សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ភ្នំពេញ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​លោក កឹម សុខា វិញ

0:00 / 0:00

រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​តុលាការ​បាន​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​នៃ​លក្ខខណ្ឌ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោក កឹម សុខា។ អ្នកវិភាគ​នយោបាយ​យល់ថា ព្រឹត្តិការណ៍​ចុងក្រោយ​នេះ ជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ​សម្រាប់​ស្ថានការណ៍​នយោបាយ​កម្ពុជា ប៉ុន្តែ​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ជា​វិជ្ជមាន​បន្ថែម​ទៀត​ចំពោះ​លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​បាន​ស្នើ​ឡើង។

សហរដ្ឋអាមេរិក​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា ជា​បទ​ចោទ​មាន​ចរិត​នយោបាយ​។ ប្រទេស​មហាអំណាច​មួយ​នេះ ចាត់​ទុក​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ករណី​លោក កឹម សុខា ថា​ជា​ការ​វិវឌ្ឍ​ដ៏​មាន​កម្រិត ហើយ​បាន​ទទូច​ដល់​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បង្ហោះ​សា​រលើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ដោយ​រំឭក​របប​ក្រុងភ្នំពេញ​ថា ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ការ​ជំរុញ​កិច្ច​សន្ទនា​នយោបាយ​រួមគ្នា​ពិតប្រាកដ និង​​ដំណើរ​ការ​​ផ្សះផ្សា ព្រម​ទាំង​​ការ​​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ដ៏​មាន​អត្ថន័យ នឹង​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​អភិបាលកិច្ច និង​សេដ្ឋកិច្ច​​កម្ពុជា។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​ជន​​ទាំង​ឡាយ​​ណា​ ដែល​​ត្រូវ​​បាន​​ឃុំ​ខ្លួន​​តាម​​ទំនើង​ចិត្ត ឬ​​ដោយ​​ខុស​ច្បាប់ ក្នុង​​នោះ​​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​​សង្គម​ស៊ីវិល ព្រម​ទាំង​​អ្នក​គាំទ្រ និង​​សមាជិក​​គណបក្ស​​ប្រឆាំង។

ការ​អំពាវនាវ​ជា​ថ្មី​ទៀត​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ក្រោយ​ការសម្រេច​របស់​តុលាការ​នេះ លោក កឹម សុខា មាន​សិទ្ធិ​ដើរហើរ​ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​បើ​លោក​ចង់​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស គឺ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ជា​មុន​​សិន​។ លោក​បន្ត​ថា លោក កឹម សុខា មាន​សិទ្ធិ​ជួប​ជាមួយ​បុគ្គល​ណា​ក៏បាន​ដែរ ប៉ុន្តែ​ចៀសវាង​ការ​ជួប​ក្នុង​ន័យ​នយោបាយ៖ «ការ​ប្រាស្រ័យ​ទាក់ទងក្នុង​ន័យ​ធម្មតា​ គឺ​មិន​មាន​បញ្ហាអ្វី​ទេ ក៏​ប៉ុន្តែ​បើ​​ក្នុង​ន័យ​នយោបាយ នោះ​ត្រូវ​បាន​ហាម​ឃាត់។ ប្រសិន​បើ​ចង់​ជួប​នរណា​ម្នាក់ ជាពិសេស​ពាក់​ព័ន្ធ​​នឹង​រឿង​នយោបាយ គឺ​ទាល់​តែ​មាន​ការ​អនុញ្ញាត ស្នើ​សុំ​ការ​អនុញ្ញាត​ពី​​ចៅក្រម​ស៊ើបសួរ​​។ គាត់​អាច​និយាយ​ជាមួយ​សារព័ត៌មាន​បាន​ក្នុង​ការ​ផ្តល់​ជា​ព័ត៌មាន​ទូទៅ​ដែល​មិនមែន​ជា​ការ​​ធ្វើ​សកម្មភាពនយោបាយ​ ទៅតាម​លក្ខខណ្ឌ​ហ្នឹង​ គឺ​អនុញ្ញាត​បាន​​»។

