ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី២ ខែកុម្ភៈ ចំពេល ដែលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងសេអ៊ូល (Seoul) ដើម្បីទាមទារឱ្យមេដឹកនាំរូបកាន់អំណាចដ៏យូររូបនេះ ងាកមកស្ដារប្រជាធិបតេយ្យ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប្រធានចលនាយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យអាស៊ីសេរីដឹងថា បាតុករនឹងជួបជុំគ្នានៅទីលានជុងកាក់ (Junghak) ក្នុងតំបន់បូស៊ីងកាក់ (Bosinggak) ក្រុងសេអ៊ូល(Seoul)។ លោកថា បាតុកម្មនោះនឹងមានការដើរហែក្បួន និងលើកបដា ដើម្បីបង្ហាញទៅសាធារណជននៅក្នុងប្រទេសកូរ៉េ និងបណ្ដាភ្ញៀវអន្តរជាតិនានា ដឹងពីទង្វើរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋពីសំណាក់របបដឹកនាំដោយលោក ហ៊ុន សែន៖ «គឺការទាមទារឱ្យពលរដ្ឋកូរ៉េក៏ដូចជាអន្តរជាតិបានឃើញពីភាពផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិដែលបានបំផ្លាញនូវប្រព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ការកាប់សម្លាប់ ការរឹតត្បិតការចាប់ពលរដ្ឋខ្លួនដាក់គុក ដាក់ពន្ធនាគារ ដោយអយុត្តិធម៌នេះហើយ គឺជាបញ្ហាចម្បង ដែលយើងត្រូវផ្ដល់ឱ្យអន្តរជាតិបានឃើញពីការជិះជាន់នៃរបបលោក ហ៊ុន សែន»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឱ្យដឹងថា លោក ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃ អង្គការសហព័ន្ធសន្តិភាពសាកល នៅប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ។ ក្រៅពីចូលរួមកិច្ចប្រជុំ ជួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន សែន គ្រោងនឹងជួបជាមួយអ្នកសហគមន៍ និស្សិត និងពលករខ្មែរនៅទីនោះដែរ។
នៅក្នុងសេចក្ដីជូនដំណឹងពីបាតុកម្មបញ្ជាក់ថា ពួកគេនឹងដើរហែក្បួនទាមទារ ៥ចំណុចពីលោក ហ៊ុន សែន ទាមទារឱ្យស្ដារប្រជាធិបតេយ្យឡើងវិញឱ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទម្លាក់បទចោទលោក លោក កឹម សុខា ផ្ដល់សិទ្ធិធ្វើនយោបាយដល់ពលរដ្ឋខ្មែរគ្រប់រូប គោរពតាមការស្នើរបស់គណៈកម្មការអឺរ៉ុប និងម្ចាស់ជំនួយ និងលុបចោលគម្រោងផ្ដល់ដី៤០ហិកតារទៅឱ្យពលរដ្ឋវៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។