អតីតអ្នកទោសនយោបាយ ទាមទារឲ្យរដ្ឋាភិបាលដោះលែង អ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងរឿងនយោបាយឲ្យអស់នៅត្រឹមឆ្នាំ២០១៩ នេះ។ ភរិយារបស់អ្នកទោសនយោបាយកំពុងជាប់ឃុំ រំពឹងថា នឹងបានរស់នៅ ជួបជុំគ្រួសារឡើងវិញនៅឆ្នាំថ្មី។ ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស យល់ថា ល្មមដល់ពេលអាជ្ញាធរដោះលែងពួកគាត់ ឲ្យមានសេរីភាព ជួបជុំក្រុមគ្រួសារឡើងវិញហើយ។
ក្រុមអតីតអ្នកទោសនយោបាយ ដែលទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប្រាប់ថា ពួកគាត់ចង់ឃើញអ្នកកំពុងជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយផ្សេងទៀត ទទួលបានការដោះលែង ដូចពួកគាត់ដែរ ដើម្បីបានទៅរស់នៅជួបជុំប្រពន្ធកូន កសាងជីវភាពគ្រួសារឡើងវិញ។
អតីតអ្នកទោសនយោបាយខេត្តកំពង់ធំម្នាក់ លោក នូ ភឿន យល់ថា ការបន្តឃុំខ្លួន អ្នកជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ជាភាពអយុត្តិធម៌ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដូច្នេះ លោកចង់ឃើញ តុលាការមានការសម្រួលឲ្យពួកគាត់ បាននៅក្រៅឃុំបណ្ដោះអាសន្ន ឬត្រូវដោះលែងឲ្យមានសេរីភាព និងទម្លាក់បទចោទប្រកាន់។ លោកថា នៅពេលស្រមៃ ទៅរកស្ថានភាព អ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយម្ដងៗ លោកសង្វេគណាស់ ព្រោះត្រូវរងសម្ពាធគ្រប់ផ្នែក ហើយរាលដាលដល់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនៗ។ លោកស្នើសុំអាជ្ញាធរឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ តាមផ្លូវតុលាការតទៅទៀត៖ « ចង់ឲ្យខាងតុលាការហ្នឹង គាត់ទម្លាក់បទចោទ ឲ្យគាត់ហ្នឹងមានសេរីភាព ដោះលែងឲ្យមានសេរីភាពដូចសកម្មជននៅក្រៅផ្សេងៗ ដែលបានដោះលែងអ៊ីចឹង។ កុំឲ្យមានការឃុំខ្លួនបន្ត ចង់និយាយថា ធ្វើម្ដេចឲ្យគាត់មានសេរីភាពដូចសកម្មជនដទៃផ្សេងទៀត។ សោកស្ដាយការចោទប្រកាន់គាត់ អ៊ីចេះ អ៊ីចុះ អ្នកទោសមនសិការដូចគ្នា ហើយគាត់ត្រូវបានដោះលែង គួរត្រូវបានដោះលែងអ៊ីចឹងទៅណា»។
ចំណែកអតីតអ្នកទោសនយោបាយ នៅខេត្តកំពង់ចាមម្នាក់ទៀត លោក ដុង សុវណ្ណារិទ្ធិ ឲ្យដឹងថា លោកក៏មានបំណងចង់ឃើញ អ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានដោះលែង ឬលើកលែងការចោទប្រកាន់ដែរ។ លោក អះអាងថា ជីវភាពរបស់អ្នករងគ្រោះ ជាប់ឃុំរឿងនយោបាយទាំងអស់ ប្រហាក់ប្រហែលគ្នាទេ គឺរកមួយពេល ហូបមួយពេលទេ ដូច្នេះ លោកស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធដោះលែងអ្នកកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ ឱ្យបាននៅក្រៅឃុំ ដើម្បីអាចរកលុយចិញ្ចឹមប្រពន្ធកូន បានវិញ៖ « ចិត្តខ្ញុំ មិនចង់ឲ្យនរណាម្នាក់ត្រូវបានជាប់ឃុំឃាំងដោយអយុត្តិធម៌ទេ ព្រោះថា ពួកហ្នឹង គាត់ទាមទារ ដូចជាខ្ញុំស្ដាប់ព័ត៌មានទៅ គ្រួសារគាត់ដូចថា ទាមទារឲ្យដោះលែងអ៊ីចឹងទៅណា ហើយតុលាការមិនទាន់បានដោះលែង អ៊ីចឹងខ្ញុំ គ្រាន់តែចូលរួមសោកស្ដាយ ហើយក៏ទាមទារឲ្យតុលាការហ្នឹង ចូលរួមពិចារណា គិតគូរអាណិតគាត់ ក៏ដូចជាគ្រួសារ ប្រពន្ធកូន ឲ្យបានឪពុកបីបាច់ថែរក្សា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះថាអ្នកទោសនយោបាយនេះ ដូចខ្ញុំរាល់ថ្ងៃនេះ អត់មានអ្វីទេ មួយគែមួយគែ ទេ»។
មេធាវីការពារក្ដីឲ្យអ្នកទោសនយោបាយ នៃគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ ធ្លាប់ឲ្យដឹងថា ក្រោយការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ បាន៧៦នាក់ គឺនៅសល់អ្នកជាប់ឃុំជាង២០នាក់ទៀត មិនទាន់ត្រូវបានដោះលែង។ អ្នកទាំងនោះ ត្រូវបានចាប់ខ្លួន មុន និងកំឡុងដើមឆ្នាំ២០១៩ ដូចជា សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តត្បូងឃ្មុំ លោក ស៊ូ យាន សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោកស្រី សំ សុខា លោក ម៉ៃ ហុងស្រៀង សកម្មជនបក្សប្រឆាំងខេត្តពោធិ៍សាត់ លោក ឡុង ខន លោក ទួត សំអាត ជនពិការជើងលក់វត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប លោក ភុន យុទ្ធ ជាដើម។
អតីតអ្នកទោសមនសិការ និងជាយុវជន កែម ឡីនិយម គង់ រ៉ៃយ៉ា ធ្លាប់ឲ្យដឹងថា នៅពន្ធនាគារព្រៃស ឬម១ នៅសល់អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជាង១០នាក់ទៀត មិនទាន់ទទួលបានការដោះលែង ក្នុងនោះ មានអ្នកខ្លះ ជាសកម្មជនបក្សប្រឆាំង អ្នកខ្លះជាអ្នកសារព័ត៌មាន និងអ្នកជាពលរដ្ឋសាមញ្ញ ដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាលតាម ហ្វេសប៊ុក (facebook)។ លោក គង់ រ៉ៃយ៉ា ប្រាប់ថា អ្នកកំពុងជាប់ឃុំរឿងនយោបាយខ្លះ មិនទាន់មានមេធាវីទេ ពេលនេះ ដោយសារ គណបក្សប្រឆាំង មិនហ៊ានផ្ដល់មេធាវីឲ្យ ព្រោះមិនមែនជាសកម្មជនបក្សប្រឆាំង ជាដើម។
យ៉ាងណាក៏ដោយ មន្ត្រីរបបក្រុងភ្នំពេញ ធ្លាប់អះអាងថា អ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយត្រូវបានសម្រួលឲ្យមានការដោះលែងអស់ហើយ គឺជាង៧០នាក់។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ឲ្យអាស៊ីសេរីដឹងថា អ្នកដែលមិនទាន់ទទួលបានការដោះលែង ទំនងដោយសារបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ជាងអ្នកដែលទទួលបានការដោះលែង។
ភរិយារបស់លោក ភុន យុទ្ធ អ្នកទោសនយោបាយនៅខេត្តសៀមរាប គឺលោកស្រី មុំ រដ្ឋា អង្វរសុំឲ្យសាលាឧទ្ធរណ៍ដោះលែងស្វាមីលោកស្រី នៅថ្ងៃទី២៦ ធ្នូខាងមុខនេះ។ លោកស្រី អះអាងថា ស្វាមីគ្មានកំហុសទេ ហើយទាមទារឲ្យមានការសម្រួល ដោះលែង លោក ភុន យុទ្ធ ជាជនពិការជើង ទាំងសងខាង ដោយក្ដីអនុគ្រោះ។ លោកស្រី ថា លោក ភុន យុទ្ធ នៅតែឧស្សាហ៍គ្រុនក្ដៅ រលាកក្រពះ និងទល់លាមក។