ក្រោយ​តុលាការ​ដាក់​លក្ខខណ្ឌ​ថ្មី​ដែល​អំណោយផល​ដល់​ការ​ដើរ​ហើរ ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ចុះ​ជួប​ពលរដ្ឋ​នា​ពេល​ដី​ខ្លី​ខាងមុខនេះ​។ លោក​សរសេរ​ថា ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​រយៈពេល ២​ឆ្នាំ​មកនេះ លោក​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​រូបលោក។ លោក​ថ្លែង​ទៀត​ថា ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ គឺជា​ជំហាន​ទី​១ ហើយ​រូបលោក និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ ត្រូវការ​ដំណោះស្រាយ និង​យុត្តិធម៌​ពិតប្រាកដ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខា នេះ គ្រាន់តែ​យុទ្ធវិធី​បំភ័ន្ត​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​របស់ លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក​ថា លោក កឹម សុខា នៅតែ​ស្ថិត​ក្នុង​គុក​ឥត​ជញ្ជាំង​របស់​របប​ក្រុងភ្នំពេញ​ដដែល ព្រោះ​គាត់​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បន្ត​ជាប់​ចោទ​ក្នុង​សំណុំរឿង​ប្រឌិត​នៅ​ឡើយ៖ «កុំ​ទៅ​និយាយ​ថាគេ​ដោះលែង លោកប្រធាន​ កឹម សុខា ហ្នឹង គេ​អត់​ដោះលែង​ទេ។ យើង​ដឹង​ហើយ​ថាថ្ងៃទី១១ ហ្នឹង គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​អន្តរជាតិ​ ជាពិសេស សហភាពអឺរ៉ុប នឹង​ពិនិត្យ​សម្រេច​ទាក់ទង​នឹង​ EBA។ អ៊ីចឹង​ យុទ្ធវិធី​របស់​ក្រុម​ លោក ហ៊ុន សែន ដើម្បី​បំភ័ន្ត​មតិ​សាធារណៈ ដើម្បី​ចង់​ឱ្យ​គេ​បន្ធូរ​បន្ថយ​ EBA នេះ ទៅ​អត់​​រួច​ទេ នេះ​ទីមួយ។ ទីពីរ ដោយសារ​ថ្ងៃនេះ កម្មវិធី​របស់លោក ហ៊ុន សែន ហ្នឹង គឺ​វា​តឹង​តែង​ប៉ុន្មាន​ថ្ងៃហើយ ត្រឹម​ថ្ងៃទី០៩ អ៊ីចឹង​ចង់​ឱ្យ​មហាជន​ភ័​ន្ត​ បំភ្លេច​ពីរឿង​អ្វី​ដែល​​ ហ៊ុន សែន បាន​ប្រើប្រាស់​កម្លាំង​បង្រ្កាប ទប់​ស្កាត់មាតុភូមិ​និវត្តន៍​របស់​គណបក្ស​សង្គ្រោះជាតិ​តែ​ប៉ុណ្ណឹងទេ»។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា ការ​ដោះលែង​លោក កឹម សុខា ចេញពី​ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នេះ គឺជា​ការប៉ុនប៉ង​នៅ​នា​ទី​ចុងក្រោយ​ដើម្បី​បង្វែរ​កំហឹង​របស់​សហ​ភាព​អឺរ៉ុប​ជុំវិញ​ដំណោះស្រាយ​ដ៏​តិចតួច​ដែល​របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ ឆ្លើយតប​ទៅ​នឹង​កង្វល់​ទាំងឡាយ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក​បន្ត​ថា នេះ​ជា​ការ​ឆ្លើយតប​ដ៏​តិចតួច និង​យឺតយ៉ាវ​សម្រាប់​ការសម្រេចចិត្ត​ជំហាន​ដំបូង​អំពី​បញ្ហា EBA នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ខាងមុខ។

លោក ហ្វីល រ៉ូបឺតសុន ថ្លែង​ទៀត​​ថា មានតែ​នៅ​ក្នុង​របប​ជិះជាន់​របស់​លោក ហ៊ុន សែន នេះ​ទេ ដែល​ដោះលែង​មនុស្ស​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ បន្ទាប់ពី​ឃុំខ្លួន​ពួកគេ​អស់​រយៈពេល ២​ឆ្នាំ ដោយ​ចោទប្រកាន់​បែប​ប្រឌិត​ជា​លក្ខណៈ​នយោបាយ គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​។ លោក​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​សំណុំរឿង​ក្លែងក្លាយ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​គ្មាន​ឧបសគ្គ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា​។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ខណៈ​តុលាការ​មិនទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់តែ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់ជាតិ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខ នា​ពេល​នេះ គឺជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ ប៉ុន្តែ​លោក​ថា នេះ​គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ​។ លោក​បន្ត​ថា លក្ខខណ្ឌ​ថ្មី​របស់​តុលាការ​នេះ នៅតែ​អាក្រក់​សម្រាប់​លោក កឹម សុខា ជាពិសេស​លក្ខខណ្ឌ​ដែល​ហាម​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​។ លោក​បន្ថែម​ថា លោក កឹម សុខា គួរតែ​ត្រូវ​បាន​ដោះលែង ព្រោះ​តុលាការ​មិន​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​មេ​បក្ស​រូប​នេះ​ឡើយ៖ «ប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ឋានៈ​​អនុគ្រោះពន្ធ EBA ឬ​ក៏ GSP ​អាមេរិក​ ខ្ញុំ​គិត​ថា គួ​រ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅលើ​ឯកឧត្តម កឹម សុខា និង​ផ្តល់​នីតិសម្បទាទៅដល់​អ្នក​នយោបាយ​ជាង១០០ នាក់ហ្នឹង​ទៅ ហើយ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ដែល​រឹតត្បិត​សេរីភាពសារព័ត៌មាន​ សេរីភាព​សង្គម​ស៊ីវិល និង​សហជីព​ជាដើម នោះ​ខ្ញុំ​គិត​ថា ​អាចនឹង​យើង​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​នូវ​ឋានៈ​អនុគ្រោះពន្ធ»។

តុលាការ​របប​លោក ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​បន្ធូរបន្ថយ​ខ្លះ​សម្រាប់​លោក កឹម សុខា ក្រោយពេល​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ទៀត គឺ​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ម៉ាឡេស៊ី ក្នុង​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក​។ ចំណាត់​ការ​នេះ ក៏​ធ្វើឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប​គ្រោង​បិទ​បញ្ចប់​ដំណើរ​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​ដែរ​។ ជាពិសេស វិធានការ​នេះ ធ្វើឡើង​ក្រោយ​អង្គការសហប្រជាជាតិ និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​អះអាង​ពី​ការ​តាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា និង​បង្ហាញ​ពី​បំណង​ចង់​ឃើញ​ការសន្ទនា​ផ្នែក​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់ធ្ងន់​ថា គ្រប់គ្នា​មិន​គួរ​ភ្លេច​ទេ​ថា ពេល​លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ដោយ​អយុត្តិធម៌​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​គាបសង្កត់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ដោយ​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ព្រមទាំង​បាន​បង្កើត​បទចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ពី “​ផែនការ​រដ្ឋប្រហារ​” ដែល​ខ្វះ​ភាព​ជឿជាក់​បាន​។ អ្នកការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​ករណី​ទាំងឡាយ​ប្រឆាំង​នឹង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ដោះ​លែង​ឱ្យ​ពួកគេ​មាន​សេរីភាព​វិល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​សប្បាយរីករាយ​នឹង​ពិធី​បុណ្យអុំទូក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។