លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថែរក្សា​សមិទ្ធផល​បក្ស​ប្រជាជន ក្រោយ​ក្លាយ​ជា​ប្រធាន​យុវជន​បក្ស

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃទី១៣ មិថុនា ដោយ​មាន​អនុប្រធាន​គណបក្ស​លោក សាយ ឈុំ ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ​តំណែង​នេះ។ ចំណែក លោក កែ ប៊ុនខៀង ដែល​ធ្លាប់​ជា​ប្រធាន​យុវជន ត្រូវ​បាន​ផ្ទេរ​ឱ្យ​ទៅ​កាន់​តួនាទី​ចាស់​របស់​លោក​ជា​អនុប្រធាន​គណៈឃោសនាអប់រំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរលើ​ហ្វេសប៊ុក​ថា លោក​នឹង​ថែរក្សា​ឱ្យ​បាន​ជា​ដាច់​ខាត​រាល់​សមិទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន ក្នុង​ការ​កសាង​ប្រទេស។ ក្រៅពីនេះ លោក​នឹង​បន្ត​ពង្រីក​សមិទ្ធផល​ថ្មីៗ​របស់​យុវជន​គណបក្ស​ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។

នាយក​​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​តែង​តាំងលោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជាប្រធាន​យុវជន​គណបក្ស​ កាល​ពី៨ មិថុនា បន្ថែម​ពីលើ​តួនាទី​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​កាន់​អំណាច។

ក្នុង​វ័យ​៤២ ឆ្នាំ លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្តម​សេនីយ៍ផ្កាយ៣ កាន់​តួនាទី​​ជា​អគ្គ​មេបញ្ជាការរង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្សលោក ហ៊ុន សែន។

ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​ជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិ ជឿថា ​ការ​បន្ថែម​តួនាទី​នៅក្នុង​ជួរ​បក្ស​នេះ គឺ​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត គ្រប់​គ្រង​សមាជិក​ជំនាន់​ក្រោយ​របស់​គណបក្ស ដើម្បី​ឈាន​ទៅ​ស្នងតំណែង​តពី​ឪពុក​របស់​លោក​នៅ​ថ្ងៃអនាគត។ ជាពិសេស តួនាទី​នេះ​នឹង​ជួយ​បង្កើន​ឥទ្ធិពល​របស់​លោក​​ក្នុង​ជួរ​មន្ត្រី​ស៊ីវិល ស្រប​ពេល​លោក​មាន​អំណាច​ខ្លាំង​ស្រាប់​នៅ​ក្នុង​ជួរ​កង​ទ័ព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។