ក្រុមគ្រូបង្រៀនដែលត្រូវក្រសួងលុបឈ្មោះចេញពីក្របខ័ណ្ឌ ស្នើសុំសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងស្នើសុំក្របខ័ណ្ឌឡើងវិញ បន្ទាប់ពីករណីនេះបានស្ងប់ស្ងាត់បាត់ តាំងតែពីខែឧសភាមក។ អ្នកការពារសិទ្ធិមនុស្សស្នើឱ្យសាលាឧទ្ធរណ៍ពិនិត្យសំណុំរឿងនេះឱ្យបានដិតដល់ និងផ្តល់យុត្តិធម៌ដល់ក្រុមគ្រូបង្រៀនវិញ។
ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមគ្រូបង្រៀនដែលត្រូវក្រសួងលុបឈ្មោះចេញពីក្របខ័ណ្ឌ លោក រ៉ុង ឈុន ថ្លែងថា ពួកលោកទន្ទឹងរង់ចាំការសវនាការលើបណ្ដឹងសារទុក្ខទាក់ទងនឹងការស្នើសុំក្របខ័ណ្ឌឡើងវិញនេះអស់រយៈពេលជាង ៣ខែមកហើយ ក៏ប៉ុន្តែមិនឃើញខាងសាលាឧទ្ធរណ៍កោះហៅពួកលោកនៅឡើយទេ។ លោកស្នើសុំឱ្យសាលាឧទ្ធរណ៍ពន្លឿនរឿងក្តីនេះ និងបង្គាប់ឱ្យក្រសួងអប់រំផ្ដល់ក្របខ័ណ្ឌដល់ពួកលោកឡើងវិញ ពីព្រោះលោក និងគ្រូបង្រៀនដទៃទៀត មិនបានប្រព្រឹត្តកំហុសដូចការអះអាងរបស់ក្រសួងអប់រំនោះឡើយ៖ «អ្វីដែលក្រសួងអប់រំធ្វើហ្នឹង វាជាការរំលោភបំពានធ្ងន់ធ្ងរមកលើក្រុមគ្រូបង្រៀន ព្រោះតាមនីតិវិធី មុននឹងលុបឈ្មោះមន្ត្រីក្រោមបង្គាប់ណាមួយ ត្រូវតែហៅមន្ត្រីនោះទៅអប់រំម្ដងជាពីរដង ឬមានលិខិតស្ដីបន្ទោសតាមរយៈលិខិត ឬមួយផ្ទាល់មាត់ ប៉ុន្តែក្រសួងមិនបានអនុវត្តតាមនីតិវិធីនោះទេ សម្រេចលុបឈ្មោះគ្រូបង្រៀនចេញតែម្ដង»។
កាលពីចុងខែ មេសា កន្លងទៅ តុលាការក្រុងភ្នំពេញបានចេញសាលក្រមរដ្ឋប្បវេណីស្របតាមសំណើរបស់តំណាងក្រសួងអប់រំ ដោយបានលើកចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ក្រោមហេតុផលថា បណ្ដឹងនេះធ្វើឡើងហួសកាលកំណត់នៃច្បាប់។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនអះអាងថា ពួកគាត់មិនបានបោះបង់សិទ្ធិក្នុងការប្ដឹងផ្ដល់ករណីនេះឡើយ។ ពួកគាត់បញ្ជាក់ថា មូលហេតុដែលពួកគាត់ពន្យារពេលដាក់បណ្ដឹងទៅតុលាការ ពីព្រោះពួកគាត់នៅរង់ចាំការឆ្លើយតបពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ក្រោយការដាក់លិខិតស្នើសុំអន្តរាគមន៍។
ក្រុមគ្រូបង្រៀនបានប្ដឹងទាស់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះទៅសាលាឧទ្ធរណ៍បន្តទៀត កាលពីពាក់កណ្ដាលខែឧសភា កន្លងទៅ ប៉ុន្តែសំណុំរឿងនេះមិនទាន់មានការវិវឌ្ឍអ្វីនៅឡើយទេ គិតត្រឹមដើមខែកញ្ញានេះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងថា លោកមិនទាន់បានដឹងអំពីករណីនេះនៅឡើយទេ។ លោកបន្ថែមថា លោកនឹងពិនិត្យមើលសំណុំរឿងនេះ ហើយផ្ដល់ជូនដំណឹងជូនវិញនៅពេលក្រោយទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា គ្រូបង្រៀនគឺជាបុគ្គលសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូច្នេះបើគ្មានកំហុសអ្វីធ្ងន់ធ្ងរនោះទេ ក្រសួងមិនគួរលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌឡើយ។ ជាពិសេស លោកថា បើការលុបឈ្មោះធ្វើឡើងក្រោមហេតុផលនយោបាយ នោះគឺជាទង្វើរំលោភសិទ្ធិមនុស្ស។ លោកជំរុញឱ្យសាលាឧទ្ធរណ៍ពិនិត្យសំណុំរឿងនេះដោយយកចិត្តទុកដាក់៖ «សង្ឃឹមថា អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ពេលដែលទទួលហើយ លោកនឹងពិនិត្យពិចារណាលើរឿងនេះឱ្យបានដិតដល់ផង ពីព្រោះប្រសិនបើការបញ្ឈប់ហ្នឹងវាមិនស្របតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬក៏មិនមានភស្តុតាង ឬក៏មូលហេតុក្នុងការបញ្ឈប់គ្រប់គ្រាន់ទេ នោះយើងគួរតែពិចារណាឱ្យគាត់បានចូលបង្រៀនវិញ»។
ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះគ្រូបង្រៀនគាំទ្របក្សប្រឆាំងចំនួន ១៣នាក់ ចេញពីក្របខ័ណ្ឌ កាលពីដើមឆ្នាំ ២០១៨ កន្លងទៅ ក្រោមហេតុផលថា ពួកគាត់បានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនបានបដិសេធការចោទប្រកាន់នេះ និងថាក្រសួងអប់រំបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ពួកគាត់ជឿជាក់ថា ចំណាត់ការរបស់ក្រសួងអប់រំនេះ គឺដោយសារពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។