អឺរ៉ុប​បាន​ទទួល​ឯកសារ​ផ្លូវការ​ ពី​គ្រប់​ភាគី​ ដើម្បី​វាយតម្លៃ មុន​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

ដោយ មួង​ ណារ៉េត
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
Photo: RFA

សហភាព​អឺរ៉ុប​​កំពុង​ចាប់ផ្ដើម​នីតិវិធី ៦​ខែ ចុងក្រោយ​របស់​ខ្លួន ក្នុង​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​សម្រេច​ជា​ចុងក្រោយ នៅ​ដើម​ឆ្នាំ​២០២០ ថា តើ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ពី​កម្ពុជា ឬ​យ៉ាងណា​។ មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប នៅ​តែ​ព្រមាន​ថា អ្នក​ដែល​អាច​ធ្វើ​ឱ្យ​របូត EBA ឬ នៅ​គង់វង្ស គឺ​លោក ហ៊ុន សែន។

សហភាព​អឺរ៉ុប​បាន​ទទួល​ឯកសារ​ផ្លូវការ​ពី​គ្រប់​ភាគី​រួចរាល់​អស់ហើយ ដើម្បី​វាយតម្លៃ មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ (Daniel Rosario) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃទី​១៣ ខែ សីហា ថា ឯកសារ​ផ្លូវការ​ទាំងនោះ ខាង​សហភាព​អឺរ៉ុប​ទទួល​បាន​ពី​ម្ចាស់​សហគ្រាស​ពាណិជ្ជកម្ម សហជីព​កម្មករ និង អង្គការ​សង្គម​ស៊ីវិល​នានា​។ ចំណែក​ឯ រដ្ឋាភិបាល​កម្ពុជា​វិញ ទើបតែ​ដាក់​ឯកសារ​ផ្លូវការ​របស់​ខ្លួន ជូន​គណៈកម្មការ​អឺរ៉ុប នៅ​ពេល​ថ្មីៗ​នេះ។

ឥឡូវនេះ គណៈកម្មការ​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី ៦​ខែ ចុងក្រោយ​របស់​ខ្លួន បន្ទាប់ពី​នីតិវិធី​ត្រួត​ពិនិត្យ​រយៈពេល ៦​ខែ ដំបូង​ត្រូវ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។

ក្នុង​រយៈពេល ៦ ខែ​ទៅមុខ​ទៀត​នេះ គណៈកម្មការ​អឺរ៉ុប និង​ស្នងការ​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស នឹង​វិភាគ​រាល់​ភស្តុតាង​ដែល​ប្រមូល​បាន​ទាំងនេះ មុន​នឹង​សម្រេច​ជា​ចុងក្រោយ ថា​តើ​ត្រូវ​ព្យួរ ឬ មិន​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

គណៈកម្មការ​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី​ផ្លូវការ ៦​ខែ​ចុង​ក្រោយនេះ នៅ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០២០​។ សេចក្ដី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ទិនានុប្បវត្តិ (ទស្សនាវដ្ដី) ផ្លូវការ​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​នោះ។

គណៈកម្មការ​អឺរ៉ុប នៅតែ​បញ្ជាក់​ជំហរ​ថា សហភាព​អឺរ៉ុប​មាន​ករណី​កិច្ច ក្នុង​ការ​ធានា​ឱ្យ​បាន ថា​កម្ពុជា ពិតជា​អនុវត្ត​ត្រឹមត្រូវ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ និង អង្គការ​អន្តរជាតិ​ខាង​ការងារ ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង សិទ្ធិ​ការងារ​ជា​ចម្បង ដែល​ជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​អនុគ្រោះ​ពន្ធ EBA។ កូន​សោ គឺ​ស្ថិត​ក្នុង​ដៃ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​មាន​ឱកាស ៦ ខែ​ទៅ​មុខ​ទៀត​នេះ ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន អំពី​ឯកសារ​ផ្លូវការ ដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​គណៈកម្មការ​អឺរ៉ុប​នោះ​ទេ​។ ទោះជា​យ៉ាង​នេះ​ក្ដី កន្លង​មក របប​នេះ​ប្រកាន់​ជំហរ​ជា​លក្ខណៈ​ប្រព័ន្ធ និង​ស៊ី​សង្វាក់​គ្នា ថា​របប​នេះ មិន​បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដូច​ការ​រក​ឃើញ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។ របប​នេះ​អះអាង​ថា ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​របប​នេះ និង មន្ត្រី​សហជីព​កម្មករ​ជាដើម ថា ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ប៉ុន្តែ ទាំង​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ និង ប្រតិភូ​អឺរ៉ុប​ដែល​ចុះទៅ​ស្វែងរក​ការពិត​នៅ​កម្ពុជា សុទ្ធតែ​រក​ឃើញ​ថា ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន បែបនេះ គឺ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល