ខ្មែរ​អូស្ត្រាលី​ធ្វើ​បុណ្យ​រំលឹក​ដល់​បណ្ឌិត កែម ឡី និង​អ្នក​ស្នេហា​ជាតិ​​ផ្សេង​ទៀត​ ដែល​​ស្លាប់​ក្នុង​របប​លោក ហ៊ុន សែន

ដោយ សេក បណ្ឌិត
2019.07.14
Share on WhatsApp
Share on WhatsApp
ប៊ូ រចនា កែម ឡី អូស្ត្រាលី ៣ឆ្នាំ ៦២២ ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី បូ រចនា (កណ្ដាល) ចូលរួម​ជាមួយសហគមន៍​ខ្មែរ​រស់នៅ​ទីក្រុង​អាដដេលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ប្រទេស​អូស្ត្រាលី ប្រារព្ធ​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​បី​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩។
Photo courtesy of CANNTV

សហគមន៍​ខ្មែរ​រស់នៅ​ទីក្រុង​អាដដេលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ប្រទេស​អូស្ត្រាលី ប្រារព្ធ​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​បី​ឆ្នាំ​ជូន​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ​។ ក្រៅពី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ លោក កែម ឡី សហគមន៍​ខ្មែរ​ក៏បាន​ឧទ្ទិស​បុណ្យ​កុសល​ជូន​អ្នក​ស្នេហាជាតិ​ខ្មែរ​ផ្សេងទៀត​ដែរ ដូចជា លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ជាដើម ដែល​ត្រូវ​បាន​សម្លាប់​ក្រោម​របប​លោក ហ៊ុន សែន។

សមាជិក​គណៈកម្មការ​បុណ្យ​ម្នាក់ លោក ខៀវ តារា ឱ្យ​អាស៊ីសេរី​ដឹង​ថា ពិធីបុណ្យ​នេះ​មាន​រៀបចំ​ជា​ពីរ​វគ្គ គឺ​ពិធី​សាសនា និង​ការពិភាក្សា​សំណេះសំណាល​ជាមួយ​ភរិយា​បណ្ឌិត កែម ឡី ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ដែរ។

លោក​ឱ្យ​ដឹង​ទៀត​ថា ពិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៧០​នាក់ ហើយ​ថវិកា​ទទួល​បាន​ពី​ពិធីបុណ្យ អ្នក​រៀបចំ​ពិធី​បាន​បែងចែក​ខ្លះ​ជូន​ភរិយា​បណ្ឌិត កែម ឡី ដើម្បី​អាច​​ចាត់ចែង​តាម​តម្រូវការ និង​រៀបចំ​សម្រាប់​ធ្វើ​ការងារ​សង្គម។ លោក ខៀវ តារា បញ្ជាក់​បន្ថែម​ថា ការរៀបចំ​ពិធី​នេះ​គឺ​ដើម្បី​ជា​ការ​គោរព​វីរភាព​របស់​​​បណ្ឌិត កែម ឡី និង​វីរជន​ផ្សេង​ទៀ ដែល​​ហ៊ាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ភាព​ជោគជ័យ​ហើយ មាន​បងប្អូន​ចូលរួម​មិនបាន​ច្រើន​កុះករ ប៉ុន្តែ​យើង​បាន​សម​ល្មម​នៃ​រដ្ឋ​របស់​យើង យើង​មិនមែន​ជា​រដ្ឋ​ធំ​ប៉ុន្មាន​ទេ ម៉្លោះ​ហើយ​សម​ល្មម​ដែល​យើង​អាច​ទទួល​យក​​បាន ប៉ុន្តែ​​អ្វី​​ដែល​​សំខាន់​យើង​គួរ​គោរព​វីរភាព​របស់​គាត់ ដែល​គាត់​ហ៊ាន​លះ​បាន​ដើម្បី​ឱ្យ​កូន​ខ្មែរ​របស់​យើង​ភ្ញាក់​រលឹក​ក្រោយ​ឡើង​ដើម្បី​តតាំង​នឹង​របប​ផ្ដាច់ការ»

អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ បាន​យក​នំ​បញ្ចុក​ដើម្បី​ទទួល​ភ្ញៀវ។ ក្រៅពី​ការ​សំណេះសំណាល​ជាមួយ​ភរិយា​បណ្ឌិត កែម ឡី និង​ការ​បញ្ចេញ​មតិយោបល់​ពី​សំណាក់​អ្នកចូលរួម​បុណ្យ អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី ក៏បាន​ច្រៀង​ចម្រៀង​បង្ហាញ​ការ​សោកស្តាយ ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​​បណ្ឌិត កែម ឡី ដែរ។

អ្នក​ចូលរួម​ពិធីបុណ្យ​ម្នាក់ ហុក ម៉ែល ឱ្យ​ដឹង​ថា លោក​នៅតែ​មាន​ការ​តក់​ស្លុត និង​សោកស្ដាយ​ចំពោះ​ការ​បាត​បង់​​បណ្ឌិត កែម ឡី​។ លោក ហ៊ុក ម៉ែល ចាត់​ទុក​ឃាតកម្ម​នេះ គឺ​របប​ក្រុងភ្នំពេញ​ជា​អ្នក​រៀបចំ រួចហើយ​យក​ឃាតក សិប្បនិម្មិត​មក​ទទួល​ទោស​ជំនួស​ប៉ុណ្ណោះ។ អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី រូប​នេះ រំលឹក​ថា លោក​ធ្លាប់​ជួប​បណ្ឌិត កែម ឡី កាលពី​លោក​​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ហើយ​លោក​សង្កេត​ឃើញ​ថា លោក កែម ឡី ជា​បុគ្គល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​គួរ​ឱ្យ​គោរព​ស្រឡាញ់​៖ «លោក​បណ្ឌិត​គាត់​ជា​មនុស្ស​ពិសេស​ដែល​ខ្មែរ​ស្ទើរ​ទូទាំង​ពិភពលោក គេ​គោរព​ស្រលាញ់​ហើយ​ទីបំផុត​របប​ក្រុងភ្នំពេញ​មិន​អាច​ទុក​គាត់​បាន​ព្រោះ​ឆ្អឹង​ទទឹង​ក​របស់​គេ គេ​ធ្វើ​ឱ្យ​គាត់​ស្លាប់​បែកបាក់​គ្រួសារ​យ៉ាង​អយុត្តិធម៌​ជាទីបំផុត»

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​។ អំពើ​ឃាត​កម្ម​នេះ កើត​ឡើង​​រយៈពេល ២​ថ្ងៃ ក្រោយពេល​លោក​ចូលរួម​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី ដើម្បី​បកស្រាយ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្ដីពី​អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល “​ហ៊ុន​”​។ រយៈពេល​បី​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​។ ទោះជា​យ៉ាង​ណា មហាជន​ទូទៅ​យល់ថា ជួប សម្លាប់ នេះ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត​ប៉ុណ្ណោះ។

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា ចោទ​ប្រកាន់​ថា ឃាតកម្ម​លើ​ស្វាមី​អ្នកស្រី គឺជា​ការ​​រៀបចំ​​គម្រោង​​ទុក​ជា​មុន​​របស់​​របប​​ក្រុង​ភ្នំពេញ ហេតុដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ព្យាយាម​បំបាត់​ភស្តុតាង និង​រក​ឃាតក​ពិត​មិន​ឃើញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល