"ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ឆាប់ៗ"

ដោយ មួង ណារ៉េត
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដឹក​នាំ​ឱ្យ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន។
លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ដឹក​នាំ​ឱ្យ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន។
RFA

តំណាងរាស្ត្រ​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ឆាប់ៗ​។ មន្ត្រី​ច្បាប់​កំពុង​បំពេញ​នីតិវិធី​បញ្ជូន​ច្បាប់​នេះ​បន្ត​ទៅ​ព្រឹទ្ធសភា។

នេះ​​ជា​​បទ​​សម្ភាសន៍​​របស់​លោក មួង ណារ៉េត ជាមួយ​លោក ថិត យ៉ូហូ ជុំវិញ​រឿង​នេះ ដូច​តទៅ​៖

សំណួរ​៖ តើ​លោក​មាន​សុទិដ្ឋិនិយម​ប៉ុណ្ណា ថា ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​?

ចម្លើយ​៖ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​មែនទែន ថា ច្បាប់​នេះ​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។ យើង​កំពុង​ដុតដៃដុតជើង រៀបចំ​ដំណើរការ​បញ្ជូន​ច្បាប់​នេះ​ហើយ​។ តាមពិត ព្រឹទ្ធសភា​ត្រូវ​អនុម័ត​ច្បាប់​នេះ រួច​តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ បើ​កុំ​តែ​សភា​អាណត្តិ​នោះ ផុត​ត្រឹម​ចុង​ឆ្នាំ ២០១៨​នោះ។

សំណួរ​៖ ភ្លាមៗ​ក្រោយ​ច្បាប់​នេះ​ចេញ របប​លោក ហ៊ុន សែន តាមរយៈ​ក្រសួងការបរទេស សម្ដែង​ការ​ខកចិត្ត​ចំពោះ​ខ្លឹមសារ​ច្បាប់​នេះ ដោយ​ថា​លម្អៀង មាន​ស្តង់ដារ​ពីរ និង​ធ្វើឡើង​ដោយសារតែ​ហេតុផល​នយោបាយ​។ តើ​លោក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ប្រតិកម្ម​នេះ​?

ចម្លើយ​៖ ច្បាប់​នេះ​ធ្វើឡើង​យ៉ាង​សមស្រប​បំផុត និង​ជា​អ្វី​ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់។ លោក ហ៊ុន សែន ក្បត់​ពាក្យ​សន្យា​ក្នុង​កិច្ចព្រមព្រៀង ដែល​កម្ពុជា​ត្រូវតែ​រៀបចំ​ការបោះឆ្នោត ឱ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាទី​ផ្សារ​ដ៏​សម្បើម​របស់​ទំនិញ​ពី​កម្ពុជា​។ យើង​ចង់​បន្ត​ជួយ​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវតែ​គោរព​តាម​កិច្ចព្រមព្រៀង ដោយ​គោរព​សិទ្ធិមនុស្ស និង​រៀបចំ​ការបោះឆ្នោត ដែល​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ ជ្រើសរើស​តំណាង​របស់​ខ្លួន ដោយ​​សេរី​។ ប៉ុន្តែ ជា​អកុសល ពេល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ប្រជាប្រិយ​ភាពជា​លំដាប់​ក្នុង​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់ ស្រាប់តែ​លោក ហ៊ុន សែន រករឿង​គណបក្ស​នេះ រហូតដល់​រម្លាយ​ចោល​ទាំងស្រុង រួចហើយ​ចាប់​មេដឹកនាំ​បក្ស​នេះ​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត។ តើ​ទង្វើ​ទាំងអស់​នេះ ឱ្យ​យើង​អត់ទ្រាំ​យ៉ាង​ដូចម្ដេច​បាន​? សហភាព​អឺរ៉ុប ក៏​យល់ឃើញ​ដូច​យើង​ដែរ​។ បើ​កុំ​តែ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​​ធ្ងន់ធ្ងរ យើង​ក៏​មិន​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​​ដែរ។

សំណួរ៖ តើ​លោក​យល់ថា ច្បាប់​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ក្នុង​ការ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ផ្គើន​ថា លោក​គ្មាន​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​ក្រៅ​ឯណា ឱ្យ​អាមេរិក​រឹបអូស​នោះ​ទេ​? ម្យ៉ាង​ទៀត មន្ត្រី​ខ្លះ​ក៏​ឌឺ​ទៀត​ថា ពួកគាត់​គ្មាន​ចាំបាច់ ត្រូវ​ទៅ​អាមេរិក​នោះ​ដែរ ទោះ​បិទ​វីសា​ក៏​ឥតប្រយោជន៍។

ចម្លើយ៖ បើ​ការពិត​ដូច​ពួកគាត់​អួតអាង​មែន​នោះ ច្បាប់​នេះ​ច្បាស់​ជា​គ្មាន​ប្រសិទ្ធភាព​លើ​ពួកគាត់​មែន​។ ដូច្នេះ​គ្មាន​រឿង​អ្វី​ដែល​ពួកគាត់​ទាំងនោះ ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​។ ប៉ុន្តែ ក្រែង​មិន​ពិត​ដូច​មាត់​គាត់​ថា នោះ​ពួកគាត់​ច្បាស់​ជា​ត្រូវ​ខ្វាយខ្វល់​ហើយ។ ចាំតែ​មើល​ទៅ​!

សំណួរ​៖ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​ជាច្រើន រួម​ទាំង​ប្រធាន​ស្ដីទី​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី ផង ប្ដេជ្ញា​ថា នឹង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ឆាប់ៗ​នេះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ប៉ុន្តែ លោក ហ៊ុន សែន ក៏​ប្ដេជ្ញា​បង្ក្រាប​អ្នក​ត្រឡប់​ទៅវិញ​ជាមួយ​លោក សម រង្ស៊ី នេះ​ដែរ​។ តើ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ​ឬ​ទេ​?

ចម្លើយ​៖ បាទ​ខ្ញុំ​ពិតជា​គាំទ្រ។ បើ​លោក ហ៊ុន សែន ជឿជាក់​ខ្លួនឯង​ថា គាត់​ជាប់ឆ្នោត​ដោយ​រាស្ត្រ​បោះឆ្នោត​ឱ្យ​ដោយ​សុចរិត ដើម្បី​ឱ្យ​លោក​ដឹកនាំ​ប្រទេស​កម្ពុជា​មែន លោក​មិន​ត្រូវ​ភ័យខ្លាច​វត្តមាន​បក្ស​ប្រឆាំង​នោះ​ឡើយ​។ បើ​គាត់​ជា​មេដឹកនាំ​ល្អ ប្រជាពលរដ្ឋ​ខ្មែរ​ស្រលាញ់ និង​គោរព​គាត់ មានរឿង​អ្វី​ដែល​គាត់​ត្រូវ​ភ័យ​។ ប៉ុន្តែ លោក ហ៊ុន សែន នៅតែ​ភ័យខ្លាច​ការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី មានន័យថា លោក ហ៊ុន សែន ប្រព្រឹត្ត​ខុស ហើយ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី។

សំណួរ​៖ តើ​លោក​មាន​អ្វី​បន្ថែម​ទៀត​ទេ ចង់​ផ្តាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ?

ចម្លើយ៖ បាទ​! ខ្ញុំ​សូម​បញ្ជាក់​ថា យើង​នៅតែ​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​សេរីភាព និង ប្រជាធិបតេយ្យ​។ យើង​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ស្រលាញ់​ប្រជាធិបតេយ្យ ស្អប់​របប​កុម្មុយនិស្ត ទើប​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រលាញ់ ដូចជា​លោក កឹម សុខា និង លោក សម រង្ស៊ី​។ ប៉ុន្តែ គួរ​ឱ្យ​សោកស្ដាយ ដែល​មេដឹកនាំ ដូចជា​លោក ហ៊ុន សែន ជា​មនុស្ស​ខ្លាច​ពលរដ្ឋ​ខ្លួនឯង​មាន​សេរីភាព មាន​ប្រជាធិបតេយ្យ ដែល​អាច​ធ្វើ​ឱ្យ​ជន​​ផ្ដាច់ការ​ធ្លាក់​ពី​តំណែង បើ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សំណួរ៖ តើ​លោក​មាន​អ្វី ចង់​ប្រាប់​ទៅ​លោក ហ៊ុន សែន ដែរ​ទេ ព្រោះ​សម្ពាធ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ កាន់តែ​ទុំ​ជោរ​ណាស់​ទៅ​ហើយ?

ចម្លើយ៖ ខ្ញុំ​សង្ឃឹម​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មេដឹកនាំ​ដូចជា​លោក ហ៊ុន សែន រៀន​គិត​ឱ្យ​វែងឆ្ងាយ​ទៅ​អនាគត ថា​តើ​គាត់​ចង់​ឱ្យ​គេ​ចងចាំ​គាត់​ថា ​ជា​មេដឹកនាំ​អាក្រក់ និង​ជា​ជន​ផ្ដាច់ការ ឬ​ជា​មេដឹកនាំ​ល្អ ដែល​គួរ​ឱ្យ​គោរព ដូច​អតីត​ប្រធាន​ធិបតី​អាមេរិក​​លោក ជច វ៉ាស៊ីនតុន (George Washington) ឬ​លោក អេប្រាហ៊ិម លិនខុន (Abraham Lincoln)។ ទុក​ឱ្យ​លោក ហ៊ុន សែន ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង​ចុះ​ថា ​ត្រូវ​យក​មួយ​ណា។

សំណួរ​៖ សូម​អរគុណ​លោក ថិត យ៉ូហូ។

ចម្លើយ​៖ បាទ​! អរគុណ​លោក ណារ៉េត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី បាត់ដំបង

ក្នុងនាមជាខ្មែរ គួរឱ្យស្តាយណាស់ ដែលមានមេដឹកនាំ ចាំតែជំនួយបរទេស។

សូមអាមេរិក ប្រញាប់ដាក់សម្ពាធ មន្រ្តីគ្រាក់ៗទាំងនោះទៅ។

Jul 17, 2019 05:00 AM

គេហទំព័រ​ទាំងមូល