របប​លោក ហ៊ុន សែន សុំទោស​ពលរដ្ឋ​រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​​ពី​ថ្ងៃ​៩ វិច្ឆិកា

របប​លោក ហ៊ុន សែន សុំទោស​ពលរដ្ឋ​រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ដោយ​យក​ហេតុផល​ថា ជា​ការ​បង្ការ និង​ទប់ស្កាត់​សកម្មភាព​របស់​គណបក្ស​ប្រឆាំង និង​ធានា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ អ្នកវិភាគ​យល់ថា រដ្ឋាភិបាល​ហាក់​ប្រើ​កម្លាំង​ជ្រុល និង​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ ដោយសារតែ​ការ​ចង់​យក​ឈ្នះ​ចាញ់​គូបដិបក្ខ​នយោបាយ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ហៅ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​សុំទោស​ពលរដ្ឋ​ខ្មែរ​នេះ​ថា ជា​កាយវិការ​វិជ្ជមាន និង​ជា​កាយវិការ​ដ៏​កម្រ​មួយ។ លោក​ថា នេះ​គឺជា​ចរិត​នយោបាយ​ល្អ​មួយ ដែល​ឆ្លុះ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​យល់ចិត្ត​ពលរដ្ឋ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ហេតុការណ៍​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​កាល​ពី​ពេល​កន្លង​មក​នេះ​។ ក៏ប៉ុន្តែ បណ្ឌិត មាស នី ថា រដ្ឋាភិបាល​ហាក់បីដូចជា​បាន​ប្រើប្រាស់​កម្លាំង​ជ្រុល​ពេក ដែល​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ។ លោក​ថា រឿង​នេះ​ពុំបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​នោះ​ឡើយ ក្រៅ​តែ​ពី​ការ​ចង់​យកឈ្នះ​ចង់​ចាញ់​ជាមួយ​គូ​បដិបក្ខ៖ «ទីមួយ​វា​ធ្វើ​ឱ្យ​មើល​ទៅ​ស្ថានភាព​សន្តិសុខ​របស់​ប្រទេស​កម្ពុជា វា​មិន​ល្អមើល។ យើង​ដឹង​ស្រាប់​ហើយ​ថា នៅ​ពេល​ដែល​មាន​ដាក់​កងកម្លាំង មាន​កាំភ្លើង​ច្រូងច្រាង​នៅ​តាម​ព្រំដែន ហើយ​ពិសេស​អម​តាម​ច្រក​ចូល​អន្តរជាតិ​មួយៗ​ហ្នឹង បាន​បង្ហាញ​ច្បាស់​ណាស់​ថា ប្រទេស​មួយ​នេះ​ស្ថិត​ក្នុង​ភាព​ប្រុងប្រៀប គឺ​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​។ អ៊ីចឹង​ទៅ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ទៀត​ផង»។

របប​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ សុំទោស​ពលរដ្ឋ​ខ្មែរ រឿង​ដាក់​ពង្រាយ​កងទ័ព និង​បិទ​ព្រំដែន​កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​១៣ វិច្ឆិកា គណៈរដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន បាន​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ ចំពោះ​ភាព​រអាក់រអួល​ក្នុង​ការ​ចេញ​ចូល​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា កន្លងទៅ​។ របប​នេះ​ផ្ដល់​ហេតុផល​ថា ភាព​រអាក់រអួល​នេះ គឺ​ដោយសារតែ​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន ក្នុង​អ្វីមួយ​ដែល​របប​នេះ​អះអាង​ថា «​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឧទ្ទាម និង​ធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​» នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ។

បណ្ឌិត មាស នី ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​ពិនិត្យមើល​រឿង​នេះ​ឡើងវិញ ហើយ​គួរ​ប្រើ​កម្លាំង​ឱ្យ​បាន​សមស្រប ទៅតាម​ស្ថានការណ៍ ដើម្បី​កុំ​ឱ្យ​មើល​ទៅ​ជា​ការ​បង្ហាញ​សាច់ដុំ​ហើយ​មិន​ស្រប​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​កើតមានឡើង។

សេចក្ដី​ថ្លែងការណ៍​របស់​របប​ក្រុងភ្នំពេញ​ដដែល ក៏​មិន​ភ្លេច​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​នៅតែ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ជំរុញ​បន្ត​អនុវត្ត​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​អ្វីមួយ​ដែល​របប​នេះ​ថា ដើម្បី «កុំ​ឱ្យ​មានទោស​ពៃរ៍​ចំពោះ​ការ​ចាញ់​បោក​ឧបាយកល​នយោបាយ​របស់​ក្រុម​ឧទ្ទាម​» ក្រោម​ដំណើរ​វិល​ត្រលប់​​មក​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី។ ការ​ជំរុញ​បន្ត​អនុវត្ត​មាត្រា ៤៥៤​នេះ ដែល​ចែង​ពី​ការ​លើកលែង​ទោស ចំពោះ​បុគ្គល​ណា​ដែល​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់ ប្រសិនបើ​មុន​ការចោទប្រកាន់​បុគ្គល​ទាំងនោះ​បាន​បង្ហាញ​ប្រាប់ ឬ​សារភាព​ប្រាប់​សមត្ថកិច្ច​ជាមុន​នោះ ខណៈ​របប​នេះ​អះអាង​ថា «​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» របស់​លោក សម រង្ស៊ី បាន​ទទួល «បរាជ័យ​ទាំងស្រុង​» ហើយ​នោះ ហើយ​រដ្ឋាភិបាល​បាន​ធានា​យ៉ាង​រឹងមាំ​ជា​ប្រក្រតី​ចំពោះ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ប្រទេស។

បណ្ឌិត មាស នី ហៅ​ការ​បន្ត​ជំរុញ​ឱ្យ​អនុវត្ត​នេះ មានន័យថា រដ្ឋាភិបាល​នៅ​មាន​ភាព​បារម្ភ និង​មិន​ស្ងប់ចិត្ត និង​នៅតែ​មាន​ការប្រុងប្រៀប​នៅឡើយ​ទេ ចំពោះ​ចលនា​របស់​គណបក្ស​សង្គ្រោះជាតិ៖ «ការ​គំរាម ឬ​ការ​បង្ក្រាប​ទាំងឡាយ​ណា វា​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ហ្នឹង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ​ដើម្បី​បន្ថយ​ការ​ព្រួយ​បារម្ភ​ការភ័យខ្លាច​។ ក៏ប៉ុន្តែ បើ​សិន​ការ​បង្ក្រាប​ហ្នឹង​ធ្វើ​យូរ​តទៅទៀត ជួនកាល​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​អយុត្តិធម៌​យ៉ាង​ដូច្នេះ​រហូត​។ ទី​ចុង​បញ្ចប់ នៅ​ស្រុក​យើង​វា​អត់​មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ហើយ​វា​អត់​មាន​តុលាការ​ឯករាជ្យ​នោះ​ទេ​។ ជួនកាល​ទៅ អ្នក​ដែល​នៅ​ខាងក្រោម​ហ្នឹង អាច​យកការណ៍​ហ្នឹង​ទៅ​ប្រើ​លេស ដោយសារ​ការ​គុំកួន​ផ្ទាល់ខ្លួន ដើម្បី​ទៅ​ធ្វើការ​ប្តឹង​ទៅ​ចាប់​មនុស្ស​ពាសពេញ​ប្រទេស​។ បើ​ធ្វើ​អ៊ីចឹង​ទៅ វា​នឹង​អាច​ក្លាយ​ដូច​កាលពី​ជំនាន់ ប៉ុល ពត ចាប់​មុន ឬ​សម្លាប់​មុន​បាន​រាយការណ៍​ក្រោយ​នោះ​។ ខ្ញុំ​មិន​ចង់​និយាយ​ថា ឥឡូវ​ហ្នឹង​វា​ដូច ប៉ុល ពត ទេ»។

ការអនុវត្ត​វិធានការ​តឹងរ៉ឹង​ចុងក្រោយ​ដែល​រួមមាន​ដូចជា ការ​ដាក់​ពង្រាយ​កងទ័ព​ខុស​ពី​ប្រក្រតី នៅ​តាម​តំបន់​សំខាន់ៗ​ក្នុង​ប្រទេស ការ​បង្ក្រាប​មក​លើ​សកម្មជន​គណបក្សប្រឆាំង​តាម​មូលដ្ឋាន មិន​ធ្លាប់​មាន​ពីមុន​មកនេះ រង​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ពួកគេ​ចង់​ឃើញ​កម្ពុជា​របស់​លោក ហ៊ុន សែន ងាក​មក​រក​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការផ្សះផ្សា​ជាតិ​ឡើងវិញ ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។