គណៈកម្មការ​អឺរ៉ុប​ថា កម្ពុជា​អាច​រក្សា​EBA បាន លុះ​ត្រា​កែស្ថានភាព​នយោបាយ​និង​សិទ្ធិមនុស្ស

ដោយ ខែ សុណង
2020-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទង់ជាតិ សហគមន៍អឹរ៉ុប។
ទង់ជាតិ សហគមន៍អឹរ៉ុប។
Facebook

គណៈកម្មការ​អឺរ៉ុប​ថា កម្ពុជា​អាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA បាន លុះត្រាតែ​កម្ពុជា​កែ​លម្អ​ស្ថានភាព​នយោបាយ និង​លើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើងវិញ។

កាសែត​នីកគី អាស៊ាន រីវ័រយូ (Nikkei Asian Review) របស់​ជប៉ុន ដកស្រង់​សំដី​មន្ត្រី​គណៈកម្មការ​អឺរ៉ុប ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា ផ្លូវ​របស់​កម្ពុជា​ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង គឺ​តាមរយៈ​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​រីក​ចំរើន និង​កែ​លម្អ​ផ្នែក​សិទ្ធិ​នយោបាយ និង​ពលរដ្ឋ​។ គណៈកម្មការ​អឺរ៉ុប​បន្ត​ថា ប្រសិនបើ​មានការ​រីក​ចំរើន​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មែន​នោះ គណៈកម្មការ​អឺរ៉ុប​នឹង​ពិចារណា ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ EBA​ឡើងវិញ ហើយ​អាច​ផ្ដល់​ការ​អនុគ្រោះ​ពេញលេញ​ឡើងវិញ​។ ទោះបីជា​យ៉ាង​មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​មិន​រីក​ចំរើន ប៉ុន្តែ​ថែមទាំង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ទៀត​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក មាន​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគា​រ ហើយ​ជិត​២០​នាក់​ផ្សេងទៀត ត្រូវ​ជនសង្ស័យ​វាយ​ឱ្យ​រង​របួស។

ការ​ឆ្លើយ​តប​របស់​គណៈកម្មការ​អឺរ៉ុប ធ្វើឡើង​ដោយសារតែ សមាគម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ ប្រធាន​គណៈកម្មការ​អឺរ៉ុប តំណាង​នាយកដ្ឋាន​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ប្រធាន​សភា​អឺរ៉ុប ថា​ពេលនេះ​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ហើយ​បើ​វិស័យ​នេះ​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៀត​នោះ​គឺ​មានន័យថា វិស័យ​នេះ​នឹង​ជួប​ទ្វេ​គ្រោះ។

សមាគម​នេះ ស្នើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​ដកហូត​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBA រយៈពេល​១២​ខែ​ទៀត ពោល​គឺ​បន្ត​ពន្យារ​រហូតដល់ ខែ​សីហា ឆ្នាំ​២០២១​វិញ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​វិស័យ​នេះ​បាន​រើខ្លួន​រួច​ចេញពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ មួយ​គ្រា​សិន។

តាម​គម្រោង​សេចក្ដី​សម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ដែល​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ចំនួន​២០%​ពី​កម្ពុជា នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​សីហា ខាងមុខនេះ ចំពោះ​ផលិតផល​ទំនិញ ដែល​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ខកខាន​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស ដែល​សំដៅ​ទៅដល់​ផ្នែក​សិទ្ធិ​ការងារ សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ​ជាដើម។

តាម​សមាគម​រោងចក្រ​កាត់ដេរ​ឱ្យ​ដឹង​ថា មក​ដល់​ពេល​មាន​រោងចក្រ​ប្រមាណ​២៥០​ហើយ ដែល​បាន​ព្យួរ​ការងារ ឬ​បិទទ្វារ​មិន​ដំណើរការ ហើយ​កម្មករ​ប្រមាណ​១៣​ម៉ឺន​នាក់ បាត់បង់​ការងារ​។ សមាគម​លើកឡើង​ទៀត​ថា ចំនួន​អ្នក​រង​ផល​ប៉ះពាល់​នឹង​បន្ត​កើន​ឡើង​ទៀត​យ៉ាង​ឆាប់​ក្នុង​រយៈពេល​ដ៏​ខ្លី ឯកា​រលក់​ផលិតផល​របស់​កម្ពុជា​ក្នុង​ផ្នែក​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​សម្រាប់​ធ្វើដំណើរ​អា​ច​នឹង​ធ្លាក់​ចុះ​រង្វង់ ៥០ ទៅ ៦០​ភាគរយ នៅ​ក្នុង​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​បញ្ជាទិញ​ពី​ហាង​ម៉ាក​ល្បីៗ នៅ​សហភាព​អឺរ៉ុប និង​អាមេរិក​ខាងជើង អាច​នឹងមាន​ការ​លុបចោល​ការ​បញ្ជា​ទិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល