សហគមន៍ខ្មែរនៅអូស្ត្រាលីប្រកាសប្រឆាំងការពង្រីកឥទ្ធិពល គណបក្សប្រកាន់អំណាចនៅលើទឹកដីអូស្ត្រាលីនៃប្រទេសប្រជាធិបតេយ្យមួយនេះ ពួកគេចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកុម្មុយនិស្តមានកំណើតពីវៀតណាម ដូច្នេះមិនត្រូវមានវត្តមាននៅលើទឹកដីប្រទេសប្រជាធិបតេយ្យឡើយ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយថា ការប្រឆាំងវត្តមានគណបក្សនេះនៅលើទឹកដីអូស្ត្រាលី គឺជាការរំលោភសិទ្ធិនិងជាការច្រណែន។
សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលរួមមានពលរដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិ អតីតចៅហ្វាយក្រុង និងតំណាងរាស្ត្រអូស្ត្រាលីដើម្បីកំណើតខ្មែរ បានបញ្ចេញប្រតិកម្មរបស់ខ្លួនដោយប្រាប់ទៅពលរដ្ឋខ្មែរនៅអូស្ត្រាលី កុំឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជានៅលើទឹកដីប្រទេសអូស្ត្រាលី។ ក្នុងវីដេអូរយៈពេលជាង១០នាទី ដែលបានបង្ហោះនៅតាមបណ្ដាញសង្គមកាលពីយប់ ទី២១ ខែមិថុនា ប្រជាសហគមន៍ខ្មែរអូស្ត្រាលីប្រាប់ទៅមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលមកពង្រឹងបក្ស និងប្រារព្ធខួបលើកទី៦៨ នៃការបង្កើតគណបក្សនេះកុំមកពង្រឹងខ្លួនអូស្ត្រាលី ហើយត្រូវប្ដូរទៅពង្រឹងនៅប្រទេសវៀតណាមដែលជាប្រទេសកំណើតនៃគណបក្សនេះវិញទៅ៖ «តើអ្នកដែលអបអរមកបំពាក់បំពួននេះហ៊ានទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រថា ខ្លួនកំពុងតែធ្វើហ្នឹងគឺជាកិច្ចការដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ ? តើអ្នកហ៊ានទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ជាពិសេសកំពុងតែមកសាបព្រោះនូវលទ្ធិមួយ ដែលពលរដ្ឋខ្មែររត់គេចរហូតមកដល់ប្រទេសអូស្ត្រាលី»។
សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ស្នើទៅពលរដ្ឋខ្មែរមួយចំនួនកំពុងរស់នៅប្រទេសអូស្ត្រាលីដែលមិនសូវដឹងប្រវត្តិសាស្ត្រគួរសិក្សាប្រវត្តិសាស្ត្រឡើងវិញ ដើម្បីកុំចាញ់បោកក្រុមអ្នកនយោបាយវង្វេងប្រវត្តិសាស្ត្រ។ តំណាងរាស្ត្រអូស្ត្រាលីរូបនេះចោទសួរទៅក្រុមអង្គការចាត់របស់របបក្រុងភ្នំពេញថា ពួកគេហ៊ានទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រទេថា អ្វីដែលអ្នកទាំងនោះធ្វើដើម្បីប្រយោជន៍ជាតិ ពិត ប្រាកនោះ៖ «ដូច្នេះយើងទាំងអស់គ្នាកុំភ្លេចឱ្យសោះហើយត្រូវតែងើបឈរប្រឆាំងនឹងថ្ងៃបុណ្យខួប៦៨ឆ្នាំនេះហើយខ្ញុំសង្ឃឹមថា បងប្អូនខ្មែរយើងទាំងអស់នឹងមានការឈឺឆ្អាល និងចងកំហឹងជាមួយនឹងយួនកុម្មុយនិស្តដែលបានចូលមកបំផ្លិចបំផ្លាញប្រទេសជាតិយើង»។
ចំណែកឯអតីតអភិបាលក្រុងស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា ដែលសព្វថ្ងៃលោកជា មេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល លោក ជា យូហន ទាមទារឱ្យពលរដ្ឋពលរដ្ឋខ្មែរនៅអូស្ត្រាលីរួមគ្នាប្រឆាំងការប្រារព្ធខួបលើក៦៨ បង្កើតគណបក្សប្រជាជនកម្ពុជាដែលលោកចោទប្រកាន់ថា គណបក្សនេះបង្កើតឡើងដោយយកកុម្មុយនិស្តវៀតណាម។ លោករំលឹកទៀតថា ប្រទេសកម្ពុជា បានជួបវិបត្តិសង្គ្រាមរ៉ាំរ៉ៃប្រល័យពូជសាស្ត្រ និងបាត់បង់ទឹកដី បាត់បង់កោះត្រល់ គឺវៀតណាមនៅពីក្រោយនៃរឿងទាំងនេះ។ «»
ប្រតិកម្មរបស់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីបែបនេះ ក្រោយពេលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ដែលជាអ្នកនាំឱ្យមានចលនាគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានដឹកនាំក្រុមអង្គការចាត់តាំងនៃគណបក្សប្រជាជនកម្ពុជាទៅពង្រឹងឥទ្ធិពល និងរៀបចំប្រារព្ធខួបលើក៦៨នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីអូស្ត្រាលី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យអាស៊ីសេរីដឹងថា វត្តមានរបស់ លោក គឹម សន្តិភាព នៅអូស្ត្រាលីគឺមានការចាត់តាំងត្រឹមត្រូវមិនមែនលោកធ្វើតាមតែចិត្តឯងនោះទេ។ ជុំវិញការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាមានដើមចេញពីកុម្មុយនិស្តវៀតណាម លោក សុខ ឥសាន បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ចាត់ទុកទង្វើរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីជាការរំលោភសិទ្ធិរបស់ពលរដ្ឋផ្សេងទៀត និងការជាច្រណែននិងជាការចង្អៀតចង្អល់នយោបាយ៖ «មូលហេតុអីបានយើង ( សហគមន៍ខ្មែរនៅអូស្ត្រាលី ) ចង្អៀតចង្អល់ដល់ថ្នាក់ហ្នឹងគេធ្វើពង្រីកអីមុនបានកុំឲ្យតែធ្វើខុសច្បាប់ ហើយមិនមែនអស់លោកជាអ្នកមានមតិទេខុសច្បាប់ទាល់តែអាជ្ញាធរអូស្ត្រាលីគេមានវិធានការ ចុះគេអត់មានអីផងគេអនុញ្ញាតហើយមូលហេតុអីអ្នកផ្សេងទៅរារាំងទៅមានសតិអារម្មណ៍ចង្អៀតចង្អល់ខ្លួនឯងធ្វើបានម៉េចអ្នកដទៃមិនអាចធ្វើបាន»។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាលើក៦៨នៃការបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា កាលពីឆ្នាំ១៩៥១ ហើយនៅទីបំផុតគណបក្សបានប្ដូរទៅជាគណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។
គណបក្សនេះត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងដែលមានឪពុកជាខ្មែរក្រោម និងម្ដាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម លោកគឺជាអតីតសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
