់​លាន​ដុល្លារ​រ ឬ១​ ទ្រី​លាន​ដុល្លារ​រ ដើម្បី​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្រួលការ​ផ្លាស់ប្ដូរ​ ពាណិជ្ជកម្ម​ រវាង​ប្រទេស​ក្នុង​ទ្វីប​ អាមេរិក​ ទៅកាន់​ទ្វីបអាស៊ី​ អាហ្វ្រិក​ អឺរ៉ុប​ និង​តំបន់​ផ្សេង​ៗទៀត​។

​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​ “វេទិកា​វិថី​សូត្រ​ថ្មី​ទី២​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​” នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ចាប់ពី​ថ្ងៃទី២៥​ ដល់ទី២៩​ មេសា​នេះ​។

នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ ហ៊ុន​ សែន​ នៅ​ប្រទេស​ចិន​ កាលពី​ខែមករា​ឆ្នាំ២០១៩នេះ​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ អះអាង​ ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​រួចហើយ​ ដើម្បី​ជំរុញ​គម្រោង​វិថី​សូត្រ​ថ្មីនេះ​ ជាមួយ​ចិន​ឱ្យ​បាន​ជោគជ័យ​។ លោក​ប្ដេជ្ញា​ថា​ ​កម្ពុជា​និង​ចិន​ នឹង​ខិតខំ​ជំ​រុ​ញប​ង្កើត​នទំហំ​ពាណិជ្ជកម្ម​ឱ្យ​ឡើង​ដល់​ ១០ពាន់​លាន​ដុល្លារ​រនៅ​ឆ្នាំ​ ២០២៣​។

នៅក្នុង​វេទិកា​អ្នកស្ដាប់​អាស៊ី​សេរី​ កាលពី​រាត្រី​ថ្ងៃទី២៣​ មេសា​ អ្នកស្ដាប់​មួយ​រូប​ មក​ពី​ខេត្ត​កំពង់ចាម​ បាន​ចោទ​ជា​សំនួរ​ថា​ តើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចាប់​យក​ចិន​ ជា​ខ្នងបង្អែក​ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច​នេះ​ និង​មាន​ចំណេញ​ឬប៉ះពាល់​អ្វីខ្លះ​ដល់​កម្ពុជា​។ លោក​ក៏បាន​ចោទសួរ​បន្ថែម​ទៀត​ដូច្នេះ​(តើ​សហគមន៍​ជាតិ​ អន្តរជាតិ​ គេ​យល់ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​មហិច្ឆតា​ចិន​ ដើម្បី​កេង​ចំណេញ​លើទឹក​ដីខ្មែរ​កំពុងតែ​មាន​យោ​បាយ​កំពុងតែ​ច្របូកច្របល់​នេះ​?)

លោក​ គល់​ បញ្ញា​បាន​ឆ្លើយតប​ថា​ ការ​ចាប់​យក​ចិន​ ទំាង​សេដ្ឋកិច្ច​និង​យោ​បាយ​នេះ​ មិន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើន​ទេ​ ផ្ទុយទៅវិញ​ ចិន​ចូលចិត្ត​វិនិយោគ​នៅក្នុង​ប្រទេស​ណា​ដែល​ មិន​ដើរតាមគន្លង​ប្រជាធិបតេយ្យ​ ហើយ​ចាប់​យក​តែ​អ្នកនយោបាយ​ ដោយ​មិន​ខ្វល់​អំពី​ប្រជារាស្រ្ត​ជាទូទៅ​ ដូចដែល​ប្រទេស​លោកសេរី​ឡើយ​ (ការ​វិនិយោគ​របស់​ចិន​ និង​ការ​ផ្ដល់​ជំនួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នេះ​ គឺ​រដ្ឋាភិបាល​មិនបាន​បើក​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ឱ្យ​បាន​ពេញលេញ​ទេ​ ព្រោះ​ចិន​មិន​គាំទ្រ​ឱ្យ​មាន​ ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ទេ​ គាត់​ទាក់ទង​តែ​អ្នកមាន​អំណាច​នៅក្នុង​ការ​វិនិយោគ​ ដែល​ជា​ការ​វិនិយោគ​មិន​ត្រឹមត្រូវ​)

សំណួរ​ដែល​ថា​ តើ​សហគមន៍​ជាតិ​ អន្តរជាតិ​ យល់ឃើញ​ដូចម្ដេច​ចំពោះ​មហាអំណាច​ចិន​មក​លើ​កម្ពុជា​វិញ​។  ​;លោក​ ឯម​ សុ​ណ្ណា​រ៉ា​ ពន្យល់​ថា​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ​ ពិតជា​ជួយ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មែន​ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នេះ​ មិន​ជួយ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋខ្មែរ​បាន​ច្រើន​ឡើយ​ ផ្ទុយទៅវិញ​ ពលរដ្ឋខ្មែរ​នៅតែ​ក្លាយជា​ពលករ​ចំណាកស្រុក​គ្មាន​ជំនាញ​ ដែល​ធ្វើ​ចំណាកស្រុក​រាប់​លាន​នាក់​។ លោក​ បន្ថែម​ថា​ មេដឹកនាំ​កម្ពុជា​ មិន​អាច​ចាប់​យក​ចិន​ ហើយ​បោះបង់​សហរដ្ឋអាមេរិក​ និង​ សហភាព​អឺរ៉ុប​បាន​ឡើយ​​ (សហគមន៍​អន្តរជាតិ​គឺ​មាន​ពីរ​សំខាន់​ គឺ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដែល​ប៉ូល​ទាំងពីរ​នេះ​ ផ្ដោត​ខ្លាំង​ទៅលើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ តែ​ចិន​មិន​ចង់​ឱ្យ​កម្ពុជា​ឯករាជ្យ​ដោយខ្លួនឯង​ទេ​ គឺ​នឹង​ធ្វើ​ឱ្យ​ចិន​ខាតបង់​ផលប្រយោជន៍​។ ផ្ទុយទៅវិញ​សម្រាប់​កម្ពុជា​វិញ​ នៅពេល​ចាប់​យក​ចិន​តែមួយ​ដូច្នេះ​ គឺ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​សម្រាប់​ជាតិ​ ព្រោះថា​ បើ​កម្ពុជា​ចាប់​យក​ចិន​ និង​ចាប់​យក​អាមេរិក​ផង​ អឺរ៉ុប​ផង​ ទើប​កម្ពុជា​បានផល​ប្រយោជន៍​ច្រើន​)

សហរដ្ឋអាមេរិក​ ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) តាំងពី​ឆ្នាំ១៩៩៧​។ កម្ពុជា​ទទួល​បានការ​មិន​យកពន្ធ​សរុប​តម្លៃ​ ៤០០លាន​ដុល្លារ​រ ពី​សហរដ្ឋអាមេរិក​ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ចំណែក​ឯសហភាព​អឺរ៉ុប​ ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ តាមរយៈ​កម្ម​វិ​ធី​អ្វី​ៗទាំងអស់​ លើកលែងតែ​អាវុធ​ (Everything​ But​ Arms​, EBA​) តាំងពី​ឆ្នាំ២០១២មក​ ហើយ​ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​ទទួល​បានការ​មិន​យកពន្ធ​ សរុប​តម្លៃ​ជិត​ ៧០០លាន​ដុល្លារ​រ ពី​សហភាព​អឺរ៉ុប​។

ចិន​បាន​ប្រើ​យុទ្ធ​សាស្រ្ត​នយោបាយ​ចាប់​យក​អ្នកឈ្នះ​ គិត​ចាប់ពី​ទសវត្ស​ឆ្នាំ១៩៩៣មក​ ដល់​ឆ្នាំ១៩៩៧​ ចាប់​យក​គណ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច​ ដែល​ជាគ​ណបក្ស​ធ្លាប់​ឈ្នះ​ការបោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។ កាលណោះ​ចិន​ផ្ដល់​ទាំង​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ និង​ផ្ដល់​ទាំង​ជំនួយ​សម្រាប់​គណបក្ស​រាជា​និយម​នេះ​ ក៏ប៉ុន្តែ​ក្រោយពី​រដ្ឋប្រហារ​ឆ្នាំ១៩៩៧មក​ គឺ​ចាប់ពី​ឆ្នាំ១៩៩៨​ ចិន​បោះបង់​សម្ដេច​ក្រុមព្រះ​ នរោ​ត្ត​ រា​ណឫទ្ធិ​ និង​បាន​ចាប់ដៃ​ លោក​ ហ៊ុន​ សែន​ និង​ គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ជា​សម្ព័ន្ធ​មិត្ត​ទាំង​នយោបាយ​ ទាំង​ពាណិជ្ជកម្ម​ និង​ផ្ដល់​ទាំង​កម្ចី​ និង​ទាំង​ជំនួយ​។

ទោះបីជា​យ៉ាងនេះ​ក្ដី​ អ្នកវិភាគ​លើកឡើង​ថា​ នៅពេល​នេះ​ ចិន​ និង​កម្ពុជា​កំពុង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ជួយគ្នា​ទៅវិញទៅមក​។ ចិន​ត្រូវការ​កម្ពុជា​ ជាទី​តាំង​ភូមិ​សាស្រ្ត​ ពង្រីក​ភូមិ​សាស្រ្ត​នយោបាយ​ ដើម្បី​ចាប់​យក​ប្រទេស​នៅក្នុង​តបន់​បន្ថែម​ទៀត​។ រី​ឯកម្ពុជា​ត្រូវ​ពឹងផ្អែក​ចិន​កាន់​ខ្លាំង​ លើ​ជំនួយ​ កម្ចី​និង​នយោបាយ​ នៅ​ស្រប​ពេល​ប្រទេស​លោកខាងលិច​ នឹង​ដាក់ទណ្ឌកម្ម​តាមរយៈ​ការបញ្ឈប់​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​EBA​ ​របស់​អឺរ៉ុប​ និង​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​ ​GSP​នោះ​។ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ កម្ពុជា​ជំពាក់បំណុល​ចិន​ជាង​ ៤ពាន់​ ៦លាន​ដុល្លារ​រ ។ អ្នកវិភាគ​អះអាង​ថា​ កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ តាមរយៈ​ជំនួយ​ និង​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង​ ហើយ​និន្នាការ​បែបនេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ​ភាព​លើ​វិស័យ​សេដ្ឋកិច្ច​ និង​នយោបាយ​បាន​ដោយខ្លួនឯង​ឡើយ​។ ក៏ប៉ុន្តែ​ការ​ងាក​ទាំងស្រុង​របស់​របប​លោក​ ហ៊ុន​ សែន​ ទៅ​ចិន​នេះ​ គឺ​របប​នេះ​ កំពុងតែ​អនុវត្ត​ខុស​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ដែល​ចែងថា​ កម្ពុជា​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ និង​ជារ​ដ្ឋ​ឯករាជ្យ​មិន​អាច​បំបែក​បាន​ និង​ឈរ​លើ​នយោបាយ​អព្យា​ក្រឹត្យ​នោះ​៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល