ក្រសួងការពារជាតិ និងក្រសួងការបរទេសនៅថ្ងៃសៅរ៍ទី១៧ វិច្ឆិកា អះអាងថា កម្ពុជាគ្មានមូលដ្ឋាននាវាយោធាចិននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធដូច្នោះ កម្ពុជាមិនអនុញ្ញាត ឲ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធានោះឡើយ។
ចំណែកឯក្រសួងការបរទេសកម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងនេះ គឺលោក ប្រាក់ សុខុន ក៏ច្រានចោលព័ត៌មាន ដែលថា កម្ពុជារៀបចំមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅតំបន់ឆ្នេរសមុទ្រ ខេត្តកោះកុងនោះដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក ប្រាក់ សុខុន ហៅព័ត៌មាននោះថា ជាពាក្យចចាមអារ៉ាម ដោយសារការកើនឡើង នៃទំហំពាណិជ្ជកម្មចិននៅកម្ពុជា។
ប្រតិកម្មរបស់ស្ថាប័នធំៗ នៃរបបលោក ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីសារព័ត៌មាន The Asia Timesចុះផ្សាយអំពីក្តីកង្វល់របស់សហរដ្ឋអាមេរិក និងពិភពលោក ដែលកម្ពុជាអាចក្លាយជាចំណុចស្នូល នៃសង្គ្រាមត្រជាក់ថ្មីមួយ ដោយសារតែកម្ពុជាងាកទៅរកចិនខ្លាំង និងឥតងាករេ តាមរយៈការផ្តល់ដីសម្បទានទៅចិនជាង ៤៥.០០០ហិកតារ រយៈពេល ៩៩ឆ្នាំ នៅខេត្តកោះកុង ដើម្បីចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិន ចូលចតបាន។
សហរដ្ឋអាមេរិក តាមរយៈអនុរដ្ឋមន្រ្តីការបរទេសលោក John Sullivan បានជួបលោក ប្រាក់ សុខុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ នៅប្រទេសសិង្ហបុរី ដើម្បីជជែកពីបញ្ហានេះផងដែរ។ លោក John Sullivanព្រមានថា ទំនាក់ទំនងការទូតខ្មែរ និងអាមេរិកនឹងមិនប្រសើរឡើយ ប្រសិនបើចិនបានដាក់មូលដ្ឋាននាវានៅកម្ពុជាមែននោះ។
ប៉ុន្តែ លោក ប្រាក់ សុខុន អះអាងថា កម្ពុជាមិនរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីខ្លួននោះទេ។
ប៉ុន្តែ អតីតប្រធានគណបក្ស សង្គ្រោះជាតិលោក សម រង្ស៊ី ថា របបលោក ហ៊ុន សែន កំពុងដាក់កម្ពុជា ឲ្យស្ថិតក្រោមអាណានិគមនិយមរបស់ចិន និងវៀតណាមទៅហើយ។ លោក សម រង្ស៊ី សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា លោក ហ៊ុន សែន បានពុះជ្រៀកប្រទេសកម្ពុជាឲ្យយួនមួយផ្នែក និងឲ្យចិនមួយផ្នែក។ លោកបន្តថា ពេលនេះ ខេត្តរតនគីរី ខេត្តមណ្ឌលគីរី និងខេត្តស្វាយរៀងមួយផ្នែកធំ បានក្លាយទៅជាដែនអាណានិគមនិយម របស់ប្រទេសវៀតណាមទៅហើយ។ ទន្ទឹមគ្នានេះ ខេត្តព្រះសីហនុ និងខេត្តកោះកុង កំពុងតែក្លាយទៅជា ដែនអាណានិគមនិយមរបស់ប្រទេសចិន។ លោក សម រង្ស៊ី ថា របបលោក ហ៊ុន សែន អសមត្ថភាព ពុករលួយ និងកញ្ជើធ្លុះបែបនេះ ច្បាស់ជាដួលរលំ បើគ្មានជំនួយហិរញ្ញវត្ថុពីចិន។ លោកថា នយោបាយលោក ហ៊ុន សែន គឺយកលុយចិនប្តូរជាមួយទឹកដីប្រទេសកម្ពុជា។ ដូច្នេះ ទាំងចំពោះយួន និងទាំងចំពោះចិន ហ៊ុន សែន ជាជនក្បត់ជាតិសម្រាប់ប្រជារាស្ត្រខ្មែរ។
តាំងពីក្រុមហ៊ុនចិន China’s Tianjin Union Development Group (UDG) ទទួលបានដីសម្បទាន ដែលគ្របដណ្តប់ ២០% នៃឆ្នេរសមុទ្រកម្ពុជា តាំងពីឆ្នាំ ២០០៨ បញ្ហារំលោភដីធ្លីពលរដ្ឋ បានក្លាយជាជំងឺរ៉ាំរ៉ៃ រហូតដល់បច្ចុប្បន្នផងដែរ។
បញ្ហាឥទ្ធិពលចិនកុម្មុនិស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ក្លាយជាក្តីកង្វល់ធំសម្រាប់ប្រទេសសមាជិកអាស៊ានដែរ។ ប្រការនេះ ធ្វើឲ្យលោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong ព្រមានអំពីគ្រោះថ្នាក់ជាយថាហេតុ និងតម្រូវឲ្យសមាជិកអាស៊ានជ្រើសរើសផ្លូវដើរមួយ ដែលត្រូវចាប់យកចិន ឬយកអាមេរិក។ ថ្លែងនៅក្នុងពេលបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក Lee Hsien Loong ថា កាលៈទេសៈនេះ នឹងចូលមកដល់នៅថ្ងៃណាមួយជាក់ជាមិនខាន ដែលប្រទេសអាស៊ាន ត្រូវបង្ខំចិត្តសម្រេចជ្រើសមួយអត់មួយនេះ។ បញ្ហានេះ គឺកើតឡើងដោយសារ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Brad Adams ព្រមានរបបលោក ហ៊ុន សែន ថា ការផ្តេកផ្តួលវាសនាប្រទេសជាតិ ទៅលើចិនកុម្មុនិស្តខ្លាំងដូចសព្វថ្ងៃនេះ គឺនឹងនាំឲ្យប្រទេសកម្ពុជាឲ្យជួបវិបត្តិធ្ងន់ធ្ងរ។ លោកថា មិនយូរមិនឆាប់ របបលោក ហ៊ុន សែន នឹងអស់ខ្យល់ បើមិនរិះរកវិធានការចាប់យកប្រទេសលោកសេរីជាដៃគូ តាមរយៈការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។