លោក ហ៊ុន សែន ប្រកាស​ថា នឹង​គ្មាន​ការ​បិទ​ប្រទេស​ដូច​ការ​លើកឡើង​នោះ​ឡើយ

ដោយ ទីន ហ្សាការីយ៉ា
2020-11-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​ពិភពលោក ឆ្នាំ២០២០ របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​ពិភពលោក ឆ្នាំ២០២០ របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន មិន​បិទ​ប្រទេស​នោះ​ទេ ទោះជា​មាន​មនុស្ស​រាប់ពាន់​នាក់​កំពុង​ធ្វើ​ចត្តាឡឺស័ក​ដើម្បី​បង្ការ​ជំងឺ Covid-19 ក៏​ដោយ​ចុះ​។ មន្ត្រី​បក្ស​ប្រឆាំង​សាទរ​ដែល​របប​លោក ហ៊ុន សែន មិន​បិទ​ប្រទេស ចំណែក​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ទាន់​សភាពការណ៍​អំពី​ករណី​ជំងឺ​កូវីដ​-១៩។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា របប​លោក​នឹង​មិន​បិទ​ប្រទេស រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះ​ទេ​។ លោក​ថា ពាក្យ​ចចាមអារ៉ាម​អំពី​ការ​បិទ​ទីក្រុង និង​ហាមឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ គឺជា​ការឃោសនា​អកុសល​របស់​ក្រុម​មនុស្ស​អាក្រក់​។ លោក​បន្ត​ថា រឿង​សំខាន់​ពេលនេះ គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវ​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា ពាក់​ម៉ាស់ លាង​សម្អាត​ដៃ កុំ​ប្រមូល​ផ្តុំ​គ្នា និង​រក្សា​គម្លាត​សុវត្ថិភាព ជាដើម។

លោក ហ៊ុន សែន ដែល​ធ្លាប់​មើលស្រាល​ជំងឺ​កូវីដ​-១៩ និង​ធ្លាប់​ហាម​គេឯង​មិន​ឱ្យ​ពាក់​ម៉ាស់​ក្នុង​កម្មវិធី​របស់​លោក​នោះ ពេលនេះ​ហាក់​ដូចជា​ទទួលស្គាល់​ពី​ហានិភ័យ​នៃ​ជំងឺ​កូវីដ​-១៩ វិញ​។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​មន្ត្រីរាជការ​ពាក់​ម៉ាស់​ទាំងអស់​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​អ្វី​ដែល​លោក​ហៅថា ជា​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣ វិច្ឆិកា ឱ្យ​បាន​ឆាប់​។ ក្រៅ​ពី​នេះ លោក​ទទូច​ឱ្យ​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡឺស័ក ត្រូវ​បន្ត​ធ្វើ​ដោយ​ហ្មត់ចត់ ហើយ​អាជ្ញាធរ​ត្រូវ​ផ្ដល់​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មាន​ជីវភាព​ខ្វះខាត​ដែល​កំពុង​ធ្វើ​ចត្តាឡឺស័ក។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ស្វាគមន៍​ដែល​របប​លោក ហ៊ុន សែន មិន​បិទ​ប្រទេស ព្រោះ​លោក​ថា វិធានការ​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​។ ទោះជា​យ៉ាងណា លោក​ថា ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​រឿង​បិទ​ប្រទេស​នេះ គឺ​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​បង្ហើប​រឿង​នេះ​ដោយ​ខ្លួនឯង៖ «​រឿង​នេះ​វា​អាច​ឈាន​ដល់​ការ​បិទ​ប្រទេស ប្រសិន​ការ​ធ្វើ​តេស្ត​បន្ត​ទៀត​ទៅ ឃើញ​មាន​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ឆ្លង​ជំងឺ​កូ​វីដ​-១៩ វា​អាច​ឈាន​ដល់​ដំណាក់កាល​ហ្នឹងហើយ។ ប៉ុន្តែ​បើ​មិន​ឆ្លង​ទ្រង់ទ្រាយ​ធំ​ទៅដល់​សហគមន៍​ទេ មិន​មាន​ការ​បិទ​ប្រទេស នោះ​ជា​ការ​ល្អ​ហើយ យើង​ស្វាគមន៍ ព្រោះ​ការ​បិទ​ប្រទេស​អាច​ប៉ះពាល់​ទៅដល់​ការរស់នៅ ការ​ប្រកប​មុខរបរ ហើយ​និង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច ជាពិសេស​អ្នក​ក្រីក្រ​ដែល​គាត់​កំពុង​ត្រដរ​រស់»

កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​មួយ ស្តី​បន្ទោស​មន្ត្រី​របស់​លោក​ដែល​ធ្វើ​ចត្តាឡឺស័ក​មិន​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី ឬ​ដែល​លោក​ហៅថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣ វិច្ឆិកា​នោះ កើន​ឡើងជា​លំដាប់​។ លោក​ចង់​ឱ្យ​សភាពការណ៍​នេះ ត្រូវ​បាន​រំលត់​ក្នុង​ពេល​យ៉ាង​យូរ​បី​សប្ដាហ៍ ហើយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​ទាល់តែ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ចត្តាឡឺស័ក​ឱ្យ​បាន​ហ្មត់ចត់​បំផុត។ បើ​ពុំ​ដូច្នេះ​ទេ លោក​ថា មហន្តរាយ​នឹង​កើតឡើង​នៅ​កម្ពុជា ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ដែល​មិន​អាច​ត្រួតត្រា​សភាពការណ៍​បាន​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​បង្ហើប​ពី​បំណង​ចង់​ប្រើប្រាស់​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ប្រសិនបើ​ការ​អំពាវនាវ​របស់​លោក​គ្មាន​ប្រសិទ្ធភាព៖ «​សង្ឃឹមថា ការ​អំពាវនាវ​របស់​ខ្ញុំ​នេះ ធ្វើ​នៅមុន​ពេល​ដែល​ខ្ញុំ​កំពុងតែ​គិត​ថា តើ​ត្រូវ​ប្រកាស​បិទ​ទីក្រុង​ភ្នំពេញ ឬ​ផ្នែក​ណាមួយ​នៅ​ក្នុង​ប្រទេស ឬទេ ព្រោះ​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន​មាន​ក្នុង​ដៃ​រួចហើយ​។ ខ្ញុំ​អាច​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ប្រទេសជាតិ​ក្នុង​ផ្នែក​ណាមួយ ឬ​ទីក្រុង​ភ្នំពេញ ឬ​ក្នុង​ប្រទេស​ទាំងមូល​ក្នុង​គ្រា​មាន​អាសន្ន​បាន ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទៅដល់​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​មនុស្ស​ច្រើន​គ្នា»

តាម​ការពិត លោក ហ៊ុន សែន ធ្លាប់​ចេញ​បម្រាម​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​ម្តង​រួច​មក​ហើយ អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ខែ​មេសា​កន្លងទៅ​។ បទបញ្ជា​កាលនោះ ហាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​រាជធានី​ភ្នំពេញ និង​ហាម​មិន​ឱ្យ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត​ឡើយ​។ ប៉ុន្តែ ក្រោយ​ផ្ទុះ​ការរិះគន់​ខ្លាំង លោក ហ៊ុន សែន បាន​កែ​បទបញ្ជា​ឱ្យ​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​អាច​ចេញចូល​ទៅវិញទៅមក​បាន និង​អាច​ធ្វើ​ដំណើរ​ឆ្លង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត​នៅ​ក្នុង​ខេត្ត​បាន តែ​រក្សា​បម្រាម​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លង​ខេត្ត​ដដែល​។ លោក ហ៊ុន សែន ដាក់​ចេញ​បទបញ្ជា​នោះ ទាំង​ដែល​កម្ពុជា​មិនទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅឡើយ​ទេ។

គិត​ពី​ថ្ងៃទី​០៤ ដល់​ទី​១១ វិច្ឆិកា ក្រសួងសុខាភិបាល​បាន​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣ វិច្ឆិកា បាន​ជាង​២ ពាន់​នាក់​ហើយ (.៤៩៧) ក្នុង​នោះ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​-១៩ ចំនួន​៤ នាក់​។ មនុស្ស​ទាំង​ជាង​២ ពាន់​នាក់​នេះ ក្នុង​នោះ​ក៏​រួម​ទាំង​លោក ហ៊ុន សែន ផង ត្រូវ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​១៤ ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត​។ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​។ រដ្ឋាភិបាល​បាន​សម្រេច​បិទ​ទីតាំង​សេវា​កម្សាន្ត និង​ទេសចរណ៍ ព្រមទាំង​សាលារៀន​មួយ​ចំនួន ហើយ​វេទិកា​សាធារណៈ និង​ពិធី​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ស្តី​បន្ទោស​ថា ហានិភ័យ និង​ផលវិបាក​ទាំងអស់​នេះ សុទ្ធតែ​កើត​ចេញពី​ទង្វើ​ប្រមាថ​របស់​លោ ហ៊ុន សែន និង​អសមត្ថភាព​នៃ​របប​ក្រុង​ភ្នំពេញ៖ «​ប្រជាពលរដ្ឋ​រិះគន់​ជា​រឿង​ត្រឹមត្រូវ​ហើយ​។ យើង​ថ្នាក់ដឹកនាំ​ចេញ​គោលការណ៍​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ជំងឺ​កូវីដ​-១៩ ហើយ​ផ្ទុយទៅវិញ ខ្លួនឯង​ជា​អ្នក​ល្មើស​ទៅ​នឹង​បម្រាម​ហ្នឹង​។ ប្រជាពលរដ្ឋ​រិះគន់​គួរតែ​ទទួល​យក​ទៅ ហើយ​ពួកគាត់​ហ្នឹង​គួរតែ​អាម៉ាស​ដោយ​ខ្លួនឯង​ផង ចេះ​ខ្មាស​ខ្លួនឯង​ផង»

ទាក់ទង​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ​ដែរ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ព្រួយបារម្ភ​ថា អាជ្ញាធរ​អាច​នឹង​ចោទប្រកាន់ និង​ចាប់ខ្លួន​ពលរដ្ឋ​បន្ថែម​ទៀត ប្រសិនបើ​ពួកគាត់​រិះគន់ ឬ​ចែករំលែក​ព័ត៌មាន​រសើប​ណាមួយ​ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត ព្រោះ​អាជ្ញាធរ​បាន​ប្រើ​វិធានការ​នេះ​ជា​បន្តបន្ទាប់​រួច​មក​ហើយ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី មាន​ប្រសាសន៍ថា ស្ថានភាព​បច្ចុប្បន្ន​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ និង​ទាន់​សភាពការណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​។ លោក​ថា ការចោទប្រកាន់ ឬ​ចាប់ខ្លួន​ពលរដ្ឋ ដោយសារ​ពួកគាត់​រិះគន់​រឿង​កូ​វីដ​-១៩ នោះ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ៖ «​យើង​ដឹង​ហើយ ប្រជាពលរដ្ឋ​យើង​គាត់​មាន​កម្រិត​នៃ​ចំណេះដឹង​ហ្នឹង គឺ​មិន​ទាន់​បាន​ទូលំទូលាយ​ទេ ឬក៏​មិនទាន់​យល់ដឹង​ច្បាស់​ទេ​។ អ៊ីចឹង​ហើយ បើ​យើង​ជ្រើសរើស​វិធានការ​ក្តៅ​ក្នុង​ការ​ឆ្លើយតប​តាមរយៈ​ការចោទប្រកាន់ ការ​ចាប់ខ្លួន​ហ្នឹង គឺ​វា​បន្ទច់បង្អាក់​ចំពោះ​ការប្រើប្រាស់​សេរីភាព ឬក៏​សិទ្ធិ​មួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្នឹងឯង»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ចាប់ពី​ខែ​មករា រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្ស​ជាង​៣០ នាក់ ដោយ​ចោទ​ពួកគេ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូ​វីដ​-១៩​។ មនុស្ស​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព តែ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ អង្គការ​ដដែល​នេះ​វាយ​តម្លៃ​ថា របប​លោក ហ៊ុន សែន បាន​ឆ្លៀត​ប្រើប្រាស់​ជំងឺ​កូវីដ​-១៩ ជា​ខែល ដើម្បី​បង្ក្រាប​ក្រុម​អ្នក​រិះគន់ និង​សកម្មជន​បក្ស​ប្រឆាំង ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល