ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​៣០០​នាក់ ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​នយោបាយ​កម្ពុជា

ដោយ ខែ សុណង
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​បាតុកម្ម​ ក្នុង​រដ្ឋធានី​កង់បេរ៉ា (Canberra) ទាមទារ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។
ពលរដ្ឋ​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​បាតុកម្ម​ ក្នុង​រដ្ឋធានី​កង់បេរ៉ា (Canberra) ទាមទារ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។
Photo Provided

ពលរដ្ឋ​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា នេះ ក្នុង​រដ្ឋធានី​កង់បេរ៉ា (Canberra) ទាមទារ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​ក៏​មាន​តំណាងរាស្ត្រ​អូស្ត្រាលី ៥​រូប បាន​ចូលរួម​ថ្លែង​សារ​នៅ​មុខ​បាតុករ ដោយ​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ត្រូវ​នៅ​ស្ងៀម​ចំពោះ​វិបត្តិ​នយោបាយ​កម្ពុជា​នេះ​ទៀត​ទេ។

អ្នកដឹកនាំ​បាតុកម្ម នៅ​ប្រទេស​អូស្ត្រាលី​អះអាង​ថា បាតុកម្ម​នេះ មាន​បាតុករ​ប្រមាណ ៣០០​នាក់​ចូលរួម ដែល​ពួកគេ​ចាត់ទុកថា ទទួល​បាន​ជោគជ័យ​។ ការ​ទាមទារ​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៨​កន្លះ​ព្រឹក ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី។ ក្រុម​បាតុករ​បាន​ដើរ​ដង្ហែ​ក្បួន និង​ថ្លែង​សារ​នយោបាយ នៅ​មុខ​ស្ថានទូត​ចិន ស្ថានទូត​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋអាមេរិក និង​ចុងក្រោយ គឺ​ក្រុម​បាតុករ​នាំគ្នា​ប្រមូល​ផ្តុំ នៅមុខ​វិមាន​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី។

អ្នកដឹកនាំ​បាតុកម្ម​ម្នាក់ និង​ជា​ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមារា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​បាតុករ និង​រូបលោក​ផ្ទាល់ បាន​ផ្ញើ​សារ​នយោបាយ​នៅ​មុខ​ស្ថានទូត​ចិន ដោយ​ស្រែក​ទាមទារ​នៅមុខ​ស្ថាន​នេះ ឱ្យ​ឈប់​គាំទ្រ​របប​ក្រុង​ភ្នំពេញ​។ លោក​ឱ្យ​ដឹង​ទៀត​ថា បាតុករ​ស្នើ​ទៅ​ប្រទេស​ចិន ដែល​ធ្លាប់​ជួយ​របប​ខ្មែរក្រហម ធ្វើ​យ៉ាង​កុំ​ឱ្យ​របប​ខ្មែរក្រហម មាន​ជា​លើក​ទី​២​នៅ​កម្ពុជា តទៅ​ទៀត៖ «យើង​សុំ​ឱ្យ​គាត់ (ប្រទេស​ចិន) ជំរុញ​ទៅ​រដ្ឋាភិបាល ហ៊ុន សែន គោរព​សិទ្ធិមនុស្ស ហើយ​ដើរ​មក​ប្រជាធិបតេយ្យ ហើយ​កុំ​ឱ្យ​មាន​ប្រើ​អាវុធ ឬ​ហិង្សា​ពេល​មាន​ការ​ត្រឡប់​ទៅវិញ​របស់​គណបក្ស​សង្គ្រោះជាតិ»

ក្រុម​បាតុករ​លើកឡើង​ថា ស្មារតី​នៃ​កិច្ច​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​អាយុកាល​២៨​ឆ្នាំ​មក​នេះ នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ ដែល​តម្រូវ​ឱ្យ​របប​ក្រុងភ្នំពេញ ងាក​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ​វិញ និង​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​តទៅ​ទៀត​។ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី រំពឹង​ថា ការ​ទាមទារ​របស់​ពួកគេ នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ដែល​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ជា​ថ្មី។

ការ​ទាមទារ​របស់​សហគមន៍​ខ្មែរ​អូស្ត្រាលី​នេះ ខណៈ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ជាប់​គាំង​ជា​ច្រើន​ឆ្នាំ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដោយ​លោក​អះអាង​ថា ដើម្បី​ចូល​ទៅ​បញ្ចប់​វិបត្តិ​ទាំងនោះ​។ ប៉ុន្តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​ប្រកាន់​ថា ទង្វើ​លោក សម រង្ស៊ី ជា​សកម្មភាព​ក្បត់ជាតិ និង​ព្រមាន​បាញ់​សម្លាប់ ឬ​ចាប់​ដាក់គុក អ្នក​អម​ដំណើរ​លោក សម រង្ស៊ី ថែម​ទៀត​ផង។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហន ដែល​សព្វថ្ងៃ​លោក​ជា​មេឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល (Spring Wale) សង្ឃឹមលើ​កម្លាំង​អ្នក​និយម​ប្រជាធិបតេយ្យ ដែល​ពួតដៃគ្នា​ក្រោក​ឡើង និង​ទាមទារ​ប្រជាធិបតេយ្យ​មក​វិញ។ លោក​ក៏​បង្ហាញ​ការ​ជឿជាក់​លើ​សហគមន៍​អន្តរជាតិ ដែល​ឈរ​នៅ​ខាង​អ្នក​និយម​ប្រជាធិបតេយ្យ និង​ថ្កោលទោស​របប​លោក ហ៊ុន សែន បន្ថែម បើ​របប​នេះ​បង្ក្រាប​អ្នក​តវ៉ា។ លោក​ថា បើ​របប​ក្រុងភ្នំពេញ ហ៊ាន​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​អម​ដំណើរ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ អង្គការ​សហប្រជាជាតិ នឹង​មាន​ចំណាត់​ការ​លើ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ។ លោក ជា យូហន ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទីកន្លែង​និង​អ្នក​នយោបាយ​ត្រូវ​រួមគ្នា​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «លោក សម រង្ស៊ី ពេល​លោក​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ គឺ​អត់​មាន​យក​អាវុធ​ចូល​ទេ ចូល​ដោយ​ដៃ​ទទេ​កុំ​យក​កងទ័ព​សម្លាប់​ខ្មែរ​ទៀត សម័យ​ខ្មែរក្រហម​សម្លាប់​ពលរដ្ឋ​អស់​ជាង ២​លាន​នាក់​ហើយ ដូច្នេះ​បើ ហ៊ុន សែន សម្លាប់​ម្តង​ទៀត ខ្ញុំ​ជឿ​ថា អង្គការ​សហប្រជាជាតិ ជាពិសេស​តុលាការ​អង្គការសហប្រជាជាតិ គេ​នឹង​មើល​ឃើញ​ហើយ សូម​លោក ហ៊ុន សែន កុំ​ធ្វើ​របៀប​ហ្នឹង»

ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមារា ឱ្យ​ដឹង​ថា ក្នុង​ពេល​ទាមទារ​នោះ ក៏​មាន​ការចូលរួម​ពី​តំណាងរាស្ត្រ​អូស្ត្រាលី​៥​រូប​រួមមាន​លោក ជូលៀន ហ៊ីល (Julian Hill) លោក ម៉ាក បាត់ល័រ (Mark Butler) និង អ្នកស្រី ឃ្លែ អូណេល (Clare O’Neil) និង​ថ្លែង​សារ​នយោបាយ ទាក់ទង​នឹង​ប្រទេស​កម្ពុជា​ដែរ។ លោក អ៊ិន ហេមារា ឱ្យ​ដឹង​ទៀត​ថា តំណាងរាស្ត្រ​អូស្ត្រាលី​នៃ​គណបក្ស​ប្រឆាំង លោក ជូលៀន ហ៊ីល ថ្លែង​ក្នុង​ពេល​នោះ​ដោយ​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​ចាត់វិធានការ​ចាំបាច់ និង​បន្ទាន់​ដើម្បី​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «គាត់ (លោក ជូលៀន ហ៊ីល) មិន​ចង់​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​អូស្ត្រាលី​មិន​គួរ​ធ្វើ​ដូច​មើល​ឃើញ​ការរំលោភ​សិទ្ធិមនុស្ស​របស់​របប​លោក ហ៊ុន សែន មិនមែន​ទៅ​ថា មិនមែន​របប ហ៊ុន សែន ទេ គឺ​ត្រកូល ហ៊ុន សែន តែម្ដង​ដែល​រំលោភ​​សិទ្ធិ​មនុស្ស​ហ្នឹង​បាទ»

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​តវ៉ា ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ ដោយ​លើក​សរសើរ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​លោក​ឯណោះ​ទេ ដែល​លោក​អះអាង​ថា បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា និង​នាំ​ឱ្យ​ស្រុក​មាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល