សហគមន៍ខ្មែរនៅអូស្ត្រាលី រួមមាន តំណាងរាស្ត្រ មេធាវី ប្រធានសមាគម និងបុគ្គលសំខាន់ៗ មួយចំនួនទៀត បានស្រាវជ្រាវរកឃើញថា កូនប្រុសច្បងលោក ហ៊ុន សែន ដឹកនាំក្រុមមនុស្សមានលុយ និងមានអំណាចទៅពង្រឹងឥទ្ធិពលគណបក្សប្រជាជនកម្ពុជានៅប្រទេសនេះ និងបានធ្វើឲ្យមានការបែកបាក់រវាងខ្មែរ និងខ្មែរនៅប្រទេសអូស្ត្រាលីថែមទៀតផង។ អ្នកនាំពាក្យរដ្ឋាភិបាលទទួលស្គាល់ថា លោក ហ៊ុន ម៉ាណែត ពិតជាបានទៅប្រទេសអូស្ត្រាលីមែន ប៉ុន្តែមិនមែនទៅបំបែកបំបាក់ខ្មែរនៅទីនោះទេ គឺទៅដើម្បីផ្សះផ្សាជាតិប៉ុណ្ណោះ។
សហគមន៍ខ្មែរនៅអូស្ត្រាលី លើកឡើង ថា សកម្មភាពលោក ហ៊ុន ម៉ាណែត ជាការបំពានច្បាប់នៅប្រទេសនេះ។ សហគមន៍ខ្មែរអូស្ត្រាលីអះអាងថា ការស្រាវជ្រាវលើករណី លោក ហ៊ុន ម៉ាណែត ពង្រឹងឥទ្ធិពលគណបក្សប្រជាជនកម្ពុជានៅប្រទេសនេះ គឺមានឯកសារភស្តុតាងមួយចំនួន ហើយពួកគេបានក៏បានបញ្ជូននូវអ្វី ដែលរកឃើញទៅរដ្ឋាភិបាលអូស្ត្រាលីរួចហើយដែរ។
អតីតតំណាងរាស្ត្ររដ្ឋវ៉ិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរ លោក ហុង លីម ឲ្យអាស៊ីសេរីដឹងថា ចាប់តាំងពីក្រុមលោក ហ៊ុន ម៉ាណែត មកពង្រឹងឥទ្ធិពលមកធ្វើឲ្យក្រុមនិស្សិតអាហារូបករណ៍ខ្មែរ ដែលមកសិក្សានៅប្រទេសអូស្ត្រាលីលែងហ៊ានចូលធ្វើសកម្មភាពសង្គមជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលី។ លោកបន្តថា ក្រុមនេះបានធ្វើសកម្មភាពលាងលុយកខ្វក់ ដែលវេចខ្ចប់ពីកម្ពុជាដោយផ្ដល់ឲ្យបក្សពួករបស់ខ្លួនទិញដី ទិញវីឡា និងដីចម្ការរាប់សិបហិកតារថែមទៀតផង៖ «»
លោក ហ៊ុង លីម បន្តថា បណ្ដាញរបស់លោក ហ៊ុន ម៉ាណែត នេះចាយលុយរាប់លានដុល្លារ និងបានពង្រីកខ្លួនចំនួន ១០មណ្ឌល ដោយមណ្ឌលនីមួយៗ គ្រប់ គ្រងដោយក្រុមឧត្តមសេនីយ៍ និងក្រុមឧកញ៉ាសម្បូរទ្រព្យ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា យល់ថា នេះជាបញ្ហាគួរឲ្យព្រួយបារម្ភ ដែលក្រុមលោក ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រទេសអូស្ត្រាលីក្លាយជាកន្លែងលាងលុយកខ្វក់។ លោកបន្តថា ឥទ្ធិពលលុយខ្មៅនេះបានធ្វើឲ្យមនុស្សមួយចំនួនទៅចូលរួមជាមួយក្រុមលោក ហ៊ុន ម៉ាណែត និងបង្កើតបានទៅជារូបភាពបែកបាក់សង្គមខ្មែរនៅក្នុងប្រទេសមួយនេះ៖ «»
ជុំវិញការរកឃើញនេះអាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីក្រុមអ្នកហែហមលោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសរួមមាន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដែលជាអតីតឯកអគ្គរាជទូតខ្មែរនៅប្រទេសអូស្ត្រាលីក្នុងអំឡុងពេលលោក ហ៊ុន ម៉ាណែត ទៅប្រទេសអូស្ត្រាលី ប៉ុន្តែអ្នកទាំងនោះមិនបានលើកទូរស័ព្ទនោះទេ នៅថ្ងៃទី១៩ ខែឧសភា។
ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងការពារសកម្មភាពលោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែតទៅប្រទេសអូស្ត្រាលី ដើម្បីផ្សះផ្សាជាតិ និងទៅបង្ហាញពីស្ថានការណ៍ពិតរបស់កម្ពុជានៅប្រទេសអូស្ត្រាលី។ លោកថែមទាំងចោទប្រកាន់អ្នកដែលថា ក្រុមលោក ហ៊ុន ម៉ាណែត ទៅអូស្ត្រាលី ដើម្បីបំបែកបំបាក់ខ្មែរ គឺក្រុមអ្នកទាំងនោះឯងដែលចង់ឲ្យប្រទេសកម្ពុជាមានសង្គ្រាម៖ «»
ចំណែករឿងចោទប្រកាន់ថា ក្រុមលោក ហ៊ុន ម៉ាណែត យកលុយកខ្វក់ទៅលាងទៅប្រទេសអូស្ត្រាលី លោក ផៃ ស៊ីផាន ថា លោកមិនដឹងនោះទេ ព្រោះហួសពីសមត្ថភាពរបស់លោក ប៉ុន្តែលោកថា បើលុយនោះឆ្លងកាត់ធនាគារ និងមានការដឹងឮពីស្ថានទូតហើយ ដូច្នេះលុយនោះមិនមែនជាលុយកខ្វក់នោះទេ។
ទោះបែបនេះក្តី ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC បានផ្សាយកាលពីឆ្នាំ២០១៨ ថា កូនប្រសារលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិមានផ្ទះតម្លៃប្រហែល ១.៥ លានដុល្លារ ហើយក្រុមហ៊ុនរបស់លោក ឌី វិជ្ជា មួយត្រូវបានលក់លាងឃ្លាំងក្នុងតម្លៃជាង ៥លានដុល្លារ កាលពីខែឧសភាក្នុងឆ្នាំ២០១៨ នោះ។
សារព័ត៌មានដដែលបានរកឃើញថា ក្មួយលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានទិញផ្ទះតម្លៃប្រហែល ១,៣ លានដុល្លារនៅអូស្ត្រាលីដែរ។ ប្រពន្ធរបស់លោក ហ៊ុន តូ មានទ្រព្យមួយកន្លែងទៀតដែលមានតម្លៃជាង ៦សែនដុល្លារ (៦៥០.០០០) ហើយដែលទើបតែផ្ទេរកម្មសិទ្ធិឱ្យបងប្អូនបង្កើតរបស់គាត់គ្រប់គ្រងវិញ។ ចំណែកឯមន្ត្រីរបបលោក ហ៊ុន សែន ដែលជាប្រធានអគ្គនាយកដ្ឋានពន្ធដារ គឺលោក គង់ វិបុល មានភាគហ៊ុនក្នុងដីមួយកន្លែង ហើយលោកបានលក់កាលពីខែមីនា ឆ្នាំ២០០៧ ក្នុងទឹកប្រាក់ជាង ២១លានដុល្លារ (២១,៤ លានដុល្លារ)។ សារព័ត៌មានអូស្ត្រាលី ABC រកឃើញទៀតថា លោក គង់ វិបុល មានទ្រព្យជាច្រើនកន្លែងទៀត នៅអូស្ត្រាលីរួមទាំងផ្ទះតម្លៃ ៦សែនដុល្លារផង។ លោក គង់ វិបុល ធ្លាប់បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។
នេះមិនមែនជាលើកទី១ ទេ ដែលមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេស ដើម្បីបំបែកបំបាក់ខ្មែរនៅក្រៅប្រទេស។
ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស និងជាមេបញ្ជាការកងទ័ពជើងគោករូបនេះរងការរិះគន់ថា បានធ្វើឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដែលក្រុមលោកចុះឡើងញឹកញាប់នោះធ្វើឲ្យខ្មែរបែកបាក់គ្នា។ កាលពីឆ្នាំ២០១៦ សហគមន៍ខ្មែរនៅក្រុងឡុងប៊ិច ធ្លាប់ប្រកាសប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅទីនោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។