លោក ហ៊ុន សែន ឱ្យ​នាយករដ្ឋមន្ត្រី​ឡាវ​បញ្ជាក់​ជំហរ​មិន​ឱ្យ​លោក សម រង្ស៊ី ចុះ​យន្តហោះ​នៅ​ឡាវ

ដោយ ហេង រស្មី
2019-09-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងនាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ក្នុង​ជំនួប​ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងនាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ក្នុង​ជំនួប​ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៩។
Photo courtesy of Hun Sen Facebook

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ស្នើសុំ​នាយករដ្ឋមន្ត្រី​ឡាវ បញ្ជាក់​ជំហរ ក្នុង​ករណី​ផ្ដល់​ដី​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ឡាវ ក្នុង​ករណី​ការ​ចរចា​ព្រំដែន​មាន​ជម្លោះ​មិន​បាន​សម្រេច។ រីឯ​នាយករដ្ឋមន្ត្រី​ឡាវ អះអាង​ថា មិន​ឱ្យ​នរណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ឡាវ ដើម្បី​ប្រឆាំង​ប្រទេស​មួយ​ទៀត​ឡើយ ហើយ​ឡាវ​នឹង​ចាប់ខ្លួន អ្នកមាន​សាលដីកា​តុលាការ បើ​ហ៊ាន​ចូល​ប្រទេស​ឡាវ។

លោក ហ៊ុន សែន រំពឹង​ថា រដ្ឋាភិបាល​ឡាវ​នឹង​មិន​យក​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ ជា​ចំណាប់ខ្មាំង ដើម្បី​ផ្ដល់​ទីតាំង​ឱ្យ​លោក សម រង្ស៊ី ចុះចត​យន្តហោះ​វិល​ចូល​កម្ពុជា​ឡើយ​។ លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) ឱ្យ​ថ្លែង​ពី​ជំហរ​ឡាវ​ច្បាស់លាស់​ក្នុង​ករណី​នេះ​ដែរ​។ មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា របប​លោក បាន​ផ្ញើ​សាលដីកា​តុលាការ ទៅតាម​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី អស់ហើយ គឺ​នៅ​រង​ចាំតែ​លោក សម រង្ស៊ី វិល​តាម​ការ​ប្រកាស​ប៉ុណ្ណោះ។ «»

ការ​ថ្លែង​ឡើង​បែបនេះ គឺ​លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ និង​សង្គម បណ្ឌិត មាស នី ដែល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ទំនង​មាន​អារម្មណ៍​ភ័យខ្លាច​ឡាវ យក​ជម្លោះព្រំដែន​ជា​ចំណាប់ខ្មាំង ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ទើប​តែងតែ​បញ្ជូន​មន្ត្រី​ទៅ​ចរចា​ញឹកញាប់ ជាមួយ​រដ្ឋាភិបាល​ឡាវ រាល់ពេល​មាន​ជម្លោះព្រំដែន​ទាំង​ពីរ​លើក។

លោក​បណ្ឌិត មាស នី បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៥ កញ្ញា​ថា លោក​សង្កេត​ឃើញ​រាល់ដង ឱ្យ​តែ​សភាពការណ៍​ព្រំដែន​កម្ពុជា​ឡាវ មាន​ភាព​តានតឹង រដ្ឋាភិបាល​តែង​ប្រញាប់​បញ្ជូន​មន្ត្រី​ទៅ​ចរចា​ដល់​ក្រុង​វៀងចន្ទន៍ តែ​មិនសូវ​ឃើញ​វត្តមាន​ភាគី​ឡាវ មក​ចរចា​ដល់​ក្រុងភ្នំពេញ​ឡើយ​។ លោក​ថា ស្ថានការណ៍​នេះ អាច​ទំនងជា​រដ្ឋាភិបាល​កម្ពុជា​ព្រួយបារម្ភ​រឿង​អ្វី​ម្យ៉ាង ពិសេស គឺ​ការ​ផ្ដល់​ជម្រក​ឱ្យ​មេ​បក្ស​ប្រឆាំង​ចុះចត​យន្តហោះ វិល​ចូល​កម្ពុជា​វិញ។ «»

ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់ លោក ហ៊ុន សែន លោក ថងលូន ស៊ីសូលីត មាន​ប្រសាសន៍​ថា បុគ្គល​ដែល​មាន​ទោស​មក​ឆ្លង​ប្រទេស​ឡាវ ដើម្បី​យក​ឡាវ​ជា​កន្លែង​ឆ្លងកាត់​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង ទោះ​សញ្ជាតិ​ណា ក៏​នឹង​ត្រូវ​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ដែរ​។ លោក ថងលូន ស៊ីសូលីត បញ្ជាក់​តាមរយៈ​អ្នក​ប្រែ​ថា រដ្ឋាភិបាល​ឡាវ​នឹង​ធ្វើការ​ម៉ត់ចត់ មិន​ឱ្យ​កើតមាន​បញ្ហា​នេះ​ឡើយ៖ «មេដឹកនាំ​បក្ស​ប្រឆាំង គឺ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ដឹកនាំ​កម្លាំង​មហាជន​ចូល​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន ចេញពី​អំណាច​។ បច្ចុប្បន្ន​ក្រុម​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដើរ​កៀរគរ អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ឱ្យ​ចូលរួម​សកម្មភាព​តវ៉ា​ជាមួយ​លោក សម រង្ស៊ី។

ទោះយ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ប្រាប់​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ តាម​ច្រក​ណា​ទេ ព្រោះ​លោក សម រង្ស៊ី អះអាង​ថា លោក​ចង់​ឱ្យ​របប​ក្រុងភ្នំពេញ​វិលក្បុង ពិសេស គឺ​ចង់​ឱ្យ​លោក ហ៊ុន សែន ឆ្កួត ដោយសារ​ភាព​ភ័យខ្លាច​។ តែ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​​​ថា គណបក្ស​ប្រឆាំង​នឹង​បង្ហាញ​តម្រាយ​ផ្លូវលោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ មុន ៣​ថ្ងៃ ដើម្បី​ឱ្យ​ពលរដ្ឋ​មក​ទទួល​លោក សម រង្ស៊ី។

បើ​ទោះ​ជា​លោក ហ៊ុន សែន អះអាង​ថា បាន​ផ្ញើ​សាលដីកា​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន ឱ្យ​ជួយ​ចាប់ខ្លួន​លោក សម រង្ស៊ី រួចហើយ​ក្ដី តែ​លោក សម រង្ស៊ី បាន​ទៅ​ប្រទេស​សេរី​ចំនួន ៣ នៅ​អាស៊ាន ដោយ​គ្មាន​ការ​ចាប់ខ្លួន​អ្វី​ទាំងអស់ គឺ​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី កាល​ពី​ពេល​ថ្មីៗ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល