សកម្មជនសិទ្ធិមនុស្សសង្គ្រោះជាតិនៅជប៉ុន ប្រាប់អាស៊ីសេរី ឱ្យដឹងថា មន្ត្រីអន្តោប្រវេសន៍ថៃបានព្យាយាមទប់ស្កាត់លោកមិនឱ្យចូលទៅកាន់ប្រទេសថៃ ប៉ុន្តែក្រោយលោកតវ៉ាមកទើបអនុញ្ញាតឱ្យលោកចូលវិញ។
មេដឹកនាំពលករ និងជាប្រធានចលនាសង្គ្រោះជាតិនៅជប៉ុនលោក ហៃ វណ្ណា ថ្លែងថា មន្ត្រីអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី៧ វិច្ឆិកា បានដកហូតលិខិតឆ្លងដែនលោក និងស្ទាក់សួរនាំអំពីគោលបំណងចូលទឹកដីថៃយ៉ាងតឹងសរសៃក ដោយប្រាប់លោកថា នឹងនាំខ្លួនលោកទៅព្រោះមានបញ្ជាពីថ្នាក់លើ បន្ទាប់ពីតវ៉ាគ្នាយ៉ាងយូរ ចុងក្រោយលោកបានចូលទឹកដីថៃដោយសុវត្ថិភាព។ លោកបន្តថា នៅពេលលោកបានចេញរួចពីច្រកទ្វារអន្តោប្រវេសន៍ឡើងជិះរថយន្តទៅកន្លែងសម្រាក លោកបានឃើញមានមនុស្សតាមដាននិងលួចថតរូបលោក។ បញ្ហានេះ លោកមានការព្រួយបារម្ភពីសុវត្ថិភាពខ្លះដែរ តែលោកនឹងមិនរាថយឡើយ៖ «ពេលដែលឃើញខ្ញុំភ្លាមគេចាប់ផ្ដើមទាញប៉ាស្ព័រខ្ញុំ ហើយនិងប័ណ្ណចូល (Entry card) របស់ខ្ញុំយកទៅពិនិត្យសួរថា មកធ្វើអី ? សណ្ឋាគារណា ? ទៅវិញថ្ងៃណា ? ខ្ញុំក៏បានបង្ហាញគេ។ គេថា ហេតុអីអ្នកមកពីប្រទេសភូមា ហើយចូលមកប្រទេសថៃ ដឹងថា ខុសច្បាប់អន្តោប្រវេសន៍របស់គេឬទេ ? ខ្ញុំថា បើសិនជាខុសច្បាប់ណាមួយសុំអ្នកបង្ហាញឯកសារមកគាត់ក៏ឆ្លើយមិនរួច តែគាត់និយាយថា មានគេបញ្ជាគាត់មកឱ្យយកខ្ញុំទៅ គាត់ក៏មិនដឹងធ្វើម៉េចព្រោះខ្ញុំមិនទៅ គាត់ក៏កាន់លិខិតឆ្លងដែននិងប័ណ្ណចូលរបស់ខ្ញុំទៅម្ដងហើយម្ដងទៀត។ ខ្ញុំសង្ស័យព្រោះមន្ត្រីអន្តោប្រវេសន៍ភាគច្រើនគេពាក់កាត់សំគាល់ឈ្មោះមានទាំងអក្សរថៃ និងអង់គ្លេស តែចម្លែកតែ២នាក់នេះគាត់មានតែអក្សរថៃទេ។ ខ្ញុំក៏ឆ្ងល់និងបារម្ភ ដល់វេនខ្ញុំចម្លែកគេឱ្យមនុស្សដែលមកសួរខ្ញុំនោះមកចូលជំនួសមន្ត្រីកំពុងធ្វើការវិញ ប៉ុន្តែដោយមិនអាចអានឈ្មោះគាត់ជាភាសាថៃ បានខ្ញុំក៏យកទូរស័ព្ទដៃខ្ញុំថត ពួកគាត់អត់សុខចិត្តទេ គាត់ឱ្យខ្ញុំលុបចោលវិញ ដូច្នេះក៏សម្រួលរួចបំពេញសំណុំបែបបទ ហើយក៏ខ្ញុំអាចចេញមកខាងក្រៅបាន»។
លោក ហៃ វណ្ណា ឱ្យដឹងថា លោកបានចេញពីប្រទេសជប៉ុន រួចធ្វើដំណើរទៅប្រទេសភូមា (មីយ៉ាន់ម៉ា) កាលពីថ្ងៃទី៦ វិច្ឆិកា មុនដែលលោកទៅប្រទេសថៃមួយថ្ងៃ ដើម្បីជួបប្រជុំជាមួយបណ្ដាញយុវជនអ្នកតស៊ូមតិ សកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ រួមទាំងតំណាងរាស្ត្រគណបក្សកាន់អំណាចប្រចាំទីក្រុងយ៉ាងហ្គូន ប្រទេសភូមា ផង។ លោកថា អ្នកទាំងនោះ បានគាំទ្រចំពោះគម្រោងអមដំណើរនិងការវិលត្រឡប់ចូលកម្ពុជា ថ្ងៃទី៩ វិច្ឆិកា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។