មន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រអឺរ៉ុប នៅតែជំរុញឱ្យកម្ពុជាបើកលំហនយោបាយ លំហសង្គមស៊ីវិល និងធ្វើឱ្យមានប្រជាធិបតេយ្យប្រកបដោយការជឿទុកចិត្តបានឡើងវិញ បើមិនចង់បាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ ការជំរុញនេះ ធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំដេញដោលមួយរបស់គណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី៣ ធ្នូ។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុប លើកឡើងថា ជាការគួរឱ្យសោកស្ដាយណាស់ដែលកម្ពុជានៅមិនទាន់មានការកែប្រែជាដុំកំភួនតាមសំណើរបស់គណៈកម្មការអឺរ៉ុបនៅឡើយទេ ចាប់តាំងពីគណៈកម្មការនេះ ដាក់ចេញនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ នាយិកាទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មការអឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី(Paola Pampaloni) សង្កត់ធ្ងន់ៗ ថា កម្ពុជាគឺជារដ្ឋឯកបក្សដែលគ្មានគណបក្សប្រឆាំង។ អ្នកស្រីបន្តថា មានវិស័យមួយចំនួនដែលគណៈកម្មការអឺរ៉ុបនៅតែមានក្តីបារម្ភក្នុងកម្រិតនយោបាយ៖ «យើងបានជំរុញជាលក្ខណៈទ្វេភាគីទៅអាជ្ញាធរកម្ពុជា ឱ្យធ្វើចំណាត់ការបើកលំហនយោបាយ និងបង្កើតឱ្យមានឡើងវិញនូវគណបក្សប្រឆាំងតាមបែបប្រជាធិបតេយ្យគួរជាទីទុកចិត្តបាន។ ហេតុដូច្នេះហើយ យើងចង់ឃើញកម្ពុជា ដោះលែងលោក កឹម សុខា ហើយផ្ដល់សិទ្ធិនយោបាយឱ្យលោកឡើងវិញ។ ត្រូវផ្ដល់សិទ្ធិធ្វើនយោបាយដល់សមាជិកជាន់ខ្ពស់របស់គណបក្សដែលបានរំលាយនេះឡើងវិញ ! យើងអំពាវនាវឱ្យមានការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីសហជីព។ នេះគឺជាអ្វីដែលយើងកំពុងពិភាក្សា។ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីឡើងវិញ ពីជំហររបស់យើង គឺថា វត្ថុបំណងចុងក្រោយរបស់យើង គឺធានាឱ្យមានកម្ពុជាមួយប្រកបដោយវិបុលភាព និងស្ថិរភាព។ យើងមានទំនុកចិត្តថា ការគោរពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺពិតជាមានសារសំខាន់ណាស់ដើម្បីឱ្យសម្រេចបាននូវស្ថិរភាពនេះ»។
ការគូសបញ្ជាក់ឡើងវិញ និងជំរុញម្ដងហើយម្តងទៀតពីមន្ត្រីជាន់ខ្ពស់របស់គណៈកម្មការអឺរ៉ុប រូបនេះ ធ្វើឡើងនៅចំពោះមុខប្រធានគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប លោក ប៊ឺន ឡាងហ៍ (Bernd Lange) និងជាតំណាងរាស្ត្រអឺរ៉ុប ក្នុងកិច្ចប្រជុំដេញដោលមួយរបស់គណៈកម្មធិការនេះ អំពីស្ថានភាពនៃដំណើរការពិនិត្យសើរើឡើងវិញចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលមានការចូលរួមឆ្លើយតបពីសំណាក់ឯកអគ្គរាជទូតកម្ពុជាផងនោះ។
ប្រធានគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប លោក ប៊ឺន ឡាងហ៍ ដែលបានដឹកនាំកិច្ចប្រជុំនេះ ថ្លែងថា វាហាក់បីដូចជាច្បាស់ណាស់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ជាការចាំបាច់។ ក៏ប៉ុន្តែ លោកក៏បានព្រលយពីលទ្ធភាព ឬជម្រើសនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះដែលមិនមែនជាការព្យួរទាំងស្រុង តែជាការគិតពន្ធដោយផ្នែកទៅលើផលិតផលជាក់លាក់មួយចំនួន ដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបនោះ។ យ៉ាងណាក៏ដោយ លោកថា ដំណើរការបែបនេះ នឹងត្រូវឆ្លងកាត់ការកែប្រែច្បាប់ ដែលត្រូវការពេលវេលាដ៏យូរមួយ។ ប្រធានគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបរូបនេះ បានចោទសួរត្រង់ៗ ទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោក ណុំ ពិសិដ្ឋ ឱ្យឆ្លើយថា តើកម្ពុជាពិតជាមានឆន្ទៈនយោបាយដែរ ឬអត់ ដើម្បីដោះស្រាយបញ្ហានេះ។
ឆ្លើយតបទៅនឹងការចោទសួរ និងការទទូចចង់ឃើញឱ្យមានការបើកលំហនយោបាយ និងសិទ្ធិមនុស្សឡើងវិញនៅកម្ពុជានោះ លោក ណុំ ពិសិដ្ឋ ថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រអឺរ៉ុប ថា កម្ពុជា នឹងផ្ដល់ចម្លើយចំពោះរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ត្រឹមថ្ងៃទី១២ ធ្នូ។ លោកថា រាល់ចម្លើយទាំងអស់នឹងផ្ដោតលើដំណើរវិវឌ្ឍចុងក្រោយ និងបញ្ហាកង្វះខាតជាអវិជ្ជមាននានា ដែលបានលើកឡើងក្នុងរបាយការណ៍នេះ ហើយថារដ្ឋាភិបាល ពិតជាមានឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាទាំងនេះ៖ «ថា តើរដ្ឋាភិបាលមានឆន្ទៈនយោបាយនឹងធ្វើដូច្នេះដែរឬទេ ? ប្រាកដណាស់ យើងប្ដេជ្ញាចិត្តកែលម្អស្ថានភាពទាំងនេះ។ ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ យើងក៏មានការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានេះ បន្តិចម្តងៗ ដោយផ្អែកតាមសេចក្ដីប្រកាសរបស់យើងកាលពីឆ្នាំទៅ។ ដំណើរការនីតិកម្ម មិនមែនជាដំណើរការខ្លីនោះទេ វាត្រូវការពេលវេលា។ យើងធ្វើការបន្តិចម្តងៗ ដើម្បីកែលម្អលំហនយោបាយ និងលំហសង្គមស៊ីវិល»។
លោក ណុំ ពិសិដ្ឋ ពន្យល់ប្រាប់ទៅសមាជិកសភាអឺរ៉ុប និងសមាជិកគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាតំណាងរាស្ត្រអឺរ៉ុបថា លោកសង្ឃឹមថា តុលាការនឹងប្រកាសពេលវេលាអំពីដំណើរការកាត់ក្តីសំណុំរឿងលោក កឹម សុខា នាពេលឆាប់ៗ នេះ។ លោកថា លោក កឹម សុខា អាចនឹងត្រូវដោះលែងឱ្យមានសេរីភាពពេញលេញ លុះត្រាតែព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានទោសពាក់ព័ន្ធនឹងបទត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេសមែននោះ។ ដោយឡែកចំពោះបញ្ហាសង្គមស៊ីវិលវិញ លោកថា រដ្ឋាភិបាល បានបើកកិច្ចពិគ្រោះយោបល់ពីរលើកជាមួយសង្គមស៊ីវិល ដើម្បីចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់កែលម្អសិទ្ធិរបស់សង្គមស៊ីវិល។ ដូចគ្នានេះដែរ ចំពោះច្បាប់ស្ដីពីសហជីពវិញ លោកថា ឥឡូវនេះ រដ្ឋសភាកំពុងដំណើរការអនុម័តវិសោធនកម្មច្បាប់នេះ។
នេះគឺជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់កម្ពុជាចេញមុខទទួលស្គាល់ថា របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ពិតជាបានលើកឡើងពីបញ្ហាកង្វះខាតជាអវិជ្ជមាននៅកម្ពុជា បើទោះបីជាពេលកន្លងមកក្រសួងការបរទេសកម្ពុជាបានចោទប្រកាន់អាស៊ីសេរីថា បានផ្សព្វផ្សាយរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ខុសពីអ្វីដែលខ្លួនមាន។ ក៏ប៉ុន្តែ របបនេះពុំបានបង្ហាញតម្លាភាពហ៊ានបញ្ចេញរបាយការណ៍នោះជាសាធារណៈនោះទេ។ ផ្អែកតាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុបដាក់ជូនរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ វិច្ឆិកា ដែលអាស៊ីសេរីទទួលបាននោះ គណៈកម្មការអឺរ៉ុបវាយតម្លៃថា មានការរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ និងសិទ្ធិសំខាន់ៗ មួយចំនួនទៀត ពិសេសគឺសិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសង្គមនិងវប្បធម៌ជាដើមនោះ។
អគ្គនាយិការងនៃនាយកដ្ឋានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប អ្នកស្រី អេឡែណា កូនីហ៍ (Elena Konig) ពន្យល់ប្រាប់គណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបថា ពិតជាមានភស្តុតាងរឹងមាំដែលថា គិតមកទល់ពេលនេះ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បានរំលោភទៅនឹងគោលការណ៍ដែលមានចែងក្នុងបទប្បញ្ញត្តិស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់សហភាពអឺរ៉ុប។ អ្នកស្រីថា នៅពុំទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយទេ ហើយកម្ពុជាមានរយៈពេលត្រឹមថ្ងៃទី១២ ធ្នូ ដើម្បីធ្វើការឆ្លើយតប។ អ្នកស្រីពន្យល់ថា គណៈកម្មការអឺរ៉ុបកំពុងវិភាគ និងពិចារណាទៅលើផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច និងធុរកិច្ច ក្នុងករណីដែលមានការដកហូតដោយផ្នែក ឬទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជាមែននោះ។ យ៉ាងណាក៏ដោយ អ្នកស្រីកត់សម្គាល់ថា ការដកហូតប្រព័ន្ធនេះ នឹងត្រូវធ្វើឡើងដោយសមាមាត្រទៅនឹងគុណតម្លៃរបស់សហភាពអឺរ៉ុប។ អ្នកស្រី ក៏ថ្លែងឱ្យដឹងដែរថា ក្នុងករណីដែលមានការសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះមែន នោះសភា និងរដ្ឋសមាជិកអឺរ៉ុប មានពេល ២ខែ ដើម្បីធ្វើការជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ហើយប្រសិនបើគ្មានការជំទាស់ណាមួយនោះទេ នោះការយកពន្ធផ្លូវការពីកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោករួមមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ សុទ្ធតែធ្លាប់បានព្រមានជាបន្តបន្ទាប់ ដោយព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី៧ភាគរយ ក្នុងឆ្នាំ២០១៩ នេះ មកនៅ ៦,៥% ក្នុងឆ្នាំ២០២០ ខាងមុខនេះ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុបនេះ។ កម្ពុជានឹងត្រូវខាតបង់យ៉ាងហោចណាស់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
