លោក ហោ ណាំហុង បារម្ភ​ខ្លាច​តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​ឯករាជ្យ

ក្រុម​អ្នក​ច្បាប់ និង​តំណាង​ភាគី​កម្ពុជា បាន​បញ្ចប់​ការ​ឡើង​បកស្រាយ​របស់​ខ្លួន​នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​មេសា ម្សិលមិញ។
ដោយ ជុន ច័ន្ទបុត្រ
2013.04.19
ហោ ណាំហុង ៣០៥ ១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

លោក ហោ ណាំហុង ដែល​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ការ​ឡើង​ថ្លែង​ជា​ចុង​ក្រោយ​របស់​លោក​ថា លោក​មាន​សង្ឃឹម​ថា តុលាការ​នឹង​ព្រម​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ តាម​សំណើ​របស់​កម្ពុជា តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ខ្លាច​ក្រែង​តែ​តុលាការ​ពិភពលោក​នេះ​មិន​ឯករាជ្យ។

ក្រុម​អ្នក​ច្បាប់​បី​នាក់ តំណាង​អោយ​ប្រទេស​កម្ពុជា បាន​ឡើង​ថ្លែង​នៅ​ចំពោះ​អង្គ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្តង​ម្នាក់ៗ ត​ទល់​នឹង​ការ​ចោទ​ប្រកាន់​នានា​របស់​ភាគី​ថៃ ដែល​បាន​ឡើង​ថ្លែង​កាល​ពី​ថ្ងៃ​កន្លង​ទៅ។

ឡើង​ថ្លែង​មុន​គេ គឺ​លោក រតមែន បាន់ឌី (Rodman Bundy) ដែល​ជា​សមាជិក​គណៈមេធាវី​នៃ​ទីក្រុង​ញ៉ូវយក និង​ជា​មេធាវី​នៅ​តុលាការ​ឧទ្ធរណ៍​ក្រុង​ប៉ារីស។ លោក​បាន​ឡើង​ត​តាំង​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ថៃ ថា​កម្ពុជា បន្លំ​ផែនទី​នោះ ថា​គឺ​ភាគី​ថៃ ទេ​ដែល​ជា​អ្នក​បន្លំ​នោះ។ លោក​លើក​ភស្តុតាង​បញ្ជាក់​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ បាន​សម្រេច​ក្តី​ដោយ​យក​ផែនទី​ក្នុង​ឧបសម្ពន្ធ​១ ជា​គោល។ លោក​អះអាង​ថា ខ្សែ​បន្ទាត់​ព្រំដែន​ដែល​គូស​នៅ​លើ​ផែនទី​នោះ​ហើយ ជា​អ្វី​ដែល​តុលាការ​ចាត់​ទុក​ថា​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពិត​ប្រាកដ។ លោក​បន្ត​ថា ការ​ដែល​ថៃ យក​ខ្សែ​ទឹក ឬ​យក​ផែនទី​ដទៃ​ណា​ទៀត​ជា​សម្អាង​នោះ គឺ​ជា​ការ​ប៉ុនប៉ង​ក្លែង​បន្លំ​របស់​ថៃ ហើយ។

មេធាវី​ពីរ​រូប​ទៀត​របស់​ភាគី​កម្ពុជា មាន​លោក ហ្វ្រង់គ្លីន បើរមែន (Sir Franklin Berman) និង​លោក ហ្សង់ម៉ាក់ សូរ៉ែល (Jean-Marc Sorel) ក៏​សុទ្ធ​តែ​បាន​អះអាង​ថា តុលាការ​ក្រុង​ឡាអេ នេះ ទទួល​យក​ផែនទី​តែ​មួយ​គត់​ជា​ផ្លូវ​ការ ហើយ​នោះ​គឺ​ជា​ផែនទី​ដែល​មាន​នៅ​ក្នុង​ឧបសម្ពន្ធ​១។

អ្នក​ច្បាប់​តំណាង​អោយ​កម្ពុជា ក៏​បាន​ចោទ​ទៅ​ភាគី​ថៃ វិញ​ថា ក្នុង​ការ​បកស្រាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ថៃ មិន​បាន​ឆ្លើយ​តប​មក​កម្ពុជា ជា​ភាគី​ដើម​បណ្ដឹង​ទេ តែ​ថៃ បែរ​ជា​យក​ឱកាស​ចោទ​ទៅ​កម្ពុជា ទៅ​វិញ។ លោក​ថា ភាគី​ថៃ ព្យាយាម​ចង់​អោយ​តុលាការ​ក្រុង​ឡាអេ សើរើ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ និង​មិន​ចង់​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​តាម​សំណើ​របស់​ភាគី​កម្ពុជា។

លោក​អ្នក​ច្បាប់​បញ្ជាក់​ថា នេះ​ជា​អំពើ​រំលោភ​ទៅ​នឹង​លក្ខន្តិក​របស់​តុលាការ។ លោក​បញ្ជាក់​ថា ដូច្នេះ​ប្រាកដ​ជា​មាន​ការ​មិន​យល់​ច្បាស់​ពី​អត្ថន័យ និង​វិសាលភាព​នៃ​សាលក្រម​នោះ​ហើយ។

លោក ហោ ណាំហុង ដែល​ជា​តំណាង​របស់​ប្រទេស​កម្ពុជា បាន​ឡើង​ថ្លែង​បញ្ចប់​ក្រោយ​គេ។ លោក​បាន​លើក​ឡើង​ថា ប្រទេស​ថៃ មិន​បាន​អនុវត្ត​សាលក្រម​ឆ្នាំ​១៩៦២ របស់​តុលាការ​ក្រុង​ឡាអេ ព្រម​ទាំង​មិន​ធ្វើ​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១ របស់​តុលាការ​នេះ​ទេ។ លោក​បញ្ជាក់​ថា ការ​ដែល​ថៃ មិន​ព្រម​អនុវត្ត​សាលក្រម និង​សេចក្តី​សម្រេច​នេះ​អោយ​បាន​ត្រឹមត្រូវ បាន​ធ្វើ​អោយ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស និង​រារាំង​ការ​រស់នៅ​អោយ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ។ ទន្ទឹម​នឹង​នេះ លោក​ក៏​ទទូច​អោយ​តុលាការ​បកស្រាយ​សាលក្រម​នោះ​អោយ​បាន​ច្បាស់។

១៨-មេសា-២០១៣៖ មេធាវី​ភាគី​កម្ពុជា លោក រតមែន បាន់ឌី (Rodman Bundy) បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
១៨-មេសា-២០១៣៖ មេធាវី​ភាគី​កម្ពុជា លោក រតមែន បាន់ឌី (Rodman Bundy) បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។
RFA/Chun Chanboth

លោក​បញ្ជាក់​ថា ផល​វិបាក​អាច​កើត​មាន​ឡើង​រវាង​ប្រទេស​ថៃ និង​កម្ពុជា ប្រសិន​បើ​សាលក្រម​ឆ្នាំ​១៩៦២ នេះ មិន​បាន​អនុវត្ត​ត្រឹមត្រូវ។ លោក​ក៏​លើក​ឡើង​ទៅ​អង្គ​តុលាការ​ថា សន្តិភាព និង​សន្តិសុខ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​បកស្រាយ​សាលក្រម​នេះ។

បន្ទាប់​ពី​ឡើង​ថ្លែង​នៅ​មុខ​អង្គ​តុលាការ​ហើយ លោក ហោ ណាំហុង ផ្តល់​កិច្ច​សម្ភាសន៍​មួយ​ដល់​វិទ្យុ​អាស៊ីសេរី។ ក្នុង​នោះ លោក​បញ្ជាក់​ពី​សេចក្តី​សង្ឃឹម​ចំពោះ​ការ​បកស្រាយ​របស់​កម្ពុជា។

លោក ជុន ច័ន្ទបុត្រ៖ ឯកឧត្តម មាន​ការ​សង្ឃឹម​បែប​ណា​ដែរ​ចំពោះ​ការ​បង្ហាញ​របស់​ភាគី​កម្ពុជា ទាំង​គណៈប្រតិភូ ទាំង​មេធាវី​ជួយ​រឿង​ក្តី​នេះ?

លោក ហោ ណាំហុង៖ ខ្ញុំ​សង្ឃឹម​ថា តុលាការ​ផ្អែក​លើ​ច្បាប់​សុទ្ធសាធ គឺ​ថា​តុលាការ​នឹង​បកស្រាយ​តាម​អ្វី​ដែល​យើង​លើក​ទឡ្ហីករណ៍​ច្បាប់​ជូន​តុលាការ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហោ ណាំហុង បាន​លើក​ឡើង​នូវ​ការ​បារម្ភ​របស់​លោក ចំពោះ​តុលាការ​ពិភពលោក​នេះ ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​លើក​ឡើង​ចំពោះ​តុលាការ​នៅ​កម្ពុជា។ នោះ គឺ​ការ​ក្រែង​តុលាការ​សម្រេច​ដោយ​មិន​ផ្អែក​តាម​ច្បាប់ តែ​សម្រេច​ដោយ​មាន​ការ​ជ្រៀតជ្រែក​ពី​នយោបាយ៖ «លើក​លែង​តែ​តុលាការ​មិន​ផ្អែក​លើ​ផ្លូវ​ច្បាប់ យក​កត្តា​នយោបាយ​មក​គិតគូរ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ។ អា​ហ្នឹង​ខ្ញុំ​មិន​អាច​ទាយ​មុន​ថា តុលាការ​សម្រេច​ថា​ម៉េច​ទេ។ តែ​បើ​សិន​ជា​តុលាការ​ផ្អែក​លើ​ផ្លូវ​ច្បាប់​សុទ្ធសាធ ដែល​យើង​លើក​យ៉ាង​គ្រប់គ្រាន់​ទាំងអស់ គ្រប់​ទិដ្ឋភាព​ទាំងអស់ យើង​នឹង​មាន​ការ​សង្ឃឹម​ថា​តុលាការ​នឹង​បកស្រាយ»

តុលាការ​ក្រុង​ឡាអេ នៅ​ថ្ងៃ​នេះ នឹង​ស្តាប់​ការ​បកស្រាយ​ត​ទល់​ទៅ​ភាគី​កម្ពុជា របស់​ថៃ ជា​ចុង​ក្រោយ មុន​នឹង​តុលាការ​ចេញ​សេចក្តី​សម្រេច​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។

សូម​អញ្ជើញ​លោក​អ្នក​នាង​រង់ចាំ​ស្តាប់ ថា​តើ​ថៃ នឹង​លើក​ចំណុច​អ្វី​មក​ត​តាំង​ជាមួយ​កម្ពុជា ទៀត នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​នា​ពេល​ព្រឹក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។