HRW អាជ្ញាធរ​គួរ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ មិន​ត្រូវ​ចាប់ខ្លួន​តែ​អ្នកកាសែត​ដែល​ផ្សាយ​សម្រង់​សម្ដី​របស់​គាត់​ទេ

ដោយ ជីវិតា
2020-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA

ស្រប​ពេល​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ កាន់តែ​ខិត​ជិត​ចូល​មកដល់​ថ្ងៃ​ទី​៣ ឧ​សភា រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក៏​រង​ការរិះគន់​កាន់តែ​ខ្លាំង​ដែរ ចំពោះ​អំពើ​បង្ក្រាប​អ្នកសារព័ត៌មាន​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​យល់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​គួរតែ​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពន្ធនាគារ​ដែរ បន្ទាប់​ពី​អាជ្ញាធរ​ចាប់​អ្នកកាសែត​អនឡាញ (online) លោក សុវណ្ណ រិទ្ធី ដាក់​ពន្ធនាគារ។

អ្នកឃ្លាំមើល​សេរី​សា​ព័ត៌មាន​សំខាន់ៗ​នាំគ្នា​រិះគន់​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ បន្ទាប់ពី​បាន​ចុះផ្សាយ​សម្រង់​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ និង​គ្មាន​ការ​ហាមឃាត់៖ «សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​លើក​កម្ពស់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​មានការ​កើន​ឡើងជា​លំដាប់​ពី​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ពីព្រោះ​ថា នៅ​កម្ពុជា​យើង​ដឹង​ហើយ​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​គាត់​អាច​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​គាត់​ដោយ​សេរី។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ មេសា បាន​ចាប់ខ្លួន​នាយក​សារព័ត៌មាន​ធីវីអេហ្វប៊ី (TVFB) លោក សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ ក្រោយ​ពី​លោក​ចុះផ្សាយ​សម្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាម (Brad Adams) និយាយ​ថា កិច្ចការ​ដ៏​សំខាន់​មួយ​របស់​អ្នកសារព័ត៌មាន​ក្រៅ​តែ​ពី​វិភាគ​ព័ត៌មាន និង​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ស្ដាប់​ហើយ​នោះ គឺ​ផ្សាយ​សម្រង់​សេចក្ដី​ថ្លែងការណ៍ ឬ​សម្ដី​ពិតប្រាកដ​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​មក​ចុះផ្សាយ ប៉ុន្តែ​លោក​ថា ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​អ្នកសារព័ត៌មាន​ណា​យកពាក្យ​សម្ដី​ដែល​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​មក​ចុះផ្សាយ​អាច​មាន​ទោស​ឧក្រិដ្ឋ៖ «លោក​ហ៊ុន សែន លោក ស ខេង និង​លោក ខៀវ កញ្ញារីទ្ធ មិនដែល​មាន​ជំនឿ​លើ​សេរីភាព​សារព័ត៌មាន​ប៉ុន្មាន​ទេ​។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ពួកគេ​បាន​ចាប់ចង និង​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ឃាត​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដោយសារតែ​ចុះផ្សាយ​សម្ដី​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ។ នេះ​គឺជា​ការ​វិវដ្ដ​ថ្មី​ដ៏​អាក្រក់​មួយទៀត ដែល​មានន័យថា អ្នកសារព័ត៌មាន​លែង​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ហើយ ពីព្រោះ​កិច្ចការ​ចម្បង​មួយ​របស់​អ្នកសារព័ត៌មាន​គឺ​ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល ឬ​ប្រភព​ណាមួយ​យក​មក​ចុះ​ផ្សាយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​សំនួរ​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​ភីអិនអិន (PNN) អំពី​ថា​តើ រដ្ឋ​នឹង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូឌុប​ដែល​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ដែរ​១៩ ឬទេ? លោក ហ៊ុន សែន តប៖ «​ក្មួយ​ដែល​សួរ​មក​ពូ​ថា អ្នក​រត់ម៉ូតូឌុប​គាត់​ត្អូញត្អែរ​តើ​មាន​រដ្ឋ​ប៉ះប៉ូវ​ទេ លក់​ម៉ូតូ​ចាយ​សិន​ទៅ ទិញ​អង្គរ​ស៊ី​សិន ព្រោះ​បើ​ឱ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំងអស់​ងាប់​បាត់ រដ្ឋ​ឯណា​មាន​លុយ​

ប្រសាសន៍​របស់​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន សែន នេះ​ត្រូវ​បាន​លោក សុវណ្ណ រិទ្ធី ស្រង់​យក​មក​ចុះផ្សាយ​។ នៅ​ថ្ងៃ​ទី​៧​មេសា​ដដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និង​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ចរិត​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ផ្អែក​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

បន្ថែម​ពីលើ​ការ​ចាប់​ដាក់គុក​នេះ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​បន្ទាប់ គឺ​ទី​៨ មេសា​បានសម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក សុវណ្ណ រិទ្ធី ដោយ​មិន​ឱ្យ​គេហទំព័រ​TVFB បើក​ដំណើរការ​តទៅទៀត​។​

