មេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងបញ្ជាក់ជំហរថា ពួកគេនឹងដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី២០ ខែតុលា ជាទ្រង់ទ្រាយធំ ដើម្បីប្រាប់ទៅរបបក្រុងភ្នំពេញថា ពួកគេមិនខ្លាចការព្រមានរបស់មន្ត្រីបក្សកាន់អំណាចមកលើពួកគេទេ។ រីឯពលករក៏អះអាងថា នឹងចូលរួមធ្វើបាតុកម្មនេះដោយខ្លាចបាត់បង់ការងារនោះទេ។
មេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងរំពឹងថា នឹងមានបាតុករ ជាង ៣ពាន់នាក់ ចូលរួមធ្វើបាតុកម្មគាំទ្រការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។ តាមគម្រោង ក្រៅពីការដើរទាមទារតវ៉ា ក្រុមបាតុករនឹងយកញត្តិទៅដាក់នៅតាមបណ្តាស្ថានទូតនៃប្រទេសជា ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា។
ប្រធានទំនាក់ទំនងសាធារណៈនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ថា ក្រុមការងារបានចុះជួបពលករនៅតាមតំបន់មួយចំនួន ក្នុងប្រទេសកូរ៉េហើយ ក្រុមពលករបានប្រាប់ថា ពួកគេនឹងចូលរួមធ្វើបាតុកម្ម។ មេដឹកនាំបាតុកម្មរូបនេះបន្តថា ក្រៅពីមានពលករចូលរួមធ្វើបាតុកម្មនេះ ក៏មាននិស្សិត និងពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ សន្យាថា នឹងចូលរួមធ្វើបាតុកម្មជាមួយក្រុមលោកផងដែរ៖ «ក្រុមការងារយើងបានធ្វើការងារយ៉ាងសកម្មពិសេសក្នុងបរិបទដែលក្ដៅ បរិបទដែលការធ្វើមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាករណីចាំបាច់ដែលយើងជាយុវជនជាពលរដ្ឋត្រូវតែចូលរួមក្នុងការស្រោចស្រពជាតិយើង»។
ពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងម្នាក់លោក ភន ផាន់ណា ប្រាប់ថា ទោះមានការគំរាមកំហែងពីរបបក្រុងភ្នំពេញយ៉ាងណាក្តី ក៏លោកមិនខ្លាចនោះទេ។ ផ្ទុយទៅវិញលោកយល់ថា ការព្រមាននេះ រឹតតែធ្វើឱ្យលោកកាន់តែមានចិត្តក្លាហានចូលរួមធ្វើបាតុកម្មទៅវិញទេ។ ពលកររូបនេះ អំពាវនាវដល់ពលករខ្មែរផ្សេងទៀត ឱ្យចូលរួមធ្វើបាតុកម្មទាំងអស់គ្នា ដើម្បីបង្ហាញការគាំទ្រការវិលចូលស្រុករបស់លោក សម រង្ស៊ី៖ «ទោះបីជាមានការគំរាមកំហែងពីអាជ្ញាធរក្រុងភ្នំពេញយ៉ាងណាគឺពួកយើងជាពលករនៅប្រទេសកូរ៉េនេះ អត់ខ្លាចទេ កាន់តែមានការគំរាមកំហែងកាន់តែធ្វើឱ្យពួកយើងចូលរួមកាន់តែច្រើនដើម្បីឱ្យរដ្ឋាភិបាលក្រុងភ្នំពេញគាត់ស្ដារលទ្ធិប្រជាធិបតេយ្យ»។
តាមគម្រោង ក្រុមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នឹងធ្វើបាតុកម្មថ្ងៃទី២០ ខែតុលា ខាងមុខ ក្នុងគោលបំណង ទាមទារឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឡើងវិញ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងដែលជាអ្នករៀបចំធ្វើបាតុកម្មនេះឱ្យដឹងថា ក្រុមបាតុករទាមទារឱ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយសម្របសម្រួល ការធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងអំពាវនាវដល់ពលរដ្ឋខ្មែរជុំវិញពិភពលោកឱ្យចូលរួមទាំងអស់គ្នាក្នុងបេសកកម្មនេះ។
ក្រៅពីនេះ ក្រុមបាតុករ ស្នើសុំដល់រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងឱ្យចូលរួមដឹងលឺ និងជួយធ្វើសាក្សីចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅបាតុកម្មនេះថា ជាបាតុកម្មខុសច្បាប់ព្រោះប្រឆាំងនឹងរដ្ឋាភិបាល។ លោកថែមទាំងចោទប្រកាន់ការធ្វើបាតុកម្មនេះថា គឺជាការរំលោភកិច្ចកិច្ចសន្យាការងារ និងគោលការណ៍នៃការបំពេញការងារនៅក្រៅប្រទេស៖ «បាទខុសគោលការណ៍ហើយពីព្រោះយើងសម្ដែងមតិ ប៉ុន្តែមិនឱ្យធ្វើផ្ដេសផ្ដាសឯណាយើង ( ពលករ ) ទៅប្រឆាំងអ្នករកទីផ្សារឱ្យយើងធ្វើការងារអាហ្នឹងវាអត់ត្រូវ»។
ប៉ុន្តែ ពលករលោក ភន ផាន់ណា ឆ្លើបតបទៅអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះវិញថា ក្នុងកិច្ចសន្យាការងារ គ្មានចំណុចណាមួយហាមឃាត់ពលករមិនឱ្យធ្វើបាតុកម្មនោះទេ។ លោកបញ្ជាក់ថា នៅក្នុងប្រទេសប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ ឬសិទ្ធិធ្វើបាតុកម្មត្រូវបានការពារដោយច្បាប់៖ «គាត់គិតថា ពលករខ្មែរនៅកូរ៉េគោ ( សត្វគោ ) អត់ដឹងអី តាមពិតក្នុងកិច្ចសន្យាការងារគឺអត់មានច្បាប់ណាហាមអត់ឱ្យចូលរួមធ្វើបាតុកម្ម ឬការទាមទារអីទេ ពួកយើងមកកូរ៉េនេះពួកយើងសុទ្ធតែដឹងច្បាប់»។
អ្នកដឹកនាំបាតុកម្ម និងពលករនៅប្រទេសកូរ៉េខាងត្បូងលើកឡើងថា នេះមិនមែនជាលើកទី១ ទេ ដែលរបបក្រុងភ្នំពេញតែងតែចេញមុខមកព្រមាន ឬហាមឃាត់ពលករមិនឱ្យធ្វើបាតុកម្មប្រឆាំងនឹងរបបរបស់ខ្លួន ប៉ុន្តែពួកគេថា ផែនការខ្ទប់ស្កាត់ទាំងនោះតែងតែបរាជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។