អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាមើលឃើញថា ពលរដ្ឋភាគច្រើននៅមិនទាន់យល់ដឹងពីតួនាទីរបស់ពួកគេនៅក្នុងដំណើរការប្រជាធិបតេយ្យនៅឡើយ ស្របពេលដែលអ្នកនយោបាយមិនយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ និងផ្ដល់ឱកាសឱ្យពួកគេបានអនុវត្តតួនាទីរបស់ពួកគេ។ បើទោះជាយ៉ាងណា ចំពោះចៅសង្កាត់ជាប់ឆ្នោតនៅសង្កាត់អូរចារមកពីគណបក្សសង្គ្រោះជាតិ អះអាងថាការធ្វើទុក្ខបុកម្នេញមិនឈប់ឈរពីអ្នកនយោបាយកាន់អំណាចទៅលើពលរដ្ឋ និងអ្នកនយោបាយប្រឆាំងគឺជាដើមចម ដែលធ្វើអោយពលរដ្ឋភ័យខ្លាច និងមិនអាចបំពេញតួនាទីរបស់ខ្លួនអោយបានពេញលេញ។
អ្នកវិភាគ និងជានាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន អោយដឹងថា ពលរដ្ឋមានតួនាទីសំខាន់នៅក្នុងការជំរុញដំណើរការប្រជាធិបតេយ្យ ប៉ុន្តែទោះជាយ៉ាងណាលោកថា ពលរដ្ឋខ្មែរភាគច្រើននៅមិនទាន់យល់ដឹងពីតួនាទី និងការទទួលរបស់ពួកគេនៅឡើយទេ។
លោកថាតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យគឺលើសពីការចូលរួមការបោះឆ្នោត និងការចូលរួមជាមួយគណបក្សនយោបាយ៖ « ដែលប្រជាជនចង់បានប្រជាធិបតេយ្យ ប៉ុន្តែពួកគាត់មិនមានចំណេះដឹង ជំនាញ និងប្រកាន់ឥរិយាបថជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ។ ប្រជាធិបតេយ្យក្នុងសង្គមអាចស្ដារអាច លូតលាស់បានមិនមែនគ្រាន់តែប្រជាជន ឬអ្នកនយោបាយប្រកាសខ្លួនឯងថា ខ្ញុំប្រជាពលរដ្ឋប្រជាធិបតេយ្យ ខ្ញុំជាអ្នកដឹកនាំនយោបាយតាមបែបប្រជាធិបតេយ្យទេ ប៉ុន្តែតម្រូវអោយទាំងប្រជាពលរដ្ឋមានចំណេះដឹងមានជំនាញ និងប្រកាន់ឥរិយាបថតាមគោលការណ៍ប្រជាធិបតេយ្យ ទើបប្រជាធិបតេយ្យអាចចម្រើនលូតលាស់ទៅមុខបាន»។
ចំណែកអ្នកសិក្សាការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី មើលឃើញដែរថា ពលរដ្ឋភាគច្រើនបានយល់ដឹងពីសិទ្ធិសេរីភាព ប៉ុន្តែនៅខ្វះខាតចំណុច ដែលជាការទទួលខុសត្រូវរបស់ពលរដ្ឋ។ លោកសោកស្ដាយដែលរដ្ឋាភិបាលបានបញ្ឈប់លែងមានបង្រៀនមុខវិជ្ជាពលរដ្ឋវិជ្ជានៅតាមសាលារៀន « យើងមើលដូចជាឆ្នាំ២០១៣ និង២០១៧ គឺពលរដ្ឋបានបំពេញតួនាទីរបស់គាត់ បង្ហាញពីភាពក្លាហាននៅក្នុងការទៅបោះឆ្នោតឱ្យអ្នកណា ដែលគាត់ចង់បោះឆ្នោតឱ្យ អ្នកណាដែលគាត់ចង់បានហើយ ប៉ុន្តែរឿងដែលបន្តទៅទៀត សួរថា នៅពេលគាត់រៀបចំឱ្យមានការបោះឆ្នោតរបស់គាត់រួចហើយហ្នឹង តើគាត់មានប្រើសិទ្ធិរបស់គាត់ទៅលើការត្រួតពិនិត្យ ទៅលើតម្លាភាពរបស់មេដឹកនាំរបស់គាត់ទេ ហ្នឹងហើយជាការខ្វះខាតមួយ»។
លោក មាស នី កត់សម្គាល់ពីការតវ៉ារបស់ពលរដ្ឋនៅសហរដ្ឋអាមេរិកប្រឆាំងនឹងទង្វើរបស់ប៉ូលិស ដែលធ្វើឱ្យជនស្បែកខ្មៅម្នាក់ស្លាប់ នោះថាជាការអនុវត្តសិទ្ធិ និងការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងការជំរុញឱ្យអាជ្ញាធរគោរពសិទ្ធិពលរដ្ឋ។ បុរសអាមេរិកាំងស្បែកខ្មៅ ហ្ស៊ច ផ្លយ (George Floy) បានស្លាប់ដោយថប់ដង្ហើមនៅពេល ប៉ូលិសនៅក្រុងមីនីអាប៉ូលិស (Minneapolis) ក្នុងរដ្ឋមីនីសូតា (Minnesota) សង្កត់ផ្ទប់នឹងដីកាលពីចុងខែឧសភា។ ទង្វើរបស់ប៉ូលិសនេះ ត្រូវបានពលរដ្ឋអាមេរិកចាត់ទុកថាជាអំពើឃោរឃៅ ដែលទាមទារអោយមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្ត និងកែទម្រង់។ ដោយសាររឿងនេះក៏ផ្ទុះការតវ៉ារបស់ពលរដ្ឋនៅគ្រប់រដ្ឋនៅសហរដ្ឋអាមេរិក និងរាលដាលទៅដល់បណ្ដាប្រទេសមួយចំនួនទៀត។
បើទោះជាយ៉ាងណាចំពោះអ្នកស្ដាប់អាស៊ីសេរីម្នាក់ គឺលោក ឡុក ឈិត បានបញ្ចេញមតិថាពលរដ្ឋអាមេរិកយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានក៏ដោយសារតែរដ្ឋាភិបាលបានអប់រំពលរដ្ឋអោយយល់ដឹងរឿងទាំងនោះ៖ « គេឱ្យប្រជាជនគេយល់ដឹងពីច្បាប់ យល់ដឹងពីរដ្ឋធម្មនុញ្ញ យល់ដឹងពីសភា យល់ដឹងពីការដឹកនាំរបស់សភា។ តែនៅស្រុកខ្មែរអត់ទេ នៅស្រុកខ្មែរមន្ត្រីធំៗ ទាំងអស់ជាចៅហ្វាយរបស់រាស្ត្រ ហើយប្រជាជនចង់សួរអីក៏សួរអត់បាន។ ម្ល៉ោះហើយខ្ញុំគិតថា ប្រជាធិបតេយ្យនៅស្រុកខ្មែរមិនអាចទៅមុខបានទេបើរដ្ឋាភិបាលនៅតែរឹតត្បិតមិនឱ្យប្រជាជនយល់ដឹងទាំងអស់ »។
ទាំងអ្នកវិភាគ អ្នកនយោបាយ ពលរដ្ឋ និងអង្គការអន្តរជាតិនានា បានមើលឃើញថាស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះកាន់តែខ្លាំងចាប់តាំងពីការរម្លាយគណបក្សប្រឆាំងធំជាងគេ កាលពីឆ្នាំ២០១៧ ការចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារ ហាមប្រាមមន្ត្រីជាង ១០០នាក់មិនអោយធ្វើនយោបាយ ចាប់សកម្មជន និងសមាជិកបក្សតាមមូលដ្ឋានដាក់ពន្ធនាគារជាបន្តបន្ទាប់ជាដើម។ ទាំងនោះឆ្លុះបញ្ចាំងអោយឃើញថា អ្នកកាន់អំណាចមិនត្រឹមតែមិនយកចិត្តទុកដាក់បង្រៀនប្រជាពលរដ្ឋអោយយល់ដឹងពីខឿនប្រជាធិបតេយ្យទេ គឺថែមទាំង បង្កើនការគំរាមកំហែងបំភិតបំភ័យពលរដ្ឋបន្ថែមទៀត។
ជាអាទិ៍កាលពីដើមខែមិថុនាថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា នឹងបន្តចាប់ខ្លួនសកម្មជន និងសមាជិកបក្សប្រឆាំង ដែលលោកចោទថាធ្វើវិទ្ធង្សនាសេដ្ឋកិច្ច៖ « ហើយហែងកំពុងតែចលនា។ ម្សិលមិញនេះ ហែង ប្រុងប្រជុំម៉ោង៨កន្លះយប់ នៅស្រុកខ្មែរ ដែលហែងនឹងដឹកនាំប្រជុំពីក្រៅប្រទេស។ ប៉ុន្តែហែង ត្រូវអាក់ខាន។ ផែនការរបស់ហែង ធ្វើឲ្យធនាគារនៅកម្ពុជា ដួលរលំទាំងអស់។ ចរិតហែងនេះ គឺចរិតបំផ្លាញជាតិពិតប្រាកដ។ ហែងកុំភ្លេច ហែងចង្អុលឲ្យអ្នកណាធ្វើការសម្រុក អញចាប់អ្នកហ្នឹងទាំងអស់។ អញប្រាប់តែប៉ិនហ្នឹងទេ។ បើហែងចង់ឲ្យអ្នកខាងក្នុងជាប់គុក ហែងចង្អុលឲ្យអាអ្នកហ្នឹងធ្វើទៅ។ វិទ្ធង្សនាសេដ្ឋកិច្ច ស្មើនឹងការធ្វើភេរវកម្ម វិទ្ធង្សនា។ ហែង ចង្អុលការមកអ្នកខាងក្នុង អញចាប់អាខាងក្នុង។ អញប្រកាស។ កុំចាំបាច់អ្វី បានព័ត៌មានជាក់លាក់ហើយ យកវាមក ឲ្យវាមកដេកស្ងៀមនៅមួយកន្លែងទៅ ហើយឲ្យវាបញ្ជាពីបារាំង ពីអាមេរិក ពីកាណាដា ឲ្យវាបញ្ជាមក។ បញ្ជាអ្វី បើក្បាលវាដាច់អស់រលីងហើយហ្នឹង អញវាយផ្ដាច់ក្បាលហែងទាំងអស់ »។
