សហគមន៍ខ្មែរនៅអូស្ត្រាលី ថា ច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញកំពុងដំណើរការទៅមុខដោយពួកគេរំពឹងថា ច្បាប់នេះនឹងចេញជារូបរាងនៅពេលខាងមុខ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថាអ្វីដែលសហគមន៍ខ្មែរនៅអូស្ត្រាលីកំពុងធ្វើនេះ ជាការយកមាតុភូមិរបស់ខ្លួនជាសត្រូវ។
សហគមន៍ខ្មែរនៅអូស្ត្រាលីដែលកំពុងស្វះស្វែងជំរុញទៅរដ្ឋាភិបាលអូស្ត្រាលី ឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញដែលរំលោភសិទ្ធិមនុស្ស ដែលច្បាប់នេះស្រដៀងនឹងច្បាប់គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ឱ្យដឹងថា ពេលនេះសេចក្ដីព្រាងច្បាប់នេះបានចូលដល់ទីស្ដីការគណៈរដ្ឋមន្ត្រីនៃប្រទេសនេះ ហើយសភាសហព័ន្ធប្រទេសនេះក៏កំពុងចាប់ផ្ដើមធ្វើការងារមួយចំនួនពាក់ព័ន្ធនឹងច្បាប់នេះដែរ។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហ៊ន ឱ្យដឹងថាកាលពីខែមេសា សភាសហព័ន្ធផ្នែកសិទ្ធិមនុស្សបានអញ្ជើញតំណាងពលរដ្ឋខ្មែររួមមាន តំណាងរាស្ត្រ អ្នកច្បាប់ ប្រធានសមាគម សកម្មជនគណបក្សសង្គ្រោះជាតិ និងបុគ្គលសំខាន់ៗផ្សេងមួយចំនួនទៀតទៅជួបប្រជុំគ្នា ដោយពួកគេចង់ដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងឱ្យសហគមន៍ខ្មែរបង្ហាញភស្តុតាងដែលសហគមន៍ខ្មែរមានពាក់ព័ន្ធនឹងសកម្មភាពរំលោភសិទ្ធិមនុស្សទាំងនោះ។ លោកអះអាងថា សហគមន៍ខ្មែរមានភស្តុតាងជាច្រើនបង្ហាញទៅសភា៖ «គេសួរ នោះគេ សួរថា មូលហេតុអីបានយើងដាក់ពាក្យឱ្យមានច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ហើយប្រទេសកម្ពុ ជាមាន ស្ថានការណ៍យ៉ាងម៉ិច ? យើងមានភស្តុតាងច្រើនណាស់ ឧបមា ការសម្លាប់ លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី ៗ មិនមែនបាញ់នៅកណ្ដាលព្រៃឯណាបាញ់នៅក្នុងទីក្រុងភ្នំពេញទាំងថ្ងៃ»។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា ដែលបានចូលរួមក្នុងសកម្មភាពនេះដែរឱ្យដឹងថា កាលពីលើកមុនៗការស្នើទណ្ឌកម្មលើមន្ត្រីរបបក្រុងភ្នំពេញច្រើនតែជាការស្នើឡើងពីសមាជិកសភាគណបក្សប្រឆាំងទេ។ ប៉ុន្តែលោកថា ការស្នើច្បាប់លើកនេះច្បាប់នេះគឺជាការស្នើឡើងពីអនុគណៈកម្មការសិទ្ធិមនុស្សក្រសួងការបរទេស នៃរដ្ឋាភិបាលអូស្ត្រាលី ដូច្នេះលោករំពឹងថាច្បាប់នេះនឹងអាចចេញរូបរាងក្នុងពេលឆាប់ៗនេះ៖ «គឺខាងរដ្ឋាភិបាល ខាង ក្រសួងការបរទេស គាត់ស្នើឱ្យអនុគណៈកម្មការសិទ្ធិមនុស្សធ្វើការស្រាវជ្រាវមើល គួរមានច្បាប់នេះឬអត់ អ៊ី ចឹងគឺ ចេញពីរ រដ្ឋាភិបាលហើយខ្ញុំ មើលទៅ អត់មាន អ្នកប្រឆាំង ទេ គឺមានតែអ្នកស្រប»។
សហគមន៍ខ្មែរនៅអូស្ត្រាលីថា អូស្ត្រាលីមិនអាចនៅស្ងៀមទុកក្រុមដឹកនាំរបបក្រុងភ្នំពេញធ្វើបាបពលរដ្ឋនិងរំលោភសិទ្ធិមនុស្សតាមទំនើងចិត្តនោះទេ។ ពួកគេរំពឹងថា រដ្ឋាភិបាលនិងរដ្ឋសភាប្រទេសអូស្ត្រាលីនឹងយកគំរូតាមសម្ព័ន្ធមិត្តរបស់ខ្លួនសហរដ្ឋអាមេរិក ដែលបានធ្វើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីបាតដៃប្រឡាក់ឈាមទាំងនោះ។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានហៅកិច្ចប្រឹងប្រែងរបស់សហគមន៍ខ្មែរអូស្ត្រាលីដែលកំពុងធ្វើនេះថា ជាការយកមាតុភូមិរបស់ខ្លួនជាសត្រូវ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីមានទំនាក់ទំនងល្អនឹងគ្នា។ ប៉ុន្តែនៅពេលអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីសួរលោកថា តើលោកយល់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើច្បាប់នេះ តាមសំណើរបស់សហគមន៍ខ្មែរដែរឬទេ? លោកឆ្លើយថា នេះជាសិទ្ធិសេរីភាព និងការសម្រេចដែលស្ថិតក្នុងដែនដីអធិបតេយ្យរបស់អូស្ត្រាលី៖ «ខ្ញុំអត់មានមតិអ្វីទៅលូកលាន់ទៅក្នុងដែនសមត្ថកិច្ចដែនដីអធិបតេយ្យរបស់អូស្ត្រាលី ប៉ុន្តែ ជាការ ពិសោធន៍ ខ្ញុំឃើញក្រុមនោះ ( សហគមន៍ខ្មែរនៅអូស្ត្រាលី ) ជួបបរាជ័យតែប៉ុណ្ណឹងឯង»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មបុគ្គលពីរនាក់នៅកម្ពុជា គឺមន្ត្រីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរ័ក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) លោក ជា យូហ៊ន ឱ្យដឹងថា ដោយសារសព្វថ្ងៃនេះរដ្ឋាភិបាលអូស្ត្រាលី កំពុងរវល់នឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបសន្ទុះនៃការធ្វើច្បាប់ហាក់នៅយឺតយ៉ាវ ប៉ុន្តែលោកជឿជាក់ថានៅពេលជំងឺនេះបានធូរស្រាល ច្បាប់នេះនឹងត្រូវបានរដ្ឋសភាលើកយកទៅអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។