លោក ប្រ៊េដ អាដាម ហៅ​សេចក្តី​សម្រេច​នោះ​ថា ខុសច្បាប់​ព្រោះ​ក្រសួង​ព័ត៌មាន​បាន​រំលោភ​អំណាច​តុលាការ៖ «លោក ខៀវ កញ្ញារីទ្ធ ដែល​បាន​ដក​អាជ្ញាប័ណ្ណ​ព័ត៌មាន​ពី​ទូរទស្សន៍​អនឡាញTVFB គឺជា​ការ​រំលោភបំពាន​ច្បាប់ ដូច្នេះ​សមត្ថកិច្ច​គួរតែ​ទៅ​សួរនាំ​លោក ខៀវ កញ្ញារីទ្ធ ថា ហេតុ​អី​បានជា​គាត់​រលោភ​ច្បាប់​កម្ពុជា ពីព្រោះ សម្រាប់​គាត់​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គឺ​មាន​តួនាទី​ត្រឹម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ប្រសិនបើ​មាន​នរណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន ពោល​គឺ​គាត់​មិន​អាច​សម្រេចចិត្ត​ជំនួស​តុលាការ​បានទេ​។ ពេលនេះ លោក ខៀវ កញ្ញារីទ្ធ មិន​ត្រឹមតែ​រំលោភច្បាប់​របប​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រំលោភបំពាន​នីតិវិធី​យុត្តិធម៌​ទៀត​ផង ពីព្រោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន ឬក៏​អត់​នោះ​គឺជា​ការងារ​របស់​តុលាការ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​កំណត់​ថា ជា​ស្ថាប័ន​ឯករាជ​ពី​អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ អនុញ្ញាត​ឱ្យ​ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ត្រឹម​ផ្អាក​ការផ្សាយ​នៃ​ស្ថាប័ន​សារព័ត៌មាន​ណាមួយ ដែល​ក្រសួង​រក​ឃើញ​ថា រំលោភច្បាប់​របប​សារព័ត៌មាន ប៉ុន្តែ​មិនបាន​ផ្ដល់​ដល់​ក្រ​សូង​នូវ​អំណាច​លុបចោល​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ណាមួយ​ឡើយ។

មាត្រា​១២​នៃ​ច្បាប់​របប​សារព័ត៌មាន​ចែងចា៖ ក្រសួង​ព័ត៌មាន​មាន​សិទ្ធិ​ផ្អាក​ការផ្សាយ​មិន​ឱ្យ​ហួស​ពី​សាមសិប (៣០)​ថ្ងៃ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា ក៏​មាន​ចែង​អំពី​នីតិវិធី​ដោះស្រាយ​នៅ​ពេល​ណា​អ្នកសារព័ត៌មាន​ណា​ម្នាក់​រំលោភច្បាប់​សារព័ត៌មាន​ដែរ ប៉ុន្តែ​ពុំ​មាន​ទោស​ព្រហ្មទណ្ឌ ឬ​ទោស​ជាប់ពន្ធនាគារ​ឡើយ។

មាត្រា​១០​ចែងថា ៖ ជន​ណា​ម្នាក់​ដែល​យល់ថា អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត ធ្វើ​ឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធិ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ធ្វើ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ពី​បទ​មូល​បង្កាច់។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ (៧​ថ្ងៃ​) ឬ​នៅ​លេខ​បន្ទាប់​ក្រោយពី​បាន​ទទួល​ការ​ទាមទារ​ឱ្យ​កែតម្រូវ។

លើស​ពី​នេះ តុលាការ​អាច​បង្គាប់​ឱ្យ​បង់​ផាក​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៥​លាន​រៀល ប្រសិនបើ​តុលាការ​រក​ឃើញ​ថា សារព័ត៌មាន​នោះ​ចុះផ្សាយ​អត្ថបទ​ក្នុង​បំណង​បំផ្លាញ​កិត្តិយស​អ្នកដទៃ ប្រាសចាក​ពី​ការពិត ។​

ប៉ុន្តែ​ប្រសិនបើ​អត្ថបទ​ដែល​ចុះផ្សាយ​នោះ​ត្រូវ​បាន​តុលាការ​បញ្ជាក់​ថា វា​ជា​ការពិត​វិញ នោះ​មិនមែន​ជា​បទ​បរិហារកេរ្តិ៍​ទេ​។ ឧទាហរណ៍​៖ ការ​ចុះផ្សាយ​សម្ដី​ថ្លែងការណ៍​ត្រឹមត្រូវ​របស់​ម​ន្រី្ត​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ក្លែងបន្លំ​គឺ​ត្រូវ​បាន​ច្បាប់​របប​សារព័ត៌មាន​ការពារ។

មាត្រា​៤​ចែងថា​៖ ការ​បោះពុម្ព​ផ្សាយ​នូវ​ព័ត៌មាន​ផ្លូវការ​ដូចជា សេចក្ដី​ថែ្លងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​ណាមួយ ។ល។ មិន​អាច​ត្រូវ​ឲ្យ​ផ្ដន្ទាទោស​បាន​ឡើយ ប្រសិនបើ​ការផ្សាយ​នោះ​មាន​លក្ខណៈ​សមស្រប​តាម​សភាព​ពេញលេញ ឬ​សេចក្ដី​សងេ្ខប​ត្រឹមត្រូវ​តាម​រឿង​ពិត​។ ព័ត៌‌មាន​ផ្លូវការ​ដែល​ជា​កម្មវត្ថុ​នៃ​មាត្រា​នេះ សំដៅ​រួម​ទាំង៖ សេចក្ដាំ​ថ្លែងការណ៍ ការប្រជុំ កំណត់ហេតុ​ប្រជុំ ឬ​របាយការណ៍​នៃ​ផែ្នក​នីតិ​ប្រតិបតិ្ត រួម​ទាំង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី និង​មន្ត្រី​នានា​ផង។

លោក ប្រ៊េដ អាដាមស៍ ហៅ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ជំនួស​ច្បាប់​របប​សារព័ត៌មាន មក​ចាប់ខ្លួន​លោក​សុវណ្ណ ឬទ្ធី ដាក់​ពន្ធនាគារ បន្ទាប់ពី​អ្នកសារព័ត៌មាន​រូប​នេះ ចុះផ្សាយ​សម្រង់​សេចក្ដីថ្លែងការណ៍​ត្រឹមត្រូវ​តាម​សម្តី​ពិត​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ខ្លាំង​។ លោក​ថា បើ​រដ្ឋអំណាច​ចាប់​លោក សុវណ្ណ រិទ្ធី ដាក់គុក​ដូច្នេះ សមត្ថកិច្ច​ក៏​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ៖ «សូម្បីតែ​នៅ​ក្នុង​ប្រទេស​ចិន ឬ​ប្រទេស​វៀតណាម ក៏​ខ្ញុំ​មិនដែល​ឮ​ថា អ្នកសារព័ត៌មាន​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ស្រង់​សម្ដី​ពិត​ត្រឹមត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​មក​ចុះផ្សាយ​នោះ​ទេ ពីព្រោះ​វា​មិន​ទំនង​សោះឡើយ​។ ប្រសិនបើ​លោក​សុវណ្ណ ឬ​ទ្ធី បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មែន​នោះ អញ្ចឹង​វីវរ​ហើយពី​ព្រោះ​លោក ហ៊ុន សែន ខ្លួនឯង​នោះ​ហើយ​ដែល​ជា​អ្នក​បាន​បង្ក​ការ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពីព្រោះ​គាត់​ទេតើ​ដែល​ជា​អ្នក​និយាយ​ចេញ ហើយ​អ្នកកាសែត​គ្រាន់តែ​ជា​អ្នក​នាំសារ​យក​សម្ដី​គាត់​ទៅ​ផ្សាយ​ប៉ុណ្ណោះ​។ ដូច្នេះ សមត្ថកិច្ច​គួរ​ត្រូវ​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅលើ​លោក សុវណ្ណ រិទ្ធី បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​លោក ហ៊ុន សែន ដែរ​ពីព្រោះ​អ្នក​ទាំងពីរ​ប្រព្រឹត្ត​អំពើ​នេះ​ដូចគ្នា​។

លោក ប្រ៊េដ អាដាមស៍ ថា បើ​លោក​ហ៊ុន សែន ចង់​រករឿង​អ្នកកាសែត​ដែល​គ្រាន់តែ​ជា​អ្នក​នាំសារ​នោះ ក៏​គួរ​ត្រូវ​ប្រើ​ច្បាប់​របប​សារព័ត៌មាន​ដែរ មិន​ត្រូវ​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​នោះ​ទេ ពីព្រោះ​ច្បាប់​របប​សារព័ត៌មាន​ដែល​រដ្ឋសភា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥​នោះ គឺ​ដើម្បី​គ្រប់គ្រង​អ្នកសារព័ត៌មាន​នោះ​ឯង​។ ការ​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) និង​ការ​ដក​លុប​អាជ្ញាប័ណ្ណ​របស់​គាត់​នេះ​បណ្តាល​ឱ្យ​មានការ​ថ្កោល​ទោល​ពី​គ្រប់ទិសទី។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សេរីភាព​សារព័ត៌មាន​រៀបចំ​ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ពិនិត្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ចំនួន​១៨០​។ កម្ពុជា​ដែល​ទទួល​ចំណាត់ថ្នាក់​ស្ទើរ​នៅ​បាត​តារាង​កាលពី​ឆ្នាំ​២០១៩ ទៅ​ហើយ​នោះ នៅ​ឆ្នាំ​២០២០​នេះ ធ្លាក់​ចុះ​មួយ​កាំ​ទៀត ទៅដល់​លេខ​១៤៤ ក្នុងចំណោម​១៨០​ប្រទេស​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល