ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​យក​ថ្ងៃ​៣១​សីហា ធ្វើ​បាតុកម្ម​ស្នើសុំ​ដោះលែង​លោក កឹម សុខា

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ជាច្រើន​នាក់​បាន​កំណត់​យក​ថ្ងៃ​ទី​៣១ សីហា ខាងមុខ ដើម្បី​ធ្វើបាតុកម្ម​មួយ​នៅ​ពីមុខ​ស្ថានទូត​ខ្មែរ និង​ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន សហរដ្ឋអាមេរិក។ បាតុកម្ម​នេះ​ធ្វើឡើង​ចំ​ពេល​ខួប​លើក​ទី​ពីរ​ឆ្នាំ ដែល​របប​ក្រុងភ្នំពេញ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក អ៊ុង ឬទ្ធី ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២២ សីហា​ថា គោលបំណង​នៃ​បាតុកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដឹង​ថា ការ​ចាប់​លោក កឹម សុខា ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​នេះ គឺ​ខុសច្បាប់ និង​រដ្ឋធម្មនុញ្ញ ក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា ក្រុម​បាតុករ​ក៏​មាន​គម្រោង​ដង្ហែ​ញត្តិ​ទៅកាន់​ស្ថានទូត​ចិន​ផង​ដែរ ដើម្បី​ទាមទារ​ឱ្យ​ចិន​ឈប់​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន មក​កៀប​សង្កត់​ប្រទេស​កម្ពុជា៖ «ក្នុង​ខួប​នេះ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់​មែនទែន សុំ​ឱ្យ​ជួយ​ដោះស្រាយ សុំ​នាំ​កូន​ក្តី​ទៅ​កាត់ទោស​នៅ​ក្នុង​តុលាការ។ សូម្បីតែ​ចុងចោទ​ដូចជា ប្រទេស​សហរដ្ឋអាមេរិក​ដ៏​សំខាន់​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ការ​ចាប់ចង​លោក កឹម សុខា ក៏​មិនដែល​ហៅ​កូន​ក្តី​មក​កាត់ទោស ឬ​មក​សាកសួរ​ក្នុង​សវនាការ​ដែរ។ អ៊ីចឹង​បើ​ថា យើង​ចោទ​គេ​ចោទ​កូន​ក្តី​សូម​ហៅ​កូន​ក្តី​ទាំងអស់​មក​សាកសួរ​ទៅ យក​ព័ត៌មាន​ទៅ ហេតុអ្វី​ក៏​ចាប់​លោក​ប្រធាន កឹម សុខា ដាក់​ឃុំឃាំង​ហ្នឹង»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ រួចហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ក្រោយមក​លោក​បាន​ដោះលែង​ពី​ពន្ធនាគារ​មក​បន្ត​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ ដែល​មកដល់​ពេល ថ្ងៃ​២២​សីហា​នេះ​សរុប​ជិត​ពេល ២​ឆ្នាំ​ហើយ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់ លោក កឹម សុខា ពី​បទ​ក្បត់ជាតិ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ថា​លោក កឹម សុខា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​មាន​អង្គការ​ចាត់​តាំងនៅ​ពីក្រោយ​ខ្នង គឺ​សហរដ្ឋអាមេរិក។

លោក អ៊ុង ឬទ្ធី បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ​មិនមែន​មាន​តែ​នៅ​សហរដ្ឋអាមេរិក​នេះ​ទេ នៅ​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត ដូចជា​ប្រទេស បារាំង អូស្ត្រាលី និង នៅ​ទ្វីប​អឺរ៉ុប​ក៏​រៀបចំ​ធ្វើបាតុកម្ម​ដូចគ្នា​នេះ​ដែរ តែ​មិន​ទាន់​កំណត់​ថ្ងៃ​ធ្វើ​បាតុកម្ម​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។