លោកស្រីបញ្ជាក់ថា លោកស្រីបានទិញថ្នាំឲ្យស្វាមីរាល់សប្ដាហ៍។ លោកស្រី ថា លោក ភុន យុទ្ធ ចង់ចេញមករស់នៅក្រៅឃុំ ដើម្បីបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការរស់នៅក្នុងពន្ធនាគារ គឺមានតែថ្នាំលេបបន្តិចបន្តួច។ ភរិយារបស់ជនពិការលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាបរូបនេះ សង្ឃឹមថា នឹងបានរស់នៅជួបជុំប្ដីប្រពន្ធពិការជើង ដូចគ្នា នៅឆ្នាំ២០២០ឡើងវិញ ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យកូនស្រីតូចម្នាក់ ក្នុងបន្ទុក៖ « ខ្ញុំចង់និយាយថា ឲ្យដោះលែងគាត់ ឲ្យនៅក្រៅឃុំទៅ ហើយណាមួយ គាត់មានបញ្ហា គាត់ឈឺ បើគាត់បានចេញក្រៅឃុំទៅ គាត់មើលជំងឺគាត់។ គាត់ឈឺដែរហ្នឹង គាត់ឈឺដែរ ថ្ងៃមុន ថ្ងៃព្រហស្បត្ណិខ្ញុំទៅទិញថ្នាំឲ្យគាត់ អស់៤ម៉ឺន ( រៀល ) ។ ចង់ឲ្យតុលាការឧទ្ធរណ៍ដោះលែងគាត់»។
ចំណែកភរិយារបស់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី ខកចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបន្តឃុំខ្លួន ស្វាមីលោកស្រី កាលពីថ្ងៃទី១២ ធ្នូ។ ទោះយ៉ាងណា អ្នកស្រី រំពឹងថា តុលាការនឹងដោះលែងស្វាមីលោកស្រី ឲ្យបានមករស់នៅជួបជុំប្រពន្ធកូន ក្នុងពេលឆាប់ៗ។
គ្រួសាររបស់សកម្មជនបក្សប្រឆាំង២នាក់ទៀត នៅខេត្តពោធិ៍សាត់ ក៏មានការអាក់អន់ចិត្តនឹងសាលាដំបូងខេត្តពោធិ៍សាត់ ដែលមិនព្រមដោះលែងស្វាមី និងឪពុករបស់ពួកគេដែរ។
ភរិយារបស់សកម្មជនបក្សប្រឆាំង ឃុំប្រមោយ ស្រុកវាលវែង លោក ឡុង ខន គឺ លោកស្រី ឌី រិន និងកូនស្រីរបស់អនុប្រធានបក្សប្រឆាំងស្រុកវាលវែង លោកស្រី ទួត ស្រីរ័ត្ន ប្រាប់ថា ស្វាមី និងឪពុករបស់ពួកគេ ត្រូវបានចាប់ខ្លួនរាប់ខែមកហើយ គ្មានការដោះលែងឡើយ ខណៈពួកគាត់កំពុងមានជំងឺធ្ងន់ធ្ងរក្នុងពន្ធនាគារ។ ក្រុមគ្រួសារ ថា ពួកគេចង់នាំគ្នាទៅតវ៉ាមុខតុលាការ ដើម្បីទទូចសុំការដោះលែង ឲ្យបាននៅក្រៅឃុំ និងទម្លាក់បទចោទ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកថា ការចាប់ខ្លួនសកម្មជននយោបាយកន្លងមក គឺពាក់ព័ន្ធនឹងជម្លោះនយោបាយ ដូច្នេះ គួរត្រូវបានដោះលែង និងទម្លាក់បទចោទលើពួកគេទាំងអស់គ្នា ដើម្បីពួកគេ បានចេញទៅប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។ លោកសង្ឃឹមថា តុលាការនឹងដោះលែង ហើយទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំងទាំងអស់ ដោយគ្មានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងណាមួយតទៅទៀតឡើយ៖ « អ៊ីចឹង គួរតែពិនិត្យមើលធ្វើការដោះលែង ហើយឲ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតទៅ អាហ្នឹងជារឿងមួយដែលល្អប្រសើរ ហើយមានការសាទរ ពីសហគមន៍អន្តរជាតិ ដែលគេកំពុងឃ្លាំមើលយើងផងដែរ»។
បើទោះជាមេដឹកនាំរបបក្រុងភ្នំពេញ បានអះអាងថា នឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ចាប់ចង និងបញ្ជាឲ្យដកហូតដីកាចោទប្រកាន់ លើសកម្មជនបក្សប្រឆាំងទាំងអស់ក៏ដោយ ក៏សកម្មជនបក្សប្រឆាំងនៅតែបន្តរស់នៅក្នុងស្ថានភាពភ័យខ្លាចដដែល ដោយសារនៅជាប់បណ្ដឹងក្នុងតុលាការ ហើយអ្នកខ្លះទៀត ត្រូវជនមិនស្គាល់មុខប្រើហិង្សាវាយបែកក្បាល និងបាក់ដៃ។ ជាងនេះទៅទៀត ពួកគេមិនអាចធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិបានដូចពីមុនឡើយ បើពុំដូច្នេះទេ នឹងត្រូវប្រឈមការចាប់ខ្លួនម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។