អត្ថបទព័ត៌មានរបស់លោកអនុរដ្ឋមន្ត្រី ហ៊ូហ្គោ ស្វៃវអ៍ ដែលផ្សាយដោយស្ថានទូតអង់គ្លេសនៅភ្នំពេញ នៅថ្ងៃទី២៩ មករា បានសរសេរថា នេះជាដំណើរទស្សនកិច្ចលើកទី១ របស់លោកមកកម្ពុជា និងជាផ្នែកមួយនៃកម្មវិធីពង្រឹងទំនាក់ទំនងអន្តរក្រសួងជាមួយបណ្ដាប្រទេសអាស៊ាន និងកសាងទំនាក់ទំនងថ្មី។
លោក ហ៊ូហ្គោ ស្វៃវអ៍ ថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសចាប់អារម្មណ៍ខ្លាំងមួយដែលចក្រភពអង់គ្លេសចង់ភ្ជាប់ទំនាក់ទំនងឱ្យស៊ីជម្រៅ។ លោកអនុរដ្ឋមន្ត្រីនឹងស្វែងយល់ឱ្យបានប្រសើរពីបញ្ហានយោបាយនៅកម្ពុជា បច្ចុប្បន្ន និងឧបសគ្គប្រឈមនានា ដែលនៅមានសម្រាប់ការធានាដល់អនាគតសន្តិភាព សុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោកក៏នឹងស្វែងរកសក្ដានុពល ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីនឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង និងមេដឹកនាំបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានយោបាយបច្ចុប្បន្ននេះ។
លោក ហ៊ូហ្គោ ស្វៃវអ៍ ក៏នឹងជួបអ្នកជំនួញអង់គ្លេស និងទស្សនាអាគារវឌ្ឍនៈ ដែលក្រុមអ្នកគូរប្លង់អង់គ្លេសជួយសាងសង់ ជួបនិស្សិតកម្ពុជា ដែលបានទៅរៀននៅអង់គ្លេស។ លោកក៏នឹងផ្ដោតលើដំណើររបស់សាលាក្ដីខ្មែរក្រហមដែរ ដែលចក្រភពអង់គ្លេសជាអ្នកគាំទ្ររឹងមាំមួយ។
មកទល់ពេលនេះ ចក្រភពអង់គ្លេស បានផ្ដល់ថវិកាប្រមាណ ១០លានសហរដ្ឋអាមេរិកហើយ ដល់សាលាក្ដីខ្មែរក្រហម។ លោកអនុរដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផង ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លើកទីមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។