អាជ្ញាធរខេត្តនៅតំបន់ភូមិភាគពាយ័ព្យជាប់ព្រំដែនប្រទេសថៃ បង្ហាញកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ជាថ្មីទៀត ដើម្បីត្រៀមទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាចុងសប្ដាហ៍នេះ។ ប្រជាពលរដ្ឋតំបន់ព្រំដែនថៃចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការចំណាយថវិកាជាតិឥតប្រយោជន៍ ដើម្បីបំពេញមហិច្ឆតានយោបាយរបស់គណបក្សកាន់អំណាច។
ប្រជាពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យ លើកឡើងស្រដៀងគ្នាថា ស្ថានការណ៍ស្រុកទេសកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយ បានជាអាជ្ញាធរបញ្ចេញកងកម្លាំង ដែលមានកាន់កាំភ្លើងជាប់ដៃស្អេកស្កះបង្អួតគេឯងតាមផ្លូវម្ដងហើយម្ដងទៀតបែបនេះ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនថ្លែងថា ពលរដ្ឋនៅក្នុងខេត្តនេះភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា នៅពេលឃើញអាជ្ញាធរបង្ហាញកងទ័ព ដែលមានកាំភ្លើងជាប់ដៃជាបន្តបន្ទាប់នោះ។ ពលរដ្ឋរូបនេះបន្តថា អ្នករស់នៅតំបន់ព្រំដែនភាគច្រើនមិនគាំទ្រនឹងការបញ្ចេញកងកម្លាំងបែបនេះទេ ពីព្រោះពួកគាត់យល់ថា ការធ្វើបែបនេះជាការបំផ្លាញថវិកាជាតិដោយគ្មានប្រយោជន៍ ដើម្បីធ្វើសង្គ្រាមសម្លាប់ខ្មែរគ្នាឯង។ លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការទប់ទល់ស្ថានការណ៍ ដើម្បីការពារអំណាចរបស់ក្រុមមេដឹកនាំប្រទេសបច្ចុប្បន្ន ឱ្យបានគ្រប់គ្រងប្រទេសបន្តទៀតប៉ុណ្ណោះ៖ «បើសិនជាមានជម្លោះជាមួយប្រទេសជិតខាង ដែលគេឈ្លានពានទឹកដីយើងរំលោភច្បាប់អន្តរជាតិ ជាការត្រឹមត្រូវ តែប្រសិនបើបញ្ជូនកងទ័ពដើម្បីការគំរាមកំហែងប្រជាពលរដ្ឋវាមិនត្រឹមត្រូវទេ។ ខ្ញុំព្រួយបារម្ភថា ប្រសិនបើការដាក់កម្លាំងនៅច្រើនបន្តដល់ថ្ងៃទី៩ វិច្ឆិកា អាចនឹងមានការបង្ហូរឈាមដាក់គ្នាដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាមិនខានទេ»។
រីឯប្រជាពលរដ្ឋនៅតំបន់ព្រំដែនសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់ទៀត ថ្លែងថា ស្ថានការណ៍នយោបាយនៅតំបន់ពួកគាត់រស់នៅកាន់តែអាក្រក់ទៅ ហើយមានប្រជាពលរដ្ឋខ្លះភ័យខ្លាចមានសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងជាថ្មីទៀត ពីព្រោះអាជ្ញាធរបានដាក់កម្លាំងប្រដាប់អាវុធរាប់រយនាក់ប្រចាំការនៅតាមព្រំដែន ដែលមិនធ្លាប់មានបែបនេះឡើយ។ ប៉ុន្តែពលរដ្ឋរួបនេះបញ្ជាក់ដែរថា ថ្វីត្បិតតែអាជ្ញាធរបង្ហាញកងទ័ពស្អេកស្កះយ៉ាងនេះក្ដី ក៏ពលរដ្ឋមួយចំនួននៅតែខ្សឹបខ្សៀវគ្នា ត្រៀមខ្លួនទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលដ៏ខ្លីខាងមុខដដែល៖ «ខ្ញុំមិនអាចគាំទ្ររបបដឹកនាំសព្វថ្ងៃបន្តទៅទៀតបានទេ ព្រោះការដឹកនាំរបស់គាត់មិនមានការរីកចម្រើនទៅមុខទេ គឺមានតែថយក្រោយ។ ដូច្នេះបើទោះបីជាថ្ងៃ៩ រយៈពេលខ្លីក៏ដោយគឺយើងត្រូវតែទៅទទួលលោក សម រង្ស៊ី ទាំងអស់គ្នាឱ្យបានច្រើន ហើយនៅតំបន់ខ្ញុំប្រជាពលរដ្ឋត្រៀមរង់ចាំថ្នាក់ដឹកនាំគណបក្សប្រឆាំងមកដល់ដើម្បីចេញទៅអមដំណើរទាំងអស់គ្នាដោយមិនខ្លាចការគំរាមកំហែងពីអាជ្ញាធរឡើយ»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ គឺដោយសារតែអាជ្ញាធរខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្ដរមានជ័យ ដែលនៅជាប់បណ្ដោយព្រំដែនប្រទេសថៃ បានបង្ហាញកងទ័ពរាប់រយនាក់ ដើម្បីត្រៀមទប់ស្កាត់លោក សម រង្ស៊ី វិលចូលស្រុកវិញ។
នៅខេត្តបន្ទាយមានជ័យមានកងកម្លាំងប្រមាណ ៥០០នាក់ ឈរជើងនៅក្នុងភូមិសាស្ត្រខេត្តនេះ ហើយបានហ្វឹកហ្វឺនរួមគ្នាជាថ្មី នៅព្រឹកថ្ងៃទី៦ វិច្ឆិកា។ គេហទំព័ររដ្ឋបាលសាលាខេត្តនេះ បញ្ជាក់ថា កម្លាំងដែលចូលរួមមាន ទាហានភូមិភាគទិសទី១ របស់ខេត្ត កម្លាំងនគរបាលខេត្ត និងទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្ត។
រីឯនៅខេត្តបាត់ដំបងក៏មានកងទ័ពប្រមាណ ៥០០នាក់ ហែក្បួនតាមផ្លូវជាតិលេខ៥ ក្នុងក្រុងបាត់ដំបង ត្រៀមចេញទៅប្រចាំការនៅតំបន់ព្រំដែនដែរ។
ចំណែកខេត្តឧត្ដរមានជ័យណោះវិញ ក៏មានកងកម្លាំងប្រមាណ ១ពាន់នាក់ មានអាវុធគ្រប់ដៃប្រមូលផ្ដុំគ្នានៅទីរួមខេត្តឧត្ដរមានជ័យនៅព្រឹកថ្ងៃទី៦ វិច្ឆិកា។ គេហទំព័រស្នងការនគរបាលខេត្តឧត្ដរមានជ័យ បញ្ជាក់ថា កងទ័ពទាំងអស់នេះត្រៀមកម្ទេចលោក សម រង្ស៊ី និងអ្នកហែហមឱ្យទៅជាផេះ ប្រសិនបើពួកគេវិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា នោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលខេត្តលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ វិច្ឆិកាថា អាជ្ញាធរបានបន្ថែមកងកម្លាំងប្រចាំការនៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើមទប់ស្កាត់លោក សម រង្ស៊ី និងអ្នកហែហមវិលចូលស្រុកវិញនៅពេលខាងមុខ។ លោកបញ្ជាក់ថា ការដាក់កម្លាំងដោយសារក្រុមបក្សប្រឆាំងមានគម្រោងផ្ដួលរំលំរដ្ឋាភិបាលលោក។ ទោះជាយ៉ាងណាលោកថា ប្រជាពលរដ្ឋ ដែលមិនពាក់មានពាក់ព័ន្ធនឹងការវិលត្រឡប់របស់លោក សម រង្ស៊ី អាចឆ្លងដែនចេញចូលតាមព្រំដែនបានជាធម្មតា៖ «អីចឹងយើងត្រូវត្រៀមកម្លាំងទប់ស្កាត់កុំឱ្យមនុស្សបង្កចលាចលនៅក្នុងប្រទេសបាន។ ចំពោះប្រជាពលរដ្ឋមិនមានអ្នកណាហាមឃាត់មិនឱ្យចេញចូលព្រំដែនទេ ប៉ុន្តែកុំឱ្យពាក់ព័ន្ធការគាំទ្រធ្វើសកម្មភាពប្រឆាំងនឹងសមត្ថកិច្ចទៅបានហើយ»។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា ការពង្រាយកម្លាំងប្រដាប់អាវុធ និងយោធាតាមព្រំដែនទាំងនេះ គឺផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ លោកពន្យល់ថា កងទ័ពជាតិអាចប្រើប្រាស់បាន លុះត្រាមានសេចក្តីសម្រេចពីឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន និងជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ លោកបន្តអាជ្ញាធរដាក់ពង្រាយកងកម្លាំងច្រើនស្អេកស្កះ តាមបណ្ដោយព្រំដែនបែបនេះ ឆ្លុះបញ្ចាំងពីអំណាចផ្ដាច់មុខ របស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាកងទ័ពជាតិតាមអំពើចិត្ត ដោយមើលរំលងឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលមានព្រះមហាក្សត្រជាព្រះប្រធាន៖ «សិទ្ធិអំណាចការពារកងទ័ពហ្នឹង គេត្រូវធ្វើតាមឧត្តមក្រុមប្រឹក្សាការពារជាតិ អាហ្នឹងវាត្រឹមត្រូវតាមច្បាប់។ បើសម្រេចអត្តនោម័តិដោយនាយករដ្ឋមន្ត្រី ឬអគ្គមេបញ្ជាការ ឬមេទ័ព ហ្នឹងដូចជាមិនសមស្របនឹងច្បាប់ទេ។ ច្បាប់រដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រ ជាមេបញ្ជាការកំពូលហើយលោកជា ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សាការពារជាតិ»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់ពង្រាយកងកម្លាំងចម្រុះប្រមាណ ៥០០នាក់ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទប់ស្កាត់ថ្នាក់ដឹកនាំបក្សប្រឆាំងធ្វើមាតុភូមិនិវត្តន៍។
ប្រជាពលរដ្ឋនៅព្រំដែនទទូចដល់របបលោក ហ៊ុន សែន ឱ្យដកកម្លាំងប្រដាប់អាវុធចេញពីព្រំដែនឱ្យបាននៅដូចដើមឡើងវិញ ដើម្បីកុំឱ្យមានការប៉ះទង្គិចគ្នាណាមួយកើតឡើងដល់អ្នកគាំទ្រគណបក្សប្រឆាំង ដែលគ្រោងទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញដោយសន្តិវិធី និងគ្មានអាវុធ តាមព្រំដែនកម្ពុជា-ថៃនោះ។ ពួកគាត់ព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនដកកងទ័ពចេញពីព្រំដែនទេ នោះអាចនឹងមានការបង្ហូរឈាមគ្នា ដែលនាំឱ្យប្រទេសធ្លាក់ក្នុងស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ពួកគាត់មានជំនឿថា ប្រជាពលរដ្ឋគ្រប់ទិសទីនាំគ្នាទៅទទួលលោក សម រង្ស៊ី ភ្លូកទឹកភ្លូកដី ដោយសារពួកគាត់ស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃ ពុករលួយដល់ឆ្អឹង បំផ្លាញធនធានធម្មជាតិ និងសង្គមគ្មានយុត្តិធម៌ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។