ក្រសួង​ការបរទេស​មោឃភាព​លិខិតឆ្លងដែន​សកម្មជន​បក្ស​ប្រឆាំង ២៧​នាក់

0:00 / 0:00

ក្រសួង​ការបរទេស​សម្រេច​លុបចោល​លិខិតឆ្លងដែន​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន ២៧​នាក់ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​។ សង្គម​ស៊ីវិល និង​សកម្មជន​បក្ស​ប្រឆាំង ចាត់​ទុក​ការ​លុបចោល​លិខិតឆ្លងដែន​ពី​សំណាក់​របប​ក្រុងភ្នំពេញ​នេះ​ថា ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា ក្រសួង​ពិតជា​បាន​លុប ចោល​លិខិតឆ្លងដែន​របស់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២៧​នាក់​មែន ចាប់​តាំង​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា​។ លោក បញ្ជាក់​ថា ការ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​នេះ ដោយសារ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ ''​រួមគំនិត​ក្បត់​'' នា​ពេល​កន្លងមក៖ «យើង​លុបចោល​មោឃ​លិខិតឆ្លងដែន ព្រោះ​គាត់​បំពាន​ច្បាប់ ប្រទេស​យើង ធ្វើ​ខុសច្បាប់ ដោយ​តុលា​ការ​កោះ​ហៅ​គាត់​ហើយ​គាត់​គេច​និង​មាន​ដីកា​ចេញពី តុលាការ​ដើម្បី​ចាប់ខ្លួន​គាត់​មក​ប្រឈម​នឹង​ច្បាប់​ប្រទេស​យើង​វិញ​។ រឿង​នេះ​បើ​គាត់​កុំ​រត់គេច ហើយ​ចូលខ្លួន​មក​តាម​ការ​កោះ​ហៅ​របស់​តុលាការ គឺ​អត់​មាន​បញ្ហា​ទេ​។ បញ្ហា​គឺ​គាត់​រត់គេច​ខ្លួន​ពី សំណាញ់​ច្បាប់​ប្រទេស​ខ្មែរ»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ២៧​នាក់ ដែល​ត្រូវ​បាន​ក្រសួង​លុបចោល​លិខិតឆ្លងដែន​នោះ រួមមាន​៖ លោក ម៉ៅ វិបុល លោក ម៉ោញ សារ៉ាត់ លោក នាង សុឃុន លោកស្រី គុណ ម៉ាច កញ្ញា កឹម តុលា កញ្ញា សៅ ឧសភា កញ្ញា ងឹម គាថា លោក ជិន សុខង៉េង លោក លី រតនៈ​រស្មី លោក ហៃ វណ្ណា លោក ឈុន វៀន លោក ឡេង សេងហុង និង​លោក អាត វិចិត្រ ព្រមទាំង​សកម្មជន​មួយ ចំនួន​ទៀត ដែល​សកម្ម និង​មាន​ប្រជាប្រិយភាព។ សកម្មជន​ទាំង ២៧​នាក់​នេះ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេង​ពី​របប​ក្រុងភ្នំពេញ ដោយសារតែ​សកម្មភាព​តស៊ូ​នយោបាយ ដែល​ពួកគាត់​អះអាង​ថា ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាធិបតេយ្យ។

លោក កុយ គួង លើកឡើង​ថា ប្រសិនបើ​សកម្មជន​ទាំង​នេះ ចង់​ប្រើប្រាស់​លិខិតឆ្លងដែន​ឡើងវិញ ត្រូវតែ​វិល​ចូល​កម្ពុជា ហើយ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ជាមុន​សិន៖ «ឱ្យ​គាត់​ចូល​មក​ក្នុង​ប្រទេស​ហើយ​ប្រឈម​នូវ​ផ្លូវច្បាប់​របស់​ប្រទេស​សិន​ទៅ ហើយ​នីតិវិធី​បន្ត​នឹង​ពិនិត្យ​ទៅលើ​លទ្ធភាព​ជាក់ស្ដែង»។

ការ​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ គឺ​ផ្ទុយ​ពី​ប្រកាស​របស់​មេដឹកនាំ​របប ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដែល​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​តំណាង​អយ្យ ការ ត្រូវ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់ ដែល​បាន​ចាប់​ឃុំ​ខ្លួន ព្រមទាំង​បញ្ជា​ឱ្យ​ដកហូត​ដីកា​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ជាមួយ គ្នា​នោះ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​រត់​គេច​ខ្លួន​ទាំងអស់ ត្រឡប់​វិល​ចូល​ផ្ទះសម្បែង ជួបជុំ​គ្រួសារ​ឡើងវិញ ដោយ​លោក​ធានា​ថា នឹង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​តទៅទៀត​ផង​ដែរ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ៣​ឆ្នាំ ក្នុង​រឿង​នយោបាយ និង​កំពុង​រស់នៅ និរទេស​ខ្លួន​ក្នុង​ប្រទេស​ថៃ លោក នាង សុឃុន ប្រតិកម្ម​ខ្លាំងៗ ថា ការលុបចោល​លិខិតឆ្លងដែន​ពី​សំណាក់​ក្រសួង​ការបរទេស​កម្ពុ​ជា គឺជា​រឿយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ទាំងស្រុង ខណៈ​ដែល​លោក​មិន ដែល​បាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​អះអាង​ថា សកម្មភាព​របស់​លោក កន្លងមក គឺ​អនុវត្ត​តាម​សិទ្ធិ​សេរីភាព ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។ អតីត​អ្នកទោស នយោបាយ​រូប​នេះ​ចោទ​ថា មន្ត្រី​របប​ក្រុងភ្នំពេញ​ទៅវិញ​ទេ ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់ ជាតិ​ខុសច្បាប់ ដូចជា កាល​ពី​ពេល​ថ្មីៗ នេះ បាន​ប្រគល់​ដី ៤០​ហិកតារ​ឱ្យ​ជនជាតិ​វៀតណាម​រស់នៅ ហើយ​ថែមទាំង​ផ្ដល់​សញ្ជាតិ​ផ្ដល់​លិខិតឆ្លងដែន​ឱ្យ​ជនបរទេស​ដោយ​ខុសច្បាប់​ជា​ហូរហែ​ទៀត​ផង​។ លោក នាង សុឃុន កត់សម្គាល់​ថា របប​ក្រុងភ្នំពេញ​កំពុង​តាម​ធ្វើទុក្ខបុកម្នេញ​គ្រប់​បែប​យ៉ាង​លើ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ទោះបីជា​ខំ​គេចខ្លួន​រស់នៅ​ក្រៅ​ប្រទេស​ក្តី ប៉ុន្តែ​លោក​អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​នៅតែ​ក្លាហាន​បន្ត​បេសកកម្ម​ទៅ​មុខ​ទៀត ដើម្បី​ការ​ផ្លាស់ប្ដូរ​នាំមក​នូវ លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់​ពិតប្រាកដ៖ «ខ្ញុំ​យល់ថា ក្រសួង​ការបរទេស កំពុងតែ​រំលោភ​ទៅលើ​សិទ្ធិ សេរីភាព​របស់ខ្ញុំ ដែល​ជា​ម្ចាស់​ប្រទេស​ម្នាក់​ដែរ​។ ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​មន្ត្រី​និង​ក្រសួង​ការបរទេស រដ្ឋាភិបាល​ខុសច្បាប់ ដែល​លុបចោល​លិខិតឆ្លងដែន​របស់ខ្ញុំ​ដែល​ជា​យុវជន​និង​ជា​ពលរដ្ឋ​ខ្មែរ ម្ចាស់​ប្រទេស​មួយ​រូប​ដែរ​នោះ»។

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត គឺ​លោក ម៉ៅ វិបុល សោកស្ដាយ​ដែល​ក្រសួងការបរទេស​កម្ពុ​ជា លុបចោល​លិខិតឆ្លងដែន​របស់​លោក​តាំងពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ប៉ុន្តែ​លោក​ទើបតែ​ដឹង​នៅ​ពេល​នេះ​។ លោក​មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ​តែងតែ​និយាយ​បាតដៃ​ជា​ខ្នងដៃ​ដោយ​ម្ដង​ប្រកាស​ឈប់​ធ្វើទុក្ខបុកម្នេញ​ហើយ​ម្ដង​បែរ​ជា​ប្រកាស​លុបចោល​លិខិតឆ្លងដែន​របស់​ពួកគាត់​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ការ​លុប​ចោល​លិខិតឆ្លងដែន​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ គឺជា​កិច្ចប្រឹងប្រែង​ទាំង​បំពាន​ច្បាប់​របស់​របប​ក្រុងភ្នំពេញ ដើម្បី​រំខាន និង​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​កុំ​ឱ្យ​ធ្វើ​ចលនា​កៀរគរ កម្លាំង​ពលករ​នៅ​ប្រទេស ត្រៀមខ្លួន​វិល​ចូល​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស៖ «រដ្ឋាភិបាល​ខុសច្បាប់​នេះ​ចេះតែ​ប្រព្រឹត្ត​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន ការ​លំបាក ដូច​រូប​ខ្ញុំ​នេះ គឺ​គ្រាន់តែ​ធ្វើការ​តស៊ូ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ រដ្ឋាភិបាល​នេះ​ខុសច្បាប់ ហើយ​ចេះ​តែ​ធ្វើ​រឿង​ខុសច្បាប់​ថែមទៀត​។ ខ្ញុំ​នឹង​តស៊ូ​តទៅទៀត»។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​កន្លងទៅ ក្រសួង​ការបរទេស​នៃ​របប​ក្រុងភ្នំពេញ ក៏បាន​លុប​លិខិតឆ្លងដែន របស់​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ១២​រូប​ដែរ ក្នុង​នោះ​មាន អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី លោក ម៉ម ផល្លា លោក សោ ចាន់ដេត លោក គង់ សភា លោក ហេង ដាណារ៉ូ លោក វណ្ណ ណាឫទ្ធិ លោក ញឹម គិមញ៉ុល លោក អ៊ីសា អូស្មាន និង​លោក ដាង ចំរើន។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លុបចោល​លិខិតឆ្លងដែន​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើយ​ដោយ ឆាប់រហ័ស និង​មិន​ត្រឹមត្រូវ​តាមច្បាប់​។ លោក​ពន្យល់​ថា ទោះបីជា​សកម្មជន​ទាំងនោះ ត្រូវ​បាន​តុលាការ ចោទប្រកាន់ និង​ចេញ​ដីកាចាប់ខ្លួន​ក្តី ប៉ុន្តែ​មិន​ទាន់​បាន​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ និង​សម្រេច​ជា​ផ្លូវការ​ថា សកម្មជន​ទាំងនោះ ត្រូវ​មានទោស​នៅឡើយ​ទេ​។ លោក អំ សំអាត ចាត់ទុកថា ការ​លុបចោល​លិខិតឆ្លងដែន​នេះ​ជា​អំពើ​ខុសច្បាប់ និង​ជា​ការ​ដកហូត​សិទ្ធិ​ដើរហើរ​របស់​ពលរដ្ឋ ព្រោះ​ប្រសិនបើ​គ្មាន​លិខិតឆ្លងដែន​ទេ គឺ​ពួកគាត់​នឹង​ប្រឈម​ផ្លូវច្បាប់​របស់​ប្រទេស ដែល​កំពុង​ស្នាក់​នៅ​ក្រោម​មូលហេតុ​ឆ្លងដែន​ចូល​ប្រទេស​នោះ​ខុសច្បាប់៖ «តាម​ផ្លូវ​ច្បាប់​ដរាបណា​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​បាន​ន័យ​ថា ប្រជាពលរដ្ឋ​ទាំងអស់​នេះ នៅ​មាន​សិទ្ធិ និង​សេរីភាព​ហើយ​នៅតែ​ចាត់ទុកថា មិន​ទាន់​មាន​ទោស ដូច​ពលរដ្ឋ​ដទៃ​ដែរ។ បើសិនជា​សំអាង​លើ​ហេតុផល​នោះ ហើយ​លុប​ចោល​សុពលភាព​លិខិត​ឆ្លង ដែន​ពួកគាត់ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ពួកគាត់ និង​ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ជា​ការ​គំរាមកំហែង​និង​ការរើសអើង​ផ្នែក​នយោបាយ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​សង្កេត​ឃើញ​ថា សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក គឺជា​ការ អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល​របស់​ជាតិ ហើយ​សហគមន៍ ជាតិ និង​អន្តរជាតិ តែងតែ​រិះគន់ ចំពោះ​វិធានការ​ចោទប្រកាន់ និង​ការ​ចាប់ខ្លួន​របស់​តុលាការ និង​អាជ្ញាធរ​ថា ផ្អែក​តាម​ទិដ្ឋភាព​នយោបាយ​ច្រើនជាង​ទិដ្ឋភាព​ច្បាប់​។ លោក អំ សំអាត បារម្ភ​ថា ការ​លុបចោល​លិខិតឆ្លងដែន​នេះ នឹង​ដាក់​បន្ទុក​បន្ថែម​ទៀត សម្រាប់​ឱ្យ​សហភាព​អឺរ៉ុប សម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។

ករណី​សម្រេច​ដកហូត​សិទ្ធិ​កាន់កាប់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​មន្ត្រី និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​កន្លង​ទៅ​នេះ ធ្វើ​ឡើង​ត្រឹម​ក្រសួង​ការបរទេស​កម្ពុជា ដោយ​មិន​ឃើញ​មាន​យោង​ទៅ​លើ​ច្បាប់​ណា​ឡើយ​មួយ​ឡើយ ហើយក៏​មិនបាន​ឆ្លងកាត់​តុលាការ​ដែរ។

ច្បាប់​ស្ដីពី​សញ្ជាតិ​ចែងថា មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​កាន់កាប់​លិខិត​ឆ្លងដែន​។ ចំណែក​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៣ ចែងថា​៖ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។