តំណាងចលនាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ប្រកាសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៦ សីហា ថា ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង នឹងប្រមូលកម្លាំង រៀបចំធ្វើពិធីជួបជុំគ្នាធំមួយ នៅខែវិច្ឆិកាខាងមុខ ដើម្បីជាការជូន និងរួមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជា។
ការប្រកាសនេះ ធ្វើឡើងភា្លមៗ ក្រោយគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ កំណត់ថ្ងៃជាក់លាក់ សម្រាប់ការវិលត្រឡប់ទៅកម្ពុជាវិញ របស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត។
លោក យឹម ស៊ីណន បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៦ សីហាថា ក្រៅពីការគាំទ្រ និងជួបជុំសំដែងមតិនេះ ក៏មានគោលដៅចង់ឱ្យអន្តរជាតិចាប់អារម្មណ៍ និងចូលរួមដំណើរ ព្រមទាំងឃ្លាំមើលព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយយកចិត្តទុកដាក់៖ «ជាពិសេសទាញឱ្យអ្នកការទូត និងរដ្ឋាភិបាលកូរ៉េ ចាប់អារម្មណ៍ គាំទ្រ ដើម្បីបញ្ជូនភ្នាក់ងារ ឬអ្នកសារព័ត៌មាន អមទៅជាមួយ ផង នេះ ជាអ្វីដែលយើងចង់បង្ហាញទៅសាធារណជន»។
លោក យឹម ស៊ីណន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែរថា នេះជាពេលវេលាដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ៖ «តោះ យើងត្រឡប់ទៅកម្ពុជាវិញ»។
ទោះយ៉ាងណា ពេលនេះ លោកមិនទាន់កំណត់បានថា នឹងអាចកៀរគរពលករ បានចំនួនប៉ុន្មានចូលរួម និងកំណត់ទីតាំង ព្រមទាំងពេលវេលា ឬថ្ងៃណាជាក់លាក់នៅឡើយទេ ដោយក្រុមអ្នកសម្របស្រួលកំពុងតែពិភាក្សាគ្នា ធ្វើផែនការ និងកម្មវិធីជួបជុំនោះ ឱ្យបានច្បាស់ជាមុនសិន ទើបជូនដំណឹងផ្លូវការនៅពេលក្រោយ៖ «យើងអាចបែងចែកជាពីរក្រុម ទីមួយយើងអាចធ្វើមុនពេលលោកប្រធានអញ្ជើញទៅ ហើយយើងនឹងជ្រើសរើស អ្នកដែលស្ម័គ្រចិត្ត អមដំណើរ លោកប្រធានតាមយន្តហោះ និងមានការដើរដង្ហែក្បួននៅកូរ៉េដើម្បីបង្ហាញសារប្រាប់ទៅពិភពលោក ឱ្យជួយគាំទ្រ ការពារដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី»។
ទោះយ៉ាងណា លោករំពឹងថា នឹងមានពលករចូលរួមច្រើនកុះករ ជាងកាលពីធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េទៅទៀត ដែលកាលណោះ មានអ្នកចូលរួមជិតមួយម៉ឺននាក់ ក្នុងចំណោមពលករខ្មែរ កំពុងធ្វើការងារនៅកូរ៉េ មានប្រមាណ ៦ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។