ពលរដ្ឋ​ឃុំ​កោះចូរ៉ាម​ខេត្ត​កណ្ដាល​បោះឆ្នោត​រើស​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ-សង្កាត់​បក្ស​ប្រឆាំង

ដោយ ឡេង ម៉ាលី
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ឃុំ​កោះចូរ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
ពលរដ្ឋ​ឃុំ​កោះចូរ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

ប្រជាពលរដ្ឋ​ជាង ២៥០​នាក់​នៅ​ក្នុង​ឃុំ​កោះចូរ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៩ មករា ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។

ការ​នាំ​គ្នា​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៩ មករា គឺ​កើត​មាន​ក្រោយ​ពេល​ដែល​បេក្ខជន​តំណាង​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឃុំ​កោះចូរ៉ាម នេះ​មិន​ឯកភាព​គ្នា​លើ​បេក្ខភាព​ឈរ​ជា​មេ​ឃុំ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ប្រកួត​ប្រជែង​នៅ​ខែ​មិថុនា ខាង​មុខ។

ជំទប់​ទី​២ ឃុំ​កោះចូរ៉ាម លោក ម៉ាក ចំរើន ដែល​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​ជា​ប្រធាន​បក្ស​ឃុំ និង​ជា​បេក្ខជន​មេ​ឃុំ មាន​ប្រសាសន៍​ថា ជ័យជម្នះ​នេះ​ដោយសារ​តែ​ពលរដ្ឋ​ឃើញ​ការងារ​លោក​កន្លង​មក​ជាក់ស្ដែង ទើប​ពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទុក​ចិត្ត​លើ​លោក​ដើម្បី​ជា​បេក្ខភាព​មេ​ឃុំ​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់៖ «»

អ្នក​គាំទ្រ​ម្នាក់​នៅ​ភូមិ​លើ ឃុំ​កោះចូរ៉ាម គឺ​លោកស្រី មុំ រឿង ថ្លែង​ថា ការ​បោះឆ្នោត​នេះ​សំខាន់​សម្រាប់​លោកស្រី ដើម្បី​ជ្រើសរើស​តំណាង​ក្នុង​ឃុំ ដែល​លោកស្រី​ចង់​បាន និង​មើល​ឃើញ​ថា មាន​ភាព​ស្អាតស្អំ៖ «»

អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​ចូលរួម​បោះឆ្នោត​ដែរ គឺ​លោក ភ័រ អឹម យល់​ថា អ្នក​ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន ជា​អ្នក​ដែល​ពួក​គាត់​អាច​ជឿជាក់​ថា​ជួយ​ពលរដ្ឋ​បាន៖ «»

បេក្ខជន​ដែល​ឈ្នះ​ការ​បោះឆ្នោត​លំដាប់​ទី​៣ កញ្ញា ប្រាក់ វួចហ៊ាង ថ្លែង​ថា នាង​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ស្ត្រី៖ «»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ខ្សាច់កណ្ដាល លោក តឹម ទ្រី រំពឹង​ថា នឹង​ដណ្ដើម​សំឡេង​ឆ្នោត​បាន​ច្រើន​នៅ​ខែ​មិថុនា ខាង​មុខ៖ «»

ទន្ទឹម​គ្នា​នេះ អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​បោះឆ្នោត​នេះ​ម្នាក់ ថ្លែង​ថា ការ​ប្រកួត​ប្រជែង​ក្នុង​ឃុំ​កោះចូរ៉ាម ទំនង​ជា​ពិបាក ព្រោះ​មេ​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​បុគ្គល​ល្អ​ជាមួយ​ពលរដ្ឋ​ម្នាក់​ដែរ។ ប៉ុន្តែ​អ្នក​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ឃុំ​កោះចូរ៉ាម របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ពេញ​ចិត្ត ព្រោះ​ក្រោយ​ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ជ្រើសរើស​អ្នក​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ធ្វើ​ជា​បេក្ខភាព​មេ​ឃុំ ហើយ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ភ្លាមៗ មិន​រក្សា​ទុក​នោះ​ទេ។

អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ហៅ​បញ្ហា​មិន​ឯកភាព​គ្នា​លើ​លំដាប់​ឈរ​ឈ្មោះ​របស់​បេក្ខជន​នេះ ថា​ជា​បញ្ហា​មនុស្ស​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល។ ឃុំ​កោះចូរ៉ាម ក៏​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ប្រាំ ដែល​មិន​ឯកភាព​គ្នា ហើយ​ត្រូវ​ការ​បោះឆ្នោត​សម្រេច​ដោយ​ពលរដ្ឋ​ជា​អ្នក​គាំទ្រ។ រីឯ​ឃុំ​ចំនួន ១២២​ឃុំ​ទៀត ត្រូវ​បាន​រៀបចំ​តាម​ការ​ស្រុះស្រួល​គ្នា។

លោក​បន្ត​ថា ការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​បក្ស​លោក ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ ហើយ​ក្នុង​រយៈពេល ២​ថ្ងៃ​កន្លង​ទៅ​នេះ ខាង​លោក​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​មិន​ស្រុះស្រួល​គ្នា​បែប​នេះ​បាន​បី​ឃុំ-សង្កាត់​ហើយ។ លោក​ថា សម្រាប់​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាង​មុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​តាម ៣​ដំណាក់​កាល គឺ​១ ទុក​ពេល ២០​ថ្ងៃ​សម្រាប់​ឲ្យ​បេក្ខជន​ដាក់​ពាក្យ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ ឃុំ​ណា​ដែល​មិន​មាន​ឯកភាព​គ្នា​លើ​បញ្ជី​បេក្ខជន គឺ​មាន​គណៈកម្មការ​ចុះ​សម្របសម្រួល ១៤​ថ្ងៃ បើ​មិន​ត្រូវ​គ្នា​ទៀត នោះ​ពលរដ្ឋ​ជា​អ្នក​សម្រេច៖ «»

លោក អេង ឆៃអ៊ាង បញ្ជាក់​បន្ថែម​ថា នៅ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បោះឆ្នោត​ដូច​គ្នា ដូចជា​ខេត្ត​កំពង់ចាម មាន ១៤​ឃុំ ខេត្ត​សៀមរាប ៧​ឃុំ ខេត្ត​ព្រៃវែង ៦​ឃុំ ខេត្ត​កណ្ដាល ៥​ឃុំ ខេត្ត​កំពង់ស្ពឺ ៣​ឃុំ ខេត្ត​តាកែវ ១​ឃុំ ខេត្ត​កោះកុង ៣​ឃុំ ខេត្ត​ពោធិ៍សាត់ ១​ឃុំ និង​ខេត្ត​ត្បូងឃ្មុំ ១​ឃុំ។ នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល ក៏​មាន​បញ្ហា​មិន​ឯកភាព​គ្នា​ដែរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាម​របៀប​នេះ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល