សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ប្រឆាំង​ការ​ពង្រីក​កម្លាំង​បក្ស​កាន់​អំណាច​នៅ​លើ​ទឹកដី​នេះ

ដោយ សេក បណ្ឌិត
2019.06.22
តវ៉ា ប្រឆាំង ហ៊ុន សែន អូស្ត្រាលី ៦២២ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។
RFA/Chun Chanboth

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ប្រឆាំង​ការ​ពង្រីក​ឥទ្ធិពល គណបក្ស​ប្រកាន់​អំណាច​នៅ​លើ​ទឹកដី​អូស្ត្រាលី​នៃ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ពួកគេ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​កុម្មុយនិស្ត​មាន​កំណើត​ពី​វៀតណាម ដូច្នេះ​មិន​ត្រូវ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​ថា ការ​ប្រឆាំង​វត្តមាន​គណបក្ស​នេះ​នៅ​លើ​ទឹកដី​អូស្ត្រាលី គឺជា​ការរំលោភ​សិទ្ធិ​និង​ជា​ការ​ច្រណែន។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​រួមមាន​ពលរដ្ឋ សកម្មជន​គណបក្ស​សង្គ្រោះជាតិ អតីត​ចៅហ្វាយក្រុង និង​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម្បី​កំណើត​ខ្មែរ បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី កុំ​ឱ្យ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី។ ក្នុង​វីដេអូ​រយៈពេល​ជាង​១០​នាទី ដែល​បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​កាលពី​យប់ ទី​២១ ខែ​មិថុនា ប្រជា​សហគមន៍​ខ្មែរ​អូស្ត្រាលី​ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មក​ពង្រឹង​បក្ស និង​ប្រារព្ធ​ខួប​លើក​ទី​៦៨ នៃ​ការ​បង្កើត​គណបក្ស​នេះ​កុំ​មក​ពង្រឹង​ខ្លួន​អូស្ត្រាលី ហើយ​ត្រូវ​ប្ដូរ​ទៅ​ពង្រឹង​នៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​កំណើត​នៃ​គណបក្ស​នេះ​វិញ​ទៅ«តើ​អ្នក​ដែល​អបអរ​មក​បំពាក់​បំពួន​នេះ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ថា ខ្លួន​កំពុងតែ​ធ្វើ​ហ្នឹង​គឺជា​កិច្ចការ​ដើម្បី​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ​? តើ​អ្នក​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ជាពិសេស​កំពុង​តែ​មក​សាប​ព្រោះ​នូវ​លទ្ធិ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​រត់គេច​រហូត​មក​ដល់​ប្រទេស​អូស្ត្រាលី»

សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ដែល​មិនសូវ​ដឹង​ប្រវត្តិសាស្ត្រ​គួរ​សិក្សា​ប្រវត្តិសាស្ត្រ​ឡើង​វិញ ដើម្បី​កុំ​ចាញ់បោក​ក្រុម​អ្នកនយោបាយ​វង្វេង​ប្រវត្តិសាស្ត្រ​។ តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​ចោទសួរ​ទៅ​ក្រុម​អង្គការ​ចាត់​របស់​របប​ក្រុងភ្នំពេញ​ថា ពួកគេ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ទេ​ថា អ្វី​ដែល​អ្នក​ទាំងនោះ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ ពិត ប្រាក​នោះ«ដូច្នេះ​យើង​ទាំងអស់​គ្នា​កុំ​ភ្លេច​ឱ្យ​សោះ​ហើយ​ត្រូវតែ​ងើបឈរ​ប្រឆាំង​នឹង​ថ្ងៃបុណ្យ​ខួប​៦៨​ឆ្នាំ​នេះ​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​ខ្មែរ​យើង​ទាំងអស់​នឹង​មាន​ការ​ឈឺ​ឆ្អាល និង​ចងកំហឹង​ជាមួយ​នឹង​យួន​កុម្មុយនិស្ត​ដែល​បាន​ចូល​មក​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​យើង»

ចំណែក​ឯ​អតីត​អភិបាលក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា ដែល​សព្វថ្ងៃ​លោក​ជា មេឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល លោក ជា យូហន ទាមទារ​ឱ្យ​ពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​រួមគ្នា​ប្រឆាំង​ការ​ប្រារព្ធ​ខួប​លើក​៦៨ បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​ចោទ​ប្រកាន់​ថា គណបក្ស​នេះ​បង្កើត​ឡើង​ដោយ​យក​កុម្មុយនិស្ត​វៀតណាម​។ លោក​រំលឹក​ទៀត​ថា ប្រទេស​កម្ពុជា បាន​ជួប​វិបត្តិ​សង្គ្រាមរ៉ាំរ៉ៃ​ប្រល័យ​ពូជ​សាស្ត្រ និង​បាត់បង់​ទឹកដី បាត់បង់​កោះត្រល់ គឺ​វៀតណាម​នៅ​ពីក្រោយ​នៃ​រឿង​ទាំងនេះ។ «»

ប្រតិកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បែបនេះ ក្រោយ​ពេល​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​អ្នក​នាំ​ឱ្យ​មាន​ចលនា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស បាន​ដឹកនាំ​ក្រុម​អង្គការ​ចាត់តាំង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ពង្រឹង​ឥទ្ធិពល និង​រៀបចំ​ប្រារព្ធ​ខួប​លើក​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​អូស្ត្រាលី។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថា វត្តមាន​របស់ លោក គឹម សន្តិភាព នៅ​អូស្ត្រាលី​គឺ​មាន​ការចាត់តាំង​ត្រឹមត្រូវ​មិនមែន​លោក​ធ្វើ​តាមតែ​ចិត្ត​ឯង​នោះ​ទេ​។ ជុំវិញ​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដើម​ចេញពី​កុម្មុយនិស្ត​វៀតណាម លោក សុខ ឥសាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ផ្សេងទៀត និង​ការ​ជា​ច្រណែន​និង​ជា​ការ​ចង្អៀតចង្អល់​នយោបាយ«មូលហេតុ​អី​បាន​យើង​(​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​)​ចង្អៀតចង្អល់​ដល់​ថ្នាក់​ហ្នឹង​គេ​ធ្វើ​ពង្រីក​អី​មុន​បាន​កុំ​ឲ្យ​តែ​ធ្វើ​ខុសច្បាប់ ហើយ​មិនមែន​អស់លោក​ជា​អ្នកមាន​មតិ​ទេ​ខុសច្បាប់​ទាល់តែ​អាជ្ញាធរ​អូស្ត្រាលី​គេ​មាន​វិធានការ ចុះ​គេ​អត់​មានអី​ផង​គេ​អនុញ្ញាត​ហើយ​មូលហេតុ​អី​អ្នក​ផ្សេង​ទៅ​រារាំង​ទៅ​មាន​សតិអារម្មណ៍​ចង្អៀតចង្អល់​ខ្លួនឯង​ធ្វើ​បាន​ម៉េច​អ្នកដទៃ​មិន​អាច​ធ្វើ​បាន»

នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ គឺជា​លើក​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា កាលពី​ឆ្នាំ​១៩៥១ ហើយ​នៅ​ទីបំផុត​គណបក្ស​បាន​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ។

គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្ដាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម លោក​គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។