ចំពោះចៅសង្កាត់ជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត អោយដឹងថាពេលនេះទាំងអ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋទូទៅកំពុងរស់នៅក្នុងភាពភ័យខ្លាចពីការធ្វើទុកបុកម្នេញពីបក្សកាន់អំណាច៖ « នៅពេលដែលនាងខ្ញុំបានឃើញរូបភាពអ្នកអតីតមេឃុំ ចៅសង្កាត់ ត្រូវបានគេចាប់ដាក់គុកត្រូវគេលួចវាយដំផ្នែករាងកាយវាធ្វើឱ្យរូបនាងខ្ញុំផងដែរ ដែលជាស្ត្រីម្នាក់ ដែលធ្លាប់ជាប់ឆ្នោតធ្វើជាចៅសង្កាត់ដូចពួកគាត់មានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ នឹកគិតថាថ្ងៃណាដល់វេនខ្លួនឯងត្រូវគេវាយ ថ្ងៃណានឹងត្រូវបានគេចាប់ដាក់គុក »។
កញ្ញាបន្តថាក្នុងភាពភ័យខ្លាចនេះហើយ ដែលធ្វើអោយសកម្មជន និងសមាជិកបក្សសង្គ្រោះជាតិរស់នៅសន្សំសុខ និងបានត្រឹមតែសង្ឃឹមថានឹងមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយត្រឹមត្រូវយុត្តិធម៌នៅថ្ងៃមុខ៖ « នាងខ្ញុំតែងតែមានសង្ឃឹមជានិច្ច ព្រោះខ្ញុំគិតថា មិនត្រឹមតែអ្នកនយោបាយ អ្នកប្រកបរបររកស៊ី ឬមួយសិស្សនិស្សិត គឺត្រូវតែមានសង្ឃឹមជានិច្ច »។
ត្រង់ចំណុចនេះអ្នកវិភាគក៏លើកឡើងដែរថា ដើម្បីអោយដំណើរការប្រជាធិបតេយ្យមានដំណើរការល្អចាំបាច់ណាស់ ដែលអ្នកនយោបាយ ផ្លាស់ប្តូររបៀបដឹកនាំ និងធានាឱ្យមានយុត្តិធម៌សង្គមតាមរយៈការធ្វើអោយតុលាការស្អាតស្អំ។
លោក ប៉ា ចាន់រឿន មានប្រសាសន៍ថា ពលរដ្ឋកំពុងចង់បានប្រជាធិបតេយ្យ ដែលស្ដែងចេញតាមរយៈការចូលរួមការបោះឆ្នោតរបស់ពួកគេ។ លោកថា ការដឹកនាំតាមបែបប្រជាធិបតេយ្យ ក៏នឹងជួយឱ្យអ្នកដឹកនាំចុះពីអំណាចដោយសន្តិវិធី គ្មានវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី៖ « ពិភពលោកហ្នឹងក៏ជាមេរៀនដ៏ធំបង្ហាញយើងដែរថា មានតែអ្នកនយោបាយបែបប្រជាធិបតេយ្យទេ ដែលអាចនៅគង់វង្សបានយូរ ហើយក៏ជាមាគ៌ាមួយសម្រាប់ធ្វើឱ្យប្រទេសរបស់ផងខ្លួនហ្នឹងទទួលបានសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដដែរ »។
បណ្ឌិត មាស នី លើកឡើងទៀតថា ល្គឹកណាសង្គមមានភាពអយុត្តិធម៌ ស្របពេលពលរដ្ឋមានចំណេះដឹង មានសេដ្ឋកិច្ចរស់នៅល្អ នោះពលរដ្ឋនឹងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីបង្ខំអោយអ្នកនយោបាយទទួលយកអ្វីដែលពលរដ្ឋទាមទារចង់បាន៖ « ក្នុងពេលដែលពលរដ្ឋមានការផ្លាស់ប្ដូរឈានទៅរកការចង់បានយុត្តិធម៌សង្គម សមធម៌សង្គមអីហ្នឹង គឺរដ្ឋាភិបាលត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសធ្វើម៉េចឱ្យប្រព័ន្ធយុត្តិធម៌ហ្នុង វាផ្ដល់យុត្តិធម៌ទៅឱ្យសង្គមបានទូលំទូលាយ។ »
លោក បណ្ឌិត មាស នី នៅតែមានសុទិដ្ឋិនិយមថា បើទោះជាកម្ពុជាមិនទាន់មានប្រជាធិបតេយ្យពេញលេញក៏កម្ពុជានៅតែអាចអភិវឌ្ឍប្រទេសឱ្យបានប្រសើរ ដែរនៅពេលដែលអ្នកនយោបាយអាចពង្រឹងការអនុវត្តច្បាប់ បំបាត់អំពើពុករលួយ និងធានាយុត្តិធម៌ក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។