គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ទាំងអស់

ដោយ មួង ណារ៉េត
2019.11.09
Kem_Sokha ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​លែង​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ​នេះ ជា​ជំហាន​តូច​មួយ ក្នុង​ទិសដៅ​ដែល​ត្រឹមត្រូវ ដើម្បី​រក​ដំណោះស្រាយ បិទ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កាន់តែ​អាក្រក់​ខ្លាំង​ជា​លំដាប់​នេះ។

ទោះជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​ចាប់ផ្ដើម​ជំហាន​វិជ្ជមាន​ដំបូង​របស់​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឡើង​ក៏​ដោយសារតែ​រង​សម្ពាធ​កាន់តែ​ខ្លាំង ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ។

គណបក្សប្រឆាំង ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​ដោយ​សម្អាង​លើ​ករណី​ចោទប្រកាន់​លើ​លោក កឹម សុខា នេះ បន្ថែម​ថា ដើម្បី​ធ្វើ​ឱ្យ​ជំហាន​វិជ្ជមាន​ដំបូង​នេះ មាន​អត្ថន័យ និង​មាន​ប្រសិទ្ធភាព គឺ​ទាល់តែ​របប​នេះ ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់ ដែល​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដើម្បី​ឱ្យ​មេដឹកនាំ​គណបក្សប្រឆាំង ដែល​បាន​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ទាំង​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ មាន​សេរីភាព​ពេញលេញ​ឡើងវិញ​។

សំខាន់​ជាង​នេះ គណបក្ស​សង្គ្រោះ​ជាតិ បន្ថែម​ថា ការ​ទម្លាក់​ចោល​បទ​ចោទ នៃ​អំពើ​“​ក្បត់ជាតិ​” ដែល​ជា​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ គឺ​នឹង​បើកផ្លូវ ដើម្បី​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ ក្រោយ​ត្រូវ​បាន​រម្លាយ​កាលពី​ឆ្នាំ​២០១៧